ភ្នំពេញៈ មន្រ្តីជំនាញ បានអះអាងថា គិតត្រឹម បើកឆាក ឆ្នាំ២០១៣ រហូតមកដល់ ពេលបច្ចុប្បន្ននេះ (ប្រមាណ ៥ខែដើមឆ្នាំ) មានកុមារ ចំនួន ២៥៤១ នាក់ហើយ នៅទូទាំង ប្រទេសកម្ពុជា ដែលបានកើត ជំងឺគ្រុនឈាម ក្នុងនោះ កុមារតូចៗ ១៥នាក់ ត្រូវបានស្លាប់ បាត់បង់ជីវិត។

នាយកកម្មវិធីជាតិ ប្រយុទ្ធនឹងជំងឺគ្រុនឈាម និងជានាយករង មជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ លោកវេជ្ជបណ្ឌិត ង៉ាន់ ច័ន្ទថា បានមានប្រសាសន៍ ក្នុងយុទ្ធនាការកម្ចាត់ ជំងឺគ្រុនឈាម នៅព្រឹកថ្ងៃទី៣១ ខែឧសភាថា “ចាប់ពីឆ្នាំ២០១៣ រហូតដមកដល់ សព្វថ្ងៃនេះ មានកុមារាកុមារី ចំនួន ២៥៤១ករណី សង្ស័យ មានជំងឺគ្រុនឈាម ហើយបានមកទទួល ការព្យាបាល នៅតាម មន្ទីរពេទ្យ ដែលក្នុងនោះ កុមារចំនួន១៥នាក់ បានស្លាប់បាត់បង់ជីវិត ដែលតួលេខនេះ មានកម្រិតទាបជាង ឆ្នាំ២០១២ កន្លងទៅ ដែលមាន ៣៦៦៨ ករណី និង ស្លាប់១៧នាក់ ហើយទាបជាងឆ្នាំ២០០៧ កន្លងទៅ ដែលមាន ៤៣៣៤ករណី និងស្លាប់៥៧នាក់ នៅរយៈពេល១៩ សប្តាហ៍ដូចគ្នា” ។ លោកថា “ឆ្នាំនេះ មានការថយ ចុះប្រហែល៤៦%” ។

លោកបានបន្ថែមថា តំបន់ដែលមានកុមាររងគ្រោះ ដោយជំងឺគ្រុនឈាមធ្ងន់ធ្ងរជាងគេ នាឆ្នាំ២០១៣នេះ មានចំនួន ១១រាជធានី/ខេត្ត ក្នុងនោះមាន រាជធានីភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ កណ្តាល កំពង់ចាម កំពង់ស្ពឺ កំពង់ធំ តាកែវ ក្រចេះ និងព្រៃវែងជាដើម ដែលការរាតត្បាតនោះ មានលក្ខណៈ ប្រមូលផ្តុំ និង កន្លែងខ្លះទៀត មានលក្ខណៈរាយប៉ាយ ដែលជាការពិបាក ក្នុងការឆ្លើយតប ។

លោកបានបញ្ជាក់ថា ក្នុងមួយឆ្នាំៗ មានកុមារជាង ១២ពាន់នាក់ បានទទួលរងគ្រោះ ដោយជំងឺគ្រុនឈាម ហើយបានមក ទទួលការព្យាបាល នៅតាមសេវាសាធារណៈ ដែលក្នុងនោះ មានកុមាជាង ១០០នាក់ បានស្លាប់ រៀងរាល់ឆ្នាំ។ ប៉ុន្តែទោះជាយ៉ាងណា នៅដើមឆ្នាំ២០១៣នេះ លោកបានបញ្ជាក់ថា ជំងឺគ្រុនឈាម ក្នុងប្រទេស កម្ពុជា មានលក្ខណៈល្អប្រសើរហើយ ប៉ុន្តែស្ថិតក្នុងស្ថានភាពមួយ អាសន្ននៅឡើយ ។ លោកបាន ជំរុញ ឱ្យប្រជាពលរដ្ឋទាំងអស់ ប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារកុំឱ្យមានជំរកមូស ពីព្រោះថា ដល់រដូវដែលមូសចម្លង ជំងឺគ្រុនឈាមហើយ ៕

ដោយៈដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]