កំពត៖ គ្រាដែលបាតុភូតធម្មជាតិកំពុងប្រែប្រួល និងកាចសាហាវពីមួយឆ្នាំទៅមួយនោះ កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៣ ខ្យល់កន្ត្រាក់ លាយឡំជាមួយភ្លៀង មួយមេធំ បានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ៩២ខ្នង រងការខូច ខាត និងរងរបួសមនុស្ស ៥នាក់ ងាប់គោ ៤ក្បាល ក្នុងឃុំចំនួន ៤ នៃស្រុកដងទង់ ខេត្តកំពត។

បើតាមការរៀបរាប់ពីសមត្ថកិច្ចស្រុកដងទង់ បានឲ្យដឹងថា នៅវេលាម៉ោង ២-៣រសៀលម្សិលមិញនេះ ភ្លៀង លាយឡំ ជាមួយខ្យល់កន្ត្រាក់មួយមេធំ បានបោកបក់ក្នុងបណ្តាឃុំចំនួន៤ នៅស្រុកដងទង់ បណ្តាលឲ្យផ្ទះប្រជា ពលរដ្ឋ ១៣ខ្នងត្រូវដួលរលំខូចខាតទាំងស្រុង ដោយឡែកផ្ទះ ៧៩ខ្នងផ្សេងទៀតរងផលប៉ះពាល់ ដោយខ្លះប៉ើង ដំបូល និងរប៉ើកជញ្ជាំងជាដើម។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ៤នាក់ បានរងរបួសស្រាល និងម្នាក់ទៀត រងរបួស ធ្ងន់កំពុងបញ្ជូនទៅសង្រ្គោះនៅរាជធានីភ្នំពេញ។

ខ្យល់កន្ត្រាក់ និងភ្លៀង ដែលកើតឡើងនៅក្នុងឃុំដងទង់ ខ្ជាយខាងជើង ខ្ជាយខាងត្បូង និងអង្គខ្ជាយនេះ ក៏បាន បណ្តាលឲ្យគោ ៤ក្បាលងាប់ផងដែរ។

តែទោះបីជាយ៉ាងណា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣នេះ អាជ្ញាធរស្រុក ក៏ដូចជាមន្រ្តីកាកបាទក្រហម ខេត្ត បាននាំយកអំណោយសង្រ្គោះនានា ទៅជូនប្រជាពលរដ្ឋ ក៏ដូចជារៀបចំចាត់ចែងធ្វើកន្លែងស្នាក់បណ្តោះអា សន្នជូនពលរដ្ឋរងគ្រោះរួចរាល់ហើយផងដែរ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]