ភ្នំពេញ : ជនសង្ស័យ ៣នាក់ ត្រូវកម្លាំងនគរបាល ស្ទឹងមានជ័យធ្វើការស្រាវជ្រាវ និង ឃាត់ខ្លួនបានជា បន្តបន្ទាប់ បន្ទាប់ពីក្រុមជនសង្ស័យ ធ្វើសកម្មភាព គាស់បង្អួច លួចយកទ្រព្យសម្បត្តិរបស់ មន្រ្តីពេទ្យយោធា កាលពីម៉ោង ១រំលងអាធ្រាត្រ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅចំណុចក្រុមទី៩ ភូមិប្ញស្សី សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

នាយនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន បានឲ្យដឹងថា យោងតាម ពាក្យបណ្តឹង របស់ជនរង គ្រោះ ឈ្មោះ ហេង វីរ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ ដែលជាម្ចាស់ផ្ទះកើតហេតុ ទើបលោកដាក់កម្លាំងចុះ ស្រាវជ្រាវ ឈានទៅឃាត់ខ្លួន ជនសង្ស័យបានជាបន្តបន្ទាប់។

ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ ១-ផាន ភារម្យ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅផ្ទះជួល ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ , ទី២-ឈ្មោះ ផាន ពៅ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅ បងប្រុសរបស់ ផាន ភារម្យ និងទី៣-ឈ្មោះ គង់ ពយ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរ និងទីលំនៅមិន ពិតប្រាកដ ក្នុងរាជធានីភ្នំពេញ ។

នាយនគរបាលប៉ុស្តិ៍ លោក ម៉ៅសាវឿន បានបញ្ជាក់ថា នៅយប់ថ្ងៃទី២៥ ខែឧសភា ជនសង្ស័យឈ្មោះ គង់ ពយ រួម និងផាន ភារម្យ បានធ្វើសកម្មភាពគាស់បង្អួចផ្ទះរបស់មន្រ្តីពេទ្យយោធា ស្ថិតនៅភូមិប្ញស្សី សង្កាត់ស្ទឹង មានជ័យ ដោយយកបានទ្រព្យសម្បត្តិ មួយចំនួន ។ ក្រោយពីលួច បានហើយ ជនសង្ស័យទាំង ២នាក់ បានយក ទ្រព្យសម្បត្តិ ទាំងទៅទុកនៅផ្ទះរបស់ ផាន ភារម្យ ដែលមានឈ្មោះ ផាន ពៅ ដឬលជាបងប្រុសរបស់ ផាន ភារម្យ កំពង់រង់ចាំបើក ទ្វារទទួលជាស្រេច។

នាយនគរបាលប៉ុស្តិ៍ លោក ម៉ៅ សាវឿន បានឲ្យដឹងទៀត ថា យោងតាមការស្រាវជ្រាវ នៅថ្ងៃទី២៨ ខែឧសភា កម្លាំងរបស់លោក បានធ្វើ ការឃាត់ខ្លួនឈ្មោះ ផាន ភារម្យ និងឈ្មោះ ផាន ពៅ នៅក្នុងផ្ទះជួល ក្នុងភូមិប្ញស្សី មកសាកសួរ និងនៅថ្ងៃទី២៩ ឧសភានេះ តាមការសារភាព របស់ជនសង្ស័យពីរនាក់បងប្អូន កម្លាំង របស់លោក បានឈានទៅឃាត់ខ្លួន មេខ្លោង ឈ្មោះ គង់ ពយ និងដកហូតវត្ថុតាងជាច្រើន រួមមាន ម៉ូតូសេ១០០ ពណ៌ព្រីងទុំ គ្មានស្លាកលេខ មួយគ្រឿង, ក្បាលវីស៊ីឌី ចំនួន២គ្រឿង, តួកាំភ្លើងខ្លី ១ , គ្រាប់ ចំនួន៣គ្រាប់ ស្រោមកាំភ្លើងខ្លី ១ រូបចម្លាក់ធ្វើអំពីឈើ ចំនួន១ និងឧបករណ៍សម្ភារ:ពេទ្យមួយ ចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]