ភ្នំពេញៈ យុវជនម្នាក់ចេញពីធ្វើការ រោងចក្រយប់ ជិះម៉ូតូមួយគ្រឿង ស្រាប់តែរថយន្តធុនធំ បានបើកបុកពីក្រោយ បណ្តាលឲ្យខ្ទាតមនុស្ស ចូលទៅក្រោមរថយន្ត កិនស្លាប់នៅនឹងកន្លែង រីឯម៉ូតូខ្ទាតចេញ ពុំរងការខូចខាតនោះទេ អ្នកបើកបររថយន្ត រត់គេចខ្លួនបាត់បន្សល់ទុក រថយន្តចោលនៅនឹងកន្លែងកើតហេតុ ។ ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង២១ និង៣០នាទីយប់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយ ផ្លូវអូឌឹម ទំនប់កប់ស្រូវ ភូមិចែងមែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉ាច សីហា ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរជាកម្មក រោងចក្រកាត់ដេរ រស់នៅភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ (ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតេហេតុ ដោយស្នាមកង់រថយន្ត កិនចំពាក់ កណ្តាលខ្លួន) ជិះម៉ូតូមួយគ្រឿង ម៉ាកគ្លីកពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1BT-1163 ចំណែកឯរថយន្តបង្កម៉ាកហ៊ីយ៉ានដាយយីឌុប ពណ៌ស្លែលាយទឹកមាស ទ្រុងពណ៌ត្រាវ ពាក់ស្លាកលេខភ្នំពេញ 3B-8191 អ្នកបើកបរពុំ ត្រូវបានគេស្គាល់ ឈ្មោះនោះទេ។ បន្ទាប់ពីកើតហេតុបានរត់គេចខ្លួនបាត់ ដែលគេស្គាល់ថា ជារថយន្តដឹកសត្វគោ មកពីលក់នៅប្រទេសវៀតណាម។

នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ចេញពីធ្វើការរោងចក្រ កាត់ដេរក្នុងទិសពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធុនធំបើកមកពីក្រោយស្របទិសគ្នា គេចគ្រឡុកក៏ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យប៉ើងម៉ូតូខ្ទាតចេញទៅចិញ្ចើមផ្លូវ។ ចំណែកឯមនុស្ស វិញខ្ទាតចូលទៅក្រោយ រថយន្តកិនស្លាប់តែម្តងទៅ។ ហើយរថយន្តពុំបានឈប់នោះទេ ព្យាយាមបើកគេច ប៉ុន្តែបើកបានប្រហែលជិត១គីឡូម៉ែត្រក៏ទុករថយន្តចោល ហើយអ្នកបើករត់គេចខ្លួនទៅបាត់ ។ ភ្លាមៗនោះ នគរបាលមូលដ្ឋានបានចុះទៅដល់ កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ និងធ្វើកំណត់ហេតុ រួចប្រគល់ សាកសព ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯវត្ថុតាងទាំងពីរត្រូវប្រគល់ ទៅឲ្យនគរបាលចរាចរ និងសណ្តាប់ធ្នាប់រាជធានីយកទៅរក្សា ទុកដើម្បីរង់ចាំភាគីទាំងសង់ខាងចូលខ្លួន ទៅដោះស្រាយទៅតាមផ្លូវច្បាប់៕







     ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]