ខេត្ត​បន្ទាយ​មានជ័យ​ ៖ នារី​​វ័យ​ក្មេង​​​​ម្នាក់​ទើប​អាយុ​១៦ឆ្នាំ​ ដែលបានលង់ខ្លួនជាមួយ​បុរស​ម្នាក់នៅផ្ទះ​សំណាក់១យប់ ​​ និង​​​បាត់​ខ្លួន​​​បន្ត​ជា​ច្រើន​​​ថ្ងៃ​ពេលនេះបានត្រឡប់ទៅផ្ទះវិញ​ហើយ ។ ​មន្ត្រី​នគរ​បាល​ស្រុក​ថ្មពួក​បាន​ឲ្យដឹងថា យុវតីរូបនោះត្រូវម្តាយឪពុករកឃើញនៅ​ស្រុក​ព្រះនេត្រព្រះ​កាលពីថ្ងៃទី៦ មេសាកន្លងមក​នេះ​។

មន្ត្រីនគរបាលស្រុកបានឲ្យដឹងថា តាម​សម្តី​រៀបរាប់របស់នាង​រងគ្រោះបានប្រាប់​សមត្ថ​កិច្ច​ថា រូបនាងនិងឈ្មោះប្រាក់ ប៊ុនយ៉ត អាយុ ២៨​ឆ្នាំ នៅភូមិបន្ទាយឆ្មារខាង​ត្បូង បានស្គាល់គ្នា ខណៈ​​ពេល​បុរស​កំហូច​រូប​នោះ​ធ្វើជាចៅ​មហា​នៅ​ក្នុង​ពិធីមង្គលការបងស្រីជីដូនមួយរបស់នាង កាលពីថ្ងៃទី២៧ មីនា នៅភូមិអ្នកតា ឃុំថ្មពួក ស្រុកថ្មពួក ។ ពេលនោះនាងនិងប្រុសព្រានរូប​នោះបានឲ្យលេខទូរស័ព្ទគ្នាទៅវិញទៅមក ជាការ​រាប់អានគ្នាធម្មតាប៉ុណ្ណោះ ។

តាមការ​​រៀបរាប់​​បាន​​​​បន្ត​ថា នៅព្រឹកថ្ងៃទី២ មេសា ចៅមហា​វ័យ​ក្មេង​ឈ្មោះយ៉ត បានទូរ​ស័ព្ទ​​មករក​នាង ហើយបបួលនាងជិះម៉ូតូដើរលេង​ទៅ​ផ្សារតាប់ប្រាយ៉ា ប្រទេសថៃ ។ ពេល​នោះ​នាង​បាន​បបួល​មិត្តភក្តិ​នាង​ម្នាក់​ទៀតឈ្មោះរក្សា ទៅ​​ជាមួយ ។ ពេលទៅដល់ផ្សារថៃពួកនាង​បាន​នាំ​គ្នា​ដើរទិញអីវ៉ាន់ទាំងអស់គ្នា។ ឯឈ្មោះយ៉ត បាន អង្គុយផឹកស្រាជាមួយសង្សារមិត្តភក្តិ​នាង ឯនាង​និងឈ្មោះរក្សា នាំគ្នាដើរទិញឥវ៉ាន់បន្ត ។ លុះ ​ដល់​វេលា​ល្ងាចថ្ងៃដដែល ទើបឈ្មោះយ៉ត បាន​ឌុបនាងត្រឡប់មកវិញ តាមផ្លូវភូមិស្រែល្អ  ដោយ​នឹកស្មានថា​ប្រុសព្រាននោះឌុបមកផ្ទះ ​មែន ។ ពេលមកដល់ផ្សារថ្មី(ផ្សារថ្មពួក) មិត្តភក្តិ​នាងគេ​ចុះទៅផ្ទះ ឯ​ឈ្មោះយ៉ត ក៏ទៅអង្គុយផឹក​ស្រា​​បន្តឲ្យនាង​អង្គុយចាំរហូតដល់ព្រលប់ៗនាងតឿនឲ្យឈ្មោះយ៉តឌុបទៅផ្ទះ ។

​នាង​​​រៀបរាប់​​ប្រាប់​​​ប៉ូលិស​បន្តទៀត​ថា​ ពេល​នោះគេបើក​ម៉ូតូ​យ៉ាងលឿនសំដៅមកត្បូងវិញ​​ លុះ​មកដល់ក្រុងសិរីសោភ័ណ គេបាននាំនាង​មក​ដេកផ្ទះសំណាក់ម្កុដ​ពេជ្រ ដោយគេនិយាយលួង​លោមថា គេនឹង​ដណ្តឹង​ខ្ញុំយក​ធ្វើជាប្រពន្ធ ​។ ចំណែក​នាងមិន​ដឹងថា ប្រុសព្រានឈ្មោះយ៉ត​នោះមានប្រពន្ធ​ឬអត់ទេ ។

នារី​ដែលលង់ប្រាណបានបន្តថា លុះព្រឹក​ឡើងថ្ងៃទី៣ ខែមេសា គេបានឌុបនាងត្រឡប់​ទៅផ្ទះវិញ តែគេមិនបានឌុបនាងឲ្យដល់ផ្ទះ​នោះ​ទេ​ គឺឌុប​​នាង​មក​ដល់ត្រឹមផ្សារថ្មី ទុកនាងចោល​ហើយ​គេគេច​ខ្លួនបាត់ទៅ​ ។ ចំណែកនាងដោយ​មានការភ័យខ្លាច​ឪពុកម្តាយស្តីបន្ទោសវាយ​ធ្វើ​បាប ព្រោះ​​បាត់​ខ្លួន​​១​យប់​​ហើយ​ នាងបានគេច​ចេញ​ពីផ្ទះមួយរយៈសិន ដោយរករថយន្ត​ជិះមក​ផ្ទះ​ឪពុកធំ​នៅភូមិចក្រី​ ឃុំជប់វ៉ារី ស្រុកព្រះនេត្រ​ព្រះ ។ លុះដល់ថ្ងៃទី៦ ខែមេសា នាងក៏សម្រេច​ចិត្តផ្តល់ព័ត៌មានមកឪពុកម្តាយឱ្យ​មក​​យក​នាងត្រឡប់ទៅវិញតាមរយៈមិត្តភក្តិ​របស់​នាង។

ទាក់ទិននឹងអំពើដ៏លាមករបស់ជនជាប់​ចោទ ឪពុកម្តាយខាងនារី​រងគ្រោះបានសំណូមពរ​ដល់​សមត្ថកិច្ចស្រាវជ្រាវរកជនល្មើសឈ្មោះប្រាក់ ប៊ុនយ៉ត ចាប់យកទៅផ្តន្ទាទោសតាម​ច្បាប់ ។ ជាមួយគ្នានេះដែរ លោក​វរ​សេនីយ៍​ត្រី​យ៉ត រ៉ាយ អធិការនគរបាលស្រុកថ្មពួកបានឲ្យ​ដឹងដែរថា ​ព្រាន​នារី​រូបនេះ​ត្រូវ​លោក​កំពុង​កសាងសំណុំ​រឿងបញ្ជូនតាមនិតិវិធីច្បាប់៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]