មនុស្សស្រី ខ្លាចម្ជុល តែបែរជាហ៊ានសម្លាប់ខ្លួន ដោយមិនញញើត? តើពួកគេ ពិតជាទន់ជ្រាយ?

//s9.kh1.co/61/6162c4d83dde2272bd27576fe6e65fbc919291d1.jpg
ប្រលោមលោក & អប់រំ

 ១៣-កញ្ញា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

នារីស្រស់ស្អាត ដែលគ្រប់គ្នាមើលឃើញថា ជាស្រីទន់ខ្សោយ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា នាងព្យាយាមសម្លាប់ខ្លួនឯង ដោយមិនញញើតដៃសោះឬយ៉ាងណា? តើក្នុងពេលនោះ នាងកំពុងតែគិតពីអ្វី ទើបហ៊ានសម្លាប់ខ្លួនឯង?

យល់ដឹង ៖ បើតាមរបាយការណ៍ ពីករណីការធ្វើអត្តឃាត ក្នុងរយៈពេលកន្លងមកនេះ ឃើញសង្កេតឃើញថាភាគច្រើន ជានារីស្រស់ស្អាត ដែលគ្រប់គ្នាមើលឃើញថា ជាស្រីទន់ខ្សោយ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា ...

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តើនាងព្យាយាមសម្លាប់ខ្លួនឯង ដោយមិនញញើតដៃសោះឬយ៉ាងណា?

តើក្នុងពេលនោះ នាងកំពុងតែគិតពីអ្វី ទើបហ៊ានសម្លាប់ខ្លួនឯង?

រូបតំណាង
រូបតំណាង

នេះបើតាមការសិក្សាស្រាវជ្រាវ ផ្នែកចិត្តសាស្រ្ត ហេតុការណ៍ទាំងនេះ អាចកើតមានឡើង ចំពោះមនុស្សដែលមានបញ្ហាផ្លូវចិត្ត ផ្លូវអារម្មណ៍ធ្ងន់ធ្ងរ ដូចជាអ្នកមានជម្ងឺធ្លាក់ទឹកចិត្ត និងថប់អារម្មណ៍ជាដើម ។ល។ ប៉ុន្តែបើនិយាយងាយៗ គឺវាកើតឡើងនៅពេលដែល មនុស្សម្នាក់នោះ ជួបរឿងខកបំណងខ្លាំងក្នុងជីវិត ចៃដន្យពួកគេជាមនុស្សដែលមានសភាពផ្លូវចិត្ត ទន់ខ្សោយ ធ្វើឲ្យគំនិតអវិជ្ជមាន គ្រប់គ្រងលើខ្លួនពួកគេបានយ៉ាងងាយ។ ហើយបើក្នុងពេលនោះ ពួកគេទទួលរងនូវសម្ពាធ ទាំងខាងក្រៅ និងខាងក្នុងចិត្តទៀតនោះ វារឹតតែធ្ងន់ធ្ងរ ដែលជាការជម្រុញចិត្ត ឲ្យពួកគេមិនអាចគិតអ្វីផ្សេងទៀតបាន ក្រៅតែពីសេចក្ដីស្លាប់ ដែលវាហាក់ដូចជា កន្លែងបំបាត់ទុក្ខសម្រាប់ពួកគេ យ៉ាងដូច្នោះដែរ។

សេចក្ដីស្លាប់ ដែលមនុស្សធម្មតាគិតថា វាគួរឲ្យខ្លាច ប៉ុន្តែនៅពេលដែលភាពអវិជ្ជមាន គ្របដណ្ដប់លើផ្លូវចិត្តរបស់ពួកគេទាំងស្រុង អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ការរស់នៅប្រឈមមុខនឹងការពិត ការបើកភ្នែកឡើង ដែលពោរពេញដោយសេចក្ដីទុក្ខ គ្មានអ្នកណាម្នាក់អាចយល់បាន នោះទើបជាអ្វីដែលគួរឲ្យខ្លាចសម្រាប់ពួកគេ។

ហេតុអ្វីបានជាពួកគេ ធ្លាក់ខ្លួនទៅក្នុងសភាពបែបនោះ?

រូបតំណាង
រូបតំណាង

នៅពេលដែលសភាពផ្លូវចិត្តរបស់ពួកគេ រងនូវការប៉ះទង្គិចខ្លាំង វាបានធ្វើឲ្យគំនិតវិជ្ជមាន នៅក្នុងចិត្តរបស់ពួកគេ ស្រាប់តែគាប់គាំងមួយរំពិច លែងដំណើរការ ជាឪកាសល្អផ្ដល់ឲ្យគំនិតអវិជ្ជមាន ឈានជើងចូលមកគ្របដណ្ដប់ផ្លូវចិត្ត បន្តិចម្ដងៗ រហូតចូលបានទាំងស្រុងតែម្ដង ប្រសិនបើពួកគេ រកផ្លូវចាកចេញមិនឃើញ។

នោះជាពេលដែលពួកគេ មើលលែងឃើញភាពវិជ្ជមានក្នុងជីវិត និងសូម្បីតែចំណុចល្អរបស់ខ្លួនឯង ក៏មើលលែងឃើញដែរ ទើបសម្រេចចិត្តធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលសូម្បីតែខ្លួនពួកគេផ្ទាល់ ក៏សឹងតែនឹកស្មានមិនដល់ថា ពួកគេហ៊ានធ្វើវា «នោះគឺការសម្លាប់ខ្លួន»

ជាទូទៅ មនុស្សដែលទទួលរងនូវ ការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ភាគច្រើនបំផុតគឺជាមនុស្ស ទទួលរងនូវ «ការវាយប្រហារខ្លាំងពីអ្នកដទៃផង និងពីខ្លួនឯងផង»

ការវាយប្រហារខ្លាំងពីអ្នកដទៃ មានដូចជា ការត្រូវមនុស្សជាច្រើន ទម្លាក់សម្ពាធទៅលើ ដោយចេតនា និងអចេតនា ក្នុងរូបភាពដូចជា ការស្ដីបន្ទោសទៅលើពួកគេ ទាំងមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ ការវាយតម្លៃទៅលើពួកគេ ទាំងមិនទាន់ដឹងពីហេតុការច្បាស់ ការក្លែងបន្លំធ្វើជាយល់ចិត្តពួកគេ ប៉ុន្តែបែរជាទុកពួកគេចោល និងផ្សេងៗទៀតជាដើម។

រូបតំណាង
រូបតំណាង

ជាក់ស្ដែង បន្ទាប់ពីឆ្លងកាត់ការខកចិត្ត ខកបំណង ដែលបណ្ដាលមកពី ក្ដីរំពឹងខ្ពស់ពេក តែទទួលបានលទ្ធផល មិនសមបំណង ធ្វើឲ្យពួកគេខកចិត្តណាស់ទៅហើយ។ នៅពេលដែលបង្ហាញវាចេញមក ពួកគេរមែងទទួលបាននូវ មតិ ក៏ដូចជាការព្រឹក្សាយោបល់ ដែលមិនសមប្រកបទៀត នោះហើយជាការជម្រុញចិត្ត ឲ្យពួកគេកាន់តែមានគំនិត ឃ្លាតឆ្ងាយពីពិភពលោក។ ហាក់ដូចជាពិភពលោកនេះ មិនសាកសមនឹងពួកគេ។ ពិភពលោកនេះ មិនយល់ពីទុក្ខលំបាករបស់ពួកគេ យ៉ាងដូច្នោះដែរ។

សរុបខ្លីៗ កត្តាធំៗចម្បង គឺការរំពឹងទុកខ្ពស់ពេក និងការខិតខំប្រឹងប្រែងខ្លាំងពេក ហើយមិនទទួលបានដូចបំណង។ បន្ទាប់ពីខកបំណង ខ្លួនឯងក៏បន្ទោសខ្លួនឯង អ្នកដទៃជុំវិញខ្លួនក៏ស្ដីបន្ទោសបន្ថែម មនុស្សជិតស្និទក៏ធ្វើជាមិនដឹងមិនលឺ ឬមិនខ្វល់តែម្ដង។

ដូច្នេះហើយ នៅរំពេចនោះ ពួកគេស្រាប់តែទទួលអារម្មណ៍ថា បាត់បង់អ្វីៗគ្រប់យ៉ាងក្នុងជីវិត ទៅជាមួយនឹង រឿងដែលពួកគេបរាជ័យនោះតែម្ដង។

អ្នកកំពុងបន្ទោសពួកគេថា ទន់ជ្រាយមែនទេ?

រូបតំណាង
រូបតំណាង

អត់ទេ! ក្នុងកំឡុងពេលបែបនោះ ពួកគេបានព្យាយាមណាស់ ក្នុងការរើបម្រាស់ចេញពីភាពអវិជ្ជមាន។

អ្នកអាចនឹងឃើញ ពួកគេព្យាយាមស្នើសុំជំនួយ ពីមនុស្សដែលទុកចិត្តបំផុត ពួកគេព្យាយាមបង្ហាញវាចេញ តាមរយៈពាក្យសម្ដី ទង្វើ និងសកម្មភាពប្លែកៗមួយចំនួន។

វាជាពេលដែលអ្នក មិនគួរស្ដីបន្ទោសទៅលើពួកគេ ផ្ទុយទៅវិញ អ្នកគួរតែលួងលោម ហើយផ្ដល់ឲ្យពួកគេ នូវគោលដៅថ្មី ក៏ដូចជាហេតុផលថ្មីមួយ សម្រាប់ការរស់នៅបន្ត បើទោះបីជាជីវិតរបស់ពួកគេ ​ទទួលរងនូវការឈឺចាប់ខ្លាំងក៏ដោយ។

វាប្រាកដជាមាន ហេតុផលមួយផ្សេងទៀត ដែលធ្វើឲ្យពួកគេ គិតហើយមានគំនិតចង់រស់បន្ត។

ការជួយពួកគេឲ្យគិតឃើញ ពីគោលដៅថ្មី និងហេតុផលថ្មីនេះ ជាកម្លាំងចិត្តដ៏ត្រឹមត្រូវ ដែលលើសពីពាក្យថា «កុំគិតច្រើន» … ។

ពាក្យថា «កុំគិតច្រើន» របស់អ្នក អាចនឹងជម្រុញពួកគេ ទៅរកសេចក្ដីស្លាប់បានកាន់តែលឿន ប្រសិនបើអ្នក មិនបានយកចិត្តទុកដាក់ ទៅលើពួកគេដូចដែលអ្នកនិយាយ ពិសេសក្នុងពេលដែលពួកគេ កំពុងសុំជំនួយពីអ្នក។

ពាក្យថា «កុំគិតច្រើន» វាអាចជាការកាត់សម្ដី មិនឲ្យពួកគេបន្តប្រាប់អ្នក អំពីបញ្ហារបស់ពួកគេ ដែលវារឹតតែធ្វើឲ្យពួកគេ កាន់តែអស់សង្ឃឹមនឹងមិត្តភាព ហើយជ្រើសរើសយកការចាកចេញ ដោយមិនសោកស្ដាយ ព្រោះគិតថាគ្មានអ្នកណាយល់ពីពួកគេឡើយ។

រូបតំណាង
រូបតំណាង

មានមនុស្សជាច្រើននិយាយថា ការដាស់សតិមនុស្សដែលចង់សម្លាប់ខ្លួន វាជារឿងលំបាកមួយ ប្រសិនបើពួកគេ មិនចង់រស់។ ប៉ុន្តែសូមព្យាយាមឲ្យអស់ពីលទ្ធភាព មុននឹងបណ្ដោយឲ្យពួកគេស្លាប់ ទៅតាមកម្ម។

ការស្វែងរកហេតុផលណាមួយ ដើម្បីរស់បន្ត បើទោះបីជាការរស់នៅ ទទួលរងនូវការឈឺចាប់ វាពិតជាពិបាក សម្រាប់មនុស្សដែលចង់ស្លាប់ទៅហើយ។ ប៉ុន្តែក្នុងនាមជាមិត្តម្នាក់ អ្នកគួរតែរម្លឹកពួកគេ ឲ្យគិតពីអ្វីដែលពួកគេចង់ធ្វើ និងបន្តបង្ហាញ ភាពសំខាន់របស់ពួកគេ ចំពោះពិភពលោកមួយនេះ។

អ្វីខ្លះ អាចជាហេតុផល ធ្វើឲ្យពួកគេចង់រស់បន្ត?

សេចក្ដីស្រលាញ់ សេចក្ដីអាណិតអាសូរ មហិច្ឆិតា និងការស្រលាញ់ខ្លួនឯង ជាដើម។

ប្រសិនបើអ្នកធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ រហូតមិនអាចរកឃើញ ហេតុផលក្នុងការរស់នៅបន្តនោះទេ ឬមួយក៏អ្នកស្រាប់តែបាត់បង់ ភាពវិជ្ជមានក្នុងជីវិតទាំងស្រុង សូមកុំស្ដាប់ចម្រៀងដែលនិយាយពីការបាត់បង់ ឬការដែលត្រូវគេបោះបង់ចោល។

ផ្ទុយទៅវិញ អ្នកគួរតែស្ដាប់ចម្រៀង ដែលបង្ហាញពីការក្រោកឈរឡើងរបស់អ្នកដែលទន់ខ្សោយ បើទោះបីជាពិភពលោកនេះ គ្មានកន្លែងល្អសម្រាប់អ្នក ប៉ុន្តែមហិច្ឆិតារបស់អ្នក គឺនៅតែមាន។ មហិច្ឆិតាដែលប្រឹងក្រោកឡើង ប្រឆាំងនឹងការឈឺចាប់ដែលកំពុងតែមាន។

កុំព្យាយាមគិតថា ធ្វើឲ្យអ្នកណាម្នាក់សោកស្ដាយរូបអ្នក នៅពេលដែលអ្នកស្លាប់បាត់ទៅ ប៉ុន្តែអ្នកគួរតែរស់នៅឲ្យបានល្អបំផុត ដើម្បីឲ្យគេឃើញពីភាពអស្ចារ្យរបស់អ្នក។

បើសិនអ្នកគិតថា​ អ្នកកំពុងតែបាត់បង់គ្រប់យ៉ាង ឬអ្នករកមិនឃើញពីចំណុចល្អរបស់ខ្លួនឯង សូម្បីតែបន្តិចសោះនោះ ដូច្នេះសូមអ្នកប្រើភាពសោកសៅ និងភាពឯការបស់អ្នក ជាបទពិសោធន៍ ហើយព្យាយាមផ្ដល់ឲ្យអ្នកដទៃ នូវអ្វីដែលអ្នកតែងតែចង់បានពីអ្នកដទៃ។

ឧទាហរណ៍ដូចជា ៖ បើអ្នកឆ្លងកាត់ ការគេងយំតែម្នាក់ឯង ការដោះស្រាយបញ្ហាតែម្នាក់ឯង ដូច្នេះអ្នកប្រាកដជាយល់ថា តើវាឯការ និងពិបាកប៉ុណ្ណា? 

ចូរអ្នកលួងលោម អ្នកណាម្នាក់ដែលជួបបញ្ហាដូចជាអ្នក ធ្វើឲ្យពួកគេទទួលអារម្មណ៍ថា ពួកគេមានសំណាង ដែលមានអ្នកជាមិត្ត។

ជាការពិតណាស់ នៅពេលដែលអ្នកបានជួយអ្នកដទៃ ស្ដាប់បញ្ហារបស់អ្នកដទៃ ហើយផ្ដល់សេចក្ដីស្រលាញ់ ការអាណិតអាសូរទៅដល់អ្នកដទៃ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថា ខ្លួនអ្នកមានតម្លៃជាងមុន។

ហេតុអ្វី? ព្រោះយ៉ាងហោចណាស់ អ្នកអាចធ្វើឲ្យអ្នកណាម្នាក់ មានភាពរីករាយ ចំពោះវត្តមានរបស់អ្នក ក្នុងជីវិតរបស់ពួកគេ។

រូបតំណាង
រូបតំណាង

នៅពេលដែលអ្នកមានអារម្មណ៍ថា ខ្លួនឯងថោកទាបបំផុត ចង់ស្លាប់ខ្លាំងបំផុត ចូរអ្នកសម្លឹងមើលអ្នកណាម្នាក់ ដែលព្យាយាមរស់ខ្លាំងបំផុត ដូចជា ក្មេងកំព្រា ជនពិការ ។ល។

តើពួកគេលំបាកយ៉ាងណាដើម្បីរស់? បើសិនជាអ្នកមិនអាចធ្វើឲ្យខ្លួនឯងមានសេចក្ដីសុខ មិនអាចធ្វើឲ្យខ្លួនឯង ក្លាយជាមនុស្សមានសំណាងនោះទេ ដូច្នេះហេតុអ្វីបានជា អ្នកមិនព្រមធ្វើឲ្យអ្នកដទៃមានក្ដីសុខ? ហេតុអ្វីបានជា អ្នកមិនព្រមធ្វើឲ្យអ្នកដទៃមានសំណាង ដែលបានស្គាល់អ្នក?

អ្នកណាម្នាក់ដែលបានបោះបង់អ្នកចោល នោះក៏ព្រោះតែគេ មើលមិនឃើញពីតម្លៃរបស់អ្នក ប៉ុន្តែអ្នកមិនអាច មើលរំលងតម្លៃរបស់ខ្លួនឯងឡើយ។

អ្នកអាចជាមនុស្សដ៏គួរឲ្យធុញទ្រាន់ សម្រាប់មនុស្សដែលបោះបង់អ្នក ប៉ុន្តែអ្នកអាចជាទេពធីតាដ៏ស្រស់ស្អាត និងចិត្តល្អបំផុត របស់ក្មេងៗជាច្រើន ដែលអ្នកបានជួយ។

កុំរស់នៅដូចជាព្រះនាង រង់ចាំអ្នកណាមកផ្គាប់ចិត្ត គួរតែរស់នៅដូចជាទេពធីតា ដែលតែងតែផ្ដល់ឲ្យអ្នកដទៃ នូវអ្វីដែលខ្លួនធ្លាប់មិនធ្លាប់ទទួលបាន ព្រោះអ្នកប្រាកដជាយល់ច្បាស់ ពីការរស់នៅដោយគ្មានរបស់ទាំងនោះ!

នារីដ៏ស្រស់ស្អាត សូមប្រើសម្រស់របស់អ្នកឲ្យមានតម្លៃ សាកសមនឹងអ្វីដែលឪពុកម្ដាយរបស់អ្នក បានផ្ដល់ឲ្យ!

រូបតំណាង
រូបតំណាង
Khiev Somonthaneath
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T