ព្រះសីហនុ៖ កាលពីព្រលប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ វេលម៉ោង២០ និង២៥នាទី មានគ្រោះថ្នាក់ ចរាចរណ៍មួយ កើតឡើង នៅលើដង ផ្លូវឯករាជ្យ ចំណុច អូរសំអាត ស្ថិតនៅក្រុមទី១២ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បង្កដោយជនជាតិ អាឡឺម៉ង់បើកបរ ទាំងស្រវឹង ឈ្មោះ Scafati Mario ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរទេសចរណ៍ រយៈពេលវែង មានលិខិតឆ្លងដែនលេខ D643816347 ទិដ្ឋការលេខEI 00501415 ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ ផុតកំណត់ថ្ងៃទី០២ ខែកុម្ភះ ឆ្នាំ២០១៤ ចូលតាមច្រកអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) បើកម៉ូតូធុនធំម៉ាក Rebel (អាឆ្កែ) ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ព្រះសីហនុ 1E-0607 រងរបួសធ្ងន់បាក់ដៃស្តាំ និងបែកក្បាល ផ្នែកខាងក្រោយ ខណៈពេលដែលម៉ូតូ របស់ខ្លួនកំពុង តែចុះពីចំណត និងស្ថិតនៅក្រោម ឥទ្ធិពលគ្រឿង ស្រវឹងផងនោះ ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង ដោយសារតែ ជនបរទេសរូបនេះ មិនអាចគ្រប់គ្រង ស្ថានការណ៍បាន ក៏បុកចំពាក់ កណ្តាលម៉ូតូ សេ១២៥ ពណ៌ខ្មៅ ផ្នែកខាងស្តាំ ពេញទំហឹង ចំជើង អ្នកបើកបរ ខណៈពេលដែល ម៉ូតូសង់សេ១២៥ បានបើក បញ្រ្ចាសទិសគ្នា រួចបត់កាត់ពីមុខម៉ូតូ ជនបរទេស សំដៅទៅរោងប្រជាការពារ នៅក្បែរនោះ ដែលកំពុង ជប់លាងសម្ពោធ ដាក់ឲ្យប្រើប្រាស់ ដោយអាជ្ញាធរ សាលាសង្កាត់លេខ៣ ។

សាក្សីដែលឃើញ ហេតុការណ៍នោះបាន និយាយប្រាប់ថា ពេលដែលបុកគ្នាភ្លាមៗ នោះគេសង្កេតឃើញ ជនរងគ្រោះដែលបើកបរ ម៉ូតូសេ១២៥បាន ប៉ើងខ្ទាតហើរដូចស្លឹក កណ្តបបោកក្បាល និងថ្នល់ទៅក្រោម រថយន្តដែលចតនៅក្បែរនោះ សន្លប់បាត់មាត់បាត់ករ ឈឹងតែម្តង ហើយគេឃើញ ម្រាមជើងទាំងប្រាំ របស់ជនរងគ្រោះដាច់ ចេញខ្ទាតពេញលើម៉ូតូ របស់ខ្លួនទាំងអស់គួរ ឲ្យស្រាវសាច់គ្រប់ៗគ្នា ។

បន្ទាប់មកគេក៏បាន ទាក់ទងទៅ រថយន្តសង្រ្គោះ ដឹកជនគ្រោះទៅមន្ទីរពេទ្យ ប៉ុន្តែជាអកុសល ដោយជនរងគ្រោះ ទទួលគ្រោះថ្នាក់ធ្ងន់ធ្ងរពេក ក៏ដាច់ខ្យល់ស្លាប់នៅ ពាក់កណ្តាលផ្លូវ ក៏ត្រូវបងប្អូន សាច់ញាតិ ស្នើទៅរថយន្តអោយជួយដឹក បង្ហួសទៅផ្ទះចាត់ចែងធ្វើបុណ្យ នៅវេលាយប់ថ្ងៃដដែលនោះទៅ ។

តាមរបាយការណ៏របស់ លោកវរសេនីយ៍ទោ ព្រហ្ម ពៅ នាយការិយាល័យ នគរបាលចរាចរណ៍ ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះថ្នាក់ចរាចរណ៍ ដែលស្លាប់នោះមានឈ្មោះ ហៃ សុផាត ភេទប្រុស អាយុ ៣៥ មុខរបរលក់ ប្រហិតចៀន តាមម៉ូតូ និងជាប្រធានក្រុមទី១១ (ភូមិថ្មី) សមាជិក ប្រជាការពារភូមិ នៃសាលាសង្កាត់លេខ៣ផងដែរ ហើយមានទីលំនៅក្រុម១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ (ស្លាប់) ។

ប្រភពព័ត៌មាន ដដែលបានបញ្ជាក់ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅខេត្តព្រះសីហុននេះ ជាតំប់នខេត្តទេសចរណ៍ សំបូរទៅដោយ ជនបរទេសជាភ្ញៀវទេសចរណ៍ ស្នាក់នៅរយៈពេលវែង ដូចនេះ ពួកគេសុទ្ធតែមានមធ្យោបាយ ធ្វើដំណើរផ្ទាល់ខ្លួន ទាំងអស់ ទាំងរថយន្ត និងទោចក្រយានយន្ត ហើយភ្ញៀវ បរទេសទាំងនេះ សុទ្ធតែសេពគ្រឿងស្រវឹង ស្ទើរទាំងអស់ទៅហើយ ហើយជានិច្ចកាល តែងបង្កគ្រោះថ្នាក់ ដល់គេឯងជាច្រើន ជាក់ស្តែងដូចជា ជនជាតិអាឡឺម៉ង់ម្នាក់ នេះជាដើម ។

ប្រភពព័ត៌មាន ដដែលក៏បានបញ្ជាក់ផងដែរថា ជនជាតិអាឡឺម៉ង់រូបនេះ ក៏ធ្លាប់ត្រូវសមត្ថកិច្ច របស់លោកធ្វើការព្រមាន និងផាកពិន័យម្តងដែរ ហើយមិនអនុញ្ញាត អោយបើកបរនៅស្រុកខ្មែរ យើងឡើយ ព្រោះគាត់មិនមានឯកសារ គ្រប់គ្រាន់ក្នុងការបើកបរ ។ ខណៈពេលនេះ ស្រាប់តែឃើញគាត់លូចបើកបរ ជាថ្មីទៀតក៏បង្កគ្រោះថ្នាក់ ដល់អាយុជីវិតគេតែម្តង ។

លោកក៏បានបន្តថា ជារឿយៗសមត្ថកិច្ចរបស់លោក តែងតែខិតខំធ្វើការ រឹតបន្តឹងឆែកឆេរ រាល់ជនបរទេស ទាំងអស់ ដើម្បីបង្កាគ្រោះថ្នាក់ដោយ ប្រការណាមួយ ប៉ុន្តែនៅតែមាន ជនឆ្លៀតឱកាសលួច បើកបរទាំងខុសច្បាប់ហើយ បង្កគ្រោះថា្នក់ដល់ គេឯងដដែល ។

មានមតិមហាជន នៅខេត្តព្រះសីហនុបានប្រាប់ថា ជារឿយៗ ជនបរទេសនៅពេល ដែលជួបប្រទះបញ្ហាម្តងៗ តែងតែលើកយកស្ថានទូត របស់ខ្លួនមកនិយាយ សង្កត់ គេឯងគ្រប់ៗថា ជនបរទេសមិនអាចមាន នរណាប៉ះពាល់បានឡើយ ដូច្នេះប្រជាពលរដ្ឋ សំណូមពរ ទៅខាងស្ថានទូត របស់ជនបរទេសទាំងនោះ សុំមេត្តាមុន និងការពារពលរដ្ឋ របស់ខ្លួនសូមមេត្តា សាកសួរសមត្ថកិច្ច ក៏ដូចប្រជាពលរដ្ឋ នៅឯមូលដ្ឋានផងដើម្បី ស្វែងយល់ការពិត វាយ៉ាងណា ជៀសវាងពលរដ្ឋ របស់ខ្លួនកាន់តែបានចិត្ត និងបង្កគ្រោះថ្នាក់ដល់គេទៀត ៕













ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]