ភ្នំពេញ : សមត្ថកិច្ចនគរបាលខណ្ឌចំការមន ដេញចាប់ខ្លួនបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក ២នាក់ ដែលធ្វើសកម្មភាពកាច់កម៉ូតូ ហើយ ជិះម៉ូតូរត់គេចខ្លួន ក្នុងល្បឿនយ៉ាងលឿន បណ្តាលឲ្យជ្រុលមកបុកខឿនផ្លូវ នៅ កំណាត់ផ្លូវ លេខ៣៦០ ស្ថិត ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន កាលពីវេលាម៉ោង ១០និង៣០នាទី យប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពកាច់កម៉ូតូរបស់បុរសចំណាស់ម្នាក់ តែមិន បានសម្រេច ដោយសារត្រូវម្ចាស់គេទាន់ ក៏បានជិះម៉ូតូដេញតាម ហើយស្រែកថាចោរៗ ទើបធ្វើឲ្យមាន ការភ្ញាក់ផ្អើល ដល់សមត្ថកិច្ច និងបងប្អូន ប្រជាពលរដ្ឋ នាំគ្នាដេញព័ទ្ធចាប់ ជនសង្ស័យ ដែលកំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី២០០៩ ពាក់ស្លាកលេខ កណ្តាល 1I-1951 ក្នុងបំណងរត់គេចខ្លួន តែជាអកុសល ខណៈជិះតាម បណ្តោយផ្លូវ៣៦០ ចំណុចកើតហេតុខាងលើ ដោយសារជនសង្ស័យភ័យស្លន់ស្លោរខ្លាំងពេក បានជិះម៉ូតូយ៉ាងលឿន ទៅបុកខឿនផ្លូវ ហើយត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។ 

បើតាមបុរសឈ្មោះ អ៊ុក ផាន អាយុជិត៥០ បានឲ្យដឹងថា នៅមុនពេល កើតហេតុ រូបគាត់បានចូល ហូបបង្អែមនៅម្តុំក្លឹបសូល ដោយទុកដាក់ម៉ូតូ នៅខាងក្រោយខ្នង ហើយកំពុងអង្គុយ ហូបបង្អែម ស្រាប់តែមាន ឮសម្លេង បញ្ឆេះម៉ូតូជិះចេញ ភ្លាមៗនោះ គាត់បានក្រឡេកក្រោយ ឃើញជនសង្ស័យ បានជិះម៉ូតូ គាត់ចេញទៅ ទើបគាត់ ស្រែកផ្អើលឆោឡោឡើង ព្រមទាំងបានជិះម៉ូតូអ្នកក្បែរ នោះដេញតាមរហូត មកដល់ចំណុចកើតហេតុ ខាងលើ ទើបសមត្ថកិច្ច ឃាត់ខ្លួនបាន ។

នគរបាលមូល ដ្ឋានបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ច ឃាត់ខ្លួនបានមានឈ្មោះ គង់ណារិទ្ធ អាយុ ១៧ឆ្នាំមានមុខរបរកម្មករ កាត់ដេរ នៅស្ទឹងមានជ័យ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាល ទួលស្វាយព្រៃទី១ បញ្ជូនទៅអធិការដ្ឋាន នគរបាលខណ្ឌចំការមន កសាងសំណុំរឿង ដើម្បីចាត់ការ តាមនិតិវិធីច្បាប់ ៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]