ព្រះសីហនុ៖ ករណីចោរកាច់កម៉ូតូបានកើតឡើងទៀត ហើយ នៅកណ្តាលក្រុងព្រះសីហនុ ជាពិសេសចំពេល ដែលសមត្ថកិច្ចកំពុងយាមកាមយ៉ាងតឹងរឹងក្នុងក្រុង ដើម្បីការពារដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីកម្ពុជាទៅកាន់តែខេត្តជាប់ឆ្នេរសមុទ្រមួយនេះ។

សកម្មភាពចោរកាច់កម៉ូតូនេះ បានកើតឡើងកាលពីយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ វេលាម៉ោង២២ និង៣០ នាទី នៅបណ្តោយឆ្នេរសមុទ្រអូរឈើទាល ត្រង់ចំណុចបន្ទាយកងរាជអាវុធហត្ថចាស់ ក្នុងសង្កាត់លេខ៤ ក្រុងខេត្ត ព្រះសីហនុ។

តាមសាក្សីនៅកន្លែងកើតហេតុបានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ម៉ូតូដែលត្រូវចោរលួចយកទៅនោះ ម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៩ ពណ៌ព្រីងទំ ស្លាកលេខ ព្រះសីហនុ 1C-6424 មានម្ចាស់ឈ្មោះ ហ៊ឹម សុធី  ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិ១ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មុខរបរចុងភៅនៅហាងបារាំង ឆ្នេរអូរឈើទាល និងប្តីឈ្មោះ វុធ មុខរបរបុគ្គលិកនៅហាងបារាំងជាមួយគ្នា។

សាក្សីបានបន្តទៀតថា ម្ចាស់ម៉ូតូពីរនាក់ប្តីប្រពន្ធនេះ ជានិច្ចកាលតែងតែប្រុងប្រយ័ត្នណាស់ចំពោះម៉ូតូរបស់ខ្លួននៅ ពេលមកធ្វើការនៅហាងបារាំងម្តងៗ តែងតែចាក់សោរត្រឹមត្រូវមិនដែលធ្វេសប្រហែសឡើយ ប៉ុន្តែជៀសមិនរួចពី ការបាត់បង់ដដែល។ ក្នុងម៉ូតូដែលបាត់នោះមានទាំងកាតគ្រី ទើបតែធ្វើស្លាកលេខហើយថ្មីៗទៅជាមួយផងដែរ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ យបើកើតហេតុនោះ ជាយប់ដែលសមត្ថកិច្ចគ្រប់ស្ថាប័ន កំពុងយាមតាមគោលដៅ ពាស ពេញទូទាំងក្រុង ដើម្បីការពារសុវត្ថិភាពជូនសម្តេចតេជោ ដែលនឹងអញ្ជើញមកចូលរួមក្នុងកម្មវិធីទិវាពលកម្ម អន្តរជាតិ ១ ឧសភា នៅក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នៅពេលដែលមានការឆោrឡោឡើងប្រជាពលរដ្ឋដែលរកស៊ីនៅតំបន់នោះ បាននាំគ្នារអ៊ូរទាំថា តំបន់នេះមិនដឹង ជាស្អីទេ មានបញ្ហារាល់ថ្ងៃ ជាពិសេសពួកចោរតែងតែដើរលូចរបស់របរភ្ញៀវ ដែលមកសម្រាកកម្សាន្តងូតទឹក សមុទ្រលេងជារៀងរាល់ថ្ងៃ មិនដែលឃើញសមត្ថកិច្ចមានវិធានការបោសសំអាតឡើយ។

ក្រុមម៉ូតូឌុបនៅតំបន់នោះក៏បានពោលប្រហាក់ប្រហែល និងក្រុមអ្នករកស៊ីទាំងនោះដែរថា ពួកគាត់មិនហ៊ានចូល ក្នុងតំបន់នោះទុកម៉ូតូចោល ហើយដើរហៅម៉ូយដូចពីមុនឡើយ ពួកគាត់សុខចិត្តប្រមូលផ្តុំគ្នាជាក្រុមនៅខាងក្រៅ ជាប់ផ្លូវ កៅស៊ូ ហើយស្រែកហៅម៉ូយ ដែលដើរចេញពីក្នុងតំបន់ឆ្នេរនោះវិញវាល្អរជាង ព្រោះកាលពីប៉ុន្មានថ្ងៃមុន នោះមានគ្នា របស់គាត់ម្នាក់ ឈ្មោះ សេង វ៉ាន់នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិ៤ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ ត្រូវបានជនសង្ស័យចំនួន ៣នាក់ លូចយកទៅបាត់ ប៉ុន្តែដោយពួកគាត់មាន គ្នាច្រើនក៏បានចែកផ្លូវគ្នា តាមស្កាត់រកគ្រប់ទីកន្លែង ប្រហែលជា៣ម៉ោងក្រោយមកគ្នាគាត់ បានប្រទះជនសង្ស័យ កំពុងឌុបគ្នាទាំងបីនាក់ បាន ព្រួតគ្នាចេញចាប់ប្រគល់ឲ្យសមត្ថកិច្ចបានចំនួន២នាក់ផងដែរ។

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ នៅចំណុចមុខផ្សារឃ្លាំងលើក្នុងសង្កាត់លេខ១ ក៏មានករណីកាច់កម៉ូតូសង់ សេ១២៥ មួយគ្រឿង និងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ នៅចំណុចហាងបារាំងឈ្មោះ LED ZYPHER ស្ថិតនៅ ផ្លូវទៅកំពង់ផែទេសចរណ៍ពយតាមូង ក្នុងសង្កាត់លេខ៤ ក៏មានករណីកាច់ករម៉ូតូម៉ាក Airblade 2012 របស់បុគ្គ លិកហាងខាងលើនេះដែរ ដែលចំណុចនេះនៅក្បែរនឹងចំណុចកំពុងតែបាត់នេះ ប្រហែលជាបីរយម៉ែត្រប៉ុណ្ណោះ នៅ ទល់មុខហាងបារាំងនេះ ក៏មានប៉ុស្តិ៍នគរបាលមួយផងដែរ ។

បច្ចុប្បន្ននេះប្រជាពលរដ្ឋកំពុងតាមដានមើលចំណាត់ការរបស់សមត្ថកិច្ច ក្នុងការកម្ចាត់ចោហារយទាំងនេះ ទាំង ចោរ កាច់កម៉ូតូ ទាំងចោរលួចតាមឆ្នេរសមុទ្រ ទាំងចោរឆក់តាមផ្លូវផងដែរ៕





ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]