អាថ៌កំបាំងបង្កើតភាពជាអ្នកតស៊ូក្នុងខ្លួន ភាគ៣៖ ៣​ ជំហាន​ដើម្បី​វាយ​បក​គំនិត​អវិជ្ជ​មាន​អ្នក​

//s5.kh1.co/89/89b5da52b6ea34ecef00deffb45833c5619d9f3a.png
ប្រលោមលោក & អប់រំ

 ១៧-កក្កដា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការបកស្រាយរបស់យើង ថាតើរឿងហ្នឹងកើតឡើងដោយសារអី មានឥទ្ធិពលប៉ុណ្ណា ហើយកើតឡើងយូរប៉ុណ្ណា?

ស្វាគមន៍ជាថ្មីម្តងទៀតមកកាន់កំរងអត្ថបទភាពតស៊ូ! ក្នុងភាគ ១ យើងបានបកស្រាយច្បាស់ហើយថា ការតស៊ូ​ជា​ចរិត​មួយដែលជួយឲ្យយើងបន្តទៅមុខ មិនបោះបង់ចោលអ្វីដែលយើងចង់បានឡើយ!

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងភាគទី ២ យើងបានរៀនស្គាល់ស្ទីលបកស្រាយរបស់ខ្លួនឯង និងចេះប្រើស្ទីលតថសុទិដ្ឋនិយម ដែលជួយឲ្យ​យើង​អាចមើលឃើញស្ថានភាពជាក់ស្តែង តែនៅតែមានក្តីសង្ឃឹមបន្តដើរទៅមុខជានិច្ចបាន! 

ក្នុងវគ្គនេះ ដល់ពេលយើងលាត់ដៃអាវ រៀនវាយបកគំនិតអវិជ្ជមាន និងស្ទីលបកស្រាយទុទិដ្ឋិនិយមរបស់យើងហើយ! ដោយសារអត្ថបទនេះ គឺជាប់ស្អិតរមួតជាមួយអត្ថបទភាគពីរ ខ្លាំង ស្មេរសូមលើកទឹកចិត្តឲ្យគ្រប់គ្នាអានភាគពីរឲ្យចប់សិន សឹមមកអានអត្ថបទនេះបន្តណា! មិនអីទេ​ ចុចទីនេះអានសិនទៅ ស្មេរអត់ទៅណាទេ នៅចាំទីនេះឯង…

អូខេ! អានចប់ហើយហ្អ៎េ? ល្អណាស់! សមជាកូនសិស្សដែលប្រឹងប្រែងមែន! មកដល់ត្រឹមនេះ យើងសុទ្ធតែដឹង​ច្បាស់អស់គ្នាហើយថា មនុស្សពីរនាក់អាចមានទេពកោសល្យ មានចំណេះដឹង និងឱកាសស្មើគ្នា ហើយជួបបញ្​ហាដូចគ្នាទៀត តែម្នាក់បែរជាបាក់ស្បាតអស់សង្ឃឹម ឯម្នាក់ទៀតបែរជាតស៊ូប្រឹងរកវិធីដោះស្រាយ ហើយដើរ​ទៅមុខជានិច្ច! 

មូលហេតុអីបានជាពួកគាត់ប្រតិកម្មនឹងបញ្ហាខុសគ្នាដូចមេឃនិងដីដូចនេះ? ចំលើយគឺស្ទីលបកស្រាយហ្នឹងឯង! ពេលមានរឿងអីកើតឡើង មិនថាតូចធំល្អអាក្រក់ឡើយ ចិត្តយើងនឹងបកស្រាយរឿងនោះដោយស្វ័យប្រវត្តិ វាព្យាយាមរកចំលើយ ថាតើរឿងហ្នឹងម៉េចបានកើតឡើង ហើយកើតឡើងយូរប៉ុណ្ណា និងរីករាលដាលជះ​ឥទ្ធិពលដល់អ្វីខ្លះ?  

និយាយទៅគឺវាដូចនេះ៖ រឿង + គំនិត →  លទ្ធផល

រឿង ៖ ពេលដែលរឿងអីមួយកើតឡើង មិនថារឿងល្អ ឬរឿងអាក្រក់នោះទេ
គំនិត៖ ការបកស្រាយរបស់យើង ថាតើរឿងហ្នឹងកើតឡើងដោយសារអី មានឥទ្ធិពលប៉ុណ្ណា ហើយកើតឡើងយូរប៉ុណ្ណា? គឺស្ទីលបកស្រាយ ខ្ញុំ/មិនមែនខ្ញុំ រហូត/មិនរហូត គ្រប់យ៉ាង/មិនគ្រប់យ៉ាង ពីអត្ថបទទីពីរហ្នឹងឯង។
លទ្ធផល៖​ ក្រោយពេលយើងបកស្រាយហើយ លទ្ធផលគឺជាអារម្មណ៍ដែលយើងមាន និងសកម្មភាពដែលយើងធ្វើនោះឯង។ 

ឥលូវស្មេរឲ្យឧទាហរណ៍មួយចុះ (ដែលនេះជារឿងពិតរបស់ខ្ញុំផ្ទាល់តែម្តង)!

រឿង៖ ខ្ញុំមិនអាចសរសេរអត្ថបទមួយឲ្យចប់ទាន់ពេលដែលគ្រោងទុក 

រូបភាពបានមកពី៖ ខារ៉ូ (CARO)
រូបភាពបានមកពី៖ ខារ៉ូ (CARO)

គំនិត៖ នេះជាកំហុសរបស់ខ្ញុំផ្ទាល់តែម្តង ដោយសារខ្ញុំខ្ជិល ហើយពូកែពន្យាការងារដូចសត្វជ្រូកអញ្ចឹង! បើសិនជាខ្ញុំមានចរិតល្អជាងនេះ អាចបង្រៀនខ្លួនឯងឲ្យខំធ្វើការទៀងទាត់ជាងហ្នឹង រឿងបែបនេះនឹងមិនកើតឡើងនោះទេ! ចាំមើលទៅ ធ្វើការយឺតអញ្ចឹង គឺកំពុងនាំទុក្ខដល់ក្រុមការងារហើយ ចាំមើលពួកគាត់ស្អប់ខ្ញុំហើយ ពួកមិត្តអ្នកអានក៏ស្អប់ខ្ញុំទៀត ដោយសារចេញអត្ថបទយឺតយ៉ាងនេះ! និយាយទៅ​អ្នកដែលចូលចិត្តសរសើរថា ខ្ញុំជាមនុស្សល្អហ្នឹងគឺសរសើរខុសមនុស្សហើយ បើមើលៗ ខ្ញុំចរិតអន់សឹងអី! 

លទ្ធផល៖ ខ្ញុំមានអារម្មណ៍រអៀសខ្លួន ពិបាកចិត្ត ហើយមិនមានទឹកចិត្តដើម្បីសរសេរបន្តនោះទេ ដោយហេតុនេះហើយ ខ្ញុំក៏អត់ធ្វើការពេញមួយថ្ងៃ បែរជាទៅដេកមើលរឿងភាគវិញ! 

បីជំហានដើម្បីផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់យើង

ឃើញនៅ? តាមពិតរឿងដែលកើតឡើងមិនអាចធ្វើឲ្យយើងបាក់ស្បាតទេ តែអាគំនិតបកស្រាយរបស់យើងទៅវិញទេ ដែលជាអ្នកធ្វើបាបយើងនោះ! អញ្ចឹងហើយ​ ស្មេរសូមចែករំលែកតិចនិចបីជំហាន ដែលខ្ញុំបានអានពីសៀវភៅ រៀនសុទិដ្ឋិនិយម និពន្ធដោយបណ្ឌិត ម៉ាទីន សេលីកមេន (Learned Optimism by Martin Saligman) ក៏ដូចជាការបង្រៀនរបស់ព្រះតេជគុណ ធីជ ញ៉ាត់ហាញ់ (Thich Nhat Hanh) និងបទពិសោធន៍ក្នុងការសាករបស់ខ្ញុំផ្ទាល់តែម្តង! តិចនិចនេះឡូយត្រង់ថា វាអាចជួយផ្លាស់ប្តូរគំនិតទុទិដ្ឋិនិយមរបស់យើងបាន ដោយមិនបាច់ប្រើហិង្សា ឬស្អប់ ហើយជេរប្រទេចខ្លួនឯងឡើយ! 

ជំហានទី ១៖ ទទួលស្គាល់អារម្មណ៍ និងលទ្ធផលទាំងអស់របស់យើង

មនុស្សភាគច្រើនយល់ថា ការទទួលស្គាល់អារម្មណ៍ និងទទួលស្គាល់ការពិតជាទង្វើចុះចាញ់ ដែលសមនឹង​មនុស្ស​បាក់ស្បាតនោះទេ។ តែតាមពិតទៅ អ្នកដែលតស៊ូ ជាមនុស្សដែលហ៊ានទទួលស្គាល់ការពិត ហ៊ានទទួល​ស្គាល់​អារម្មណ៍ និងជំនឿអវិជ្ជមានរបស់ខ្លួនគ្រប់សព្វទាំងអស់ ហើយទើបគាត់បន្តរកវិធីមកផ្លាស់ប្តូរវាម្តងបន្តិចៗទៅវិញ!  

សង្គមយើងនេះ​បានបង្រៀនឲ្យយើង តបតជាមួយនឹងអារម្មណ៍អវិជ្ជមានក្នុងចិត្តដោយពីរផ្លូវ៖ ផ្លូវទីមួយគឺ ឲ្យយើងរត់គេចចេញពីអារម្មណ៍ទាំងនោះ ដោយការបរិភោគ មិនថាការបរិភោគផ្លូវកាយ ដូចជាការញ៉ាំ ផឹក ជក់ថ្នាំ ឬការរួមភេទជាដើម។ ឬក៏តាមការបរិភោគផ្លូវចិត្ត ដោយការស្តាប់ចំរៀង មើលរឿងភាគ ឬលេងហ្វេសប៊ុក ទីកតុក យូធូបជាប់គ្នាមិនអាក់នោះឯង។ ឯផ្លូវទីពីរ គឺសង្គមបានបង្រៀនយើងឲ្យប្រយុទ្ធ ឲ្យតែមានអារម្មណ៍​អវិជ្ជមាន​ចេញមុខមកភ្លាម យើងត្រូវចាប់ផ្តើមគិតរកវិធីវាយឈ្នះវា ដកឬសវាចេញពីចិត្តយើងឲ្យបានភ្លាម!

និយាយទៅ វិធីទាំងពីរនេះ​ គឺបង្រៀនឲ្យយើងចាត់ទុកអារម្មណ៍អវិជ្ជមានរបស់យើង ដូចជាសំរាមស្អុយរលួយអញ្ចឹង។ ពេលបន្ទប់ដេកយើងមានសំរាមមួយគំនរ តើយើងធ្វើដូចម្តេច? គឺមានតែពីរវិធីទេ បើមិនរត់គេចចេញពីបន្ទប់ហ្នឹងទេ គឺយើងរកវិធីបោះសំរាមចេញទៅក្រៅភ្លាមៗ! តែសំខាន់ វិធីទាំងពីរហ្នឹង អត់មានប្រសិទ្ធិភាពក្នុងការផ្លាស់ប្តូរអារម្មណ៍​អវិជ្ជមានដូចគ្នា…

សំរាប់វិធីទីមួយ ដែលយើងទំលាប់រត់ចេញពីអារម្មណ៍មិនល្អដោយការបរិភោគផ្លូវកាយ និងផ្លូវចិត្តនោះ វាមិនមាន​ប្រសិទ្ធិភាពល្អទេ ដោយសារថា យើងរត់ទៅណាក៏ដោយ ក៏បានតែមួយរយៈពេលនោះទេ។ មិនយូរមិនឆាប់ គង់តែ​អារម្មណ៍​មិនល្អហ្នឹង លេចមុខចេញមកវិញ ហើយថែមទាំងមានកំលាំងខ្លាំងជាងមុនទៀតផង! កាន់តែរត់ពីវាយូរទៅ វានឹងរីកធំទៅៗ ពិបាកទ្រាំជាងមុនជាមិនខាន!

ឯវិធីទីពីរវិញ ស្តាប់មើលទៅសមតែជាដំណោះស្រាយល្អ តែតាមពិតក៏មិនមានប្រសិទ្ធិភាពខ្ពស់ដែរ។ នរណាមិនធ្លាប់ ដេកកមិនលក់ បក់មិនល្ហើយ ដោយសារខួរក្បាលនៅតែវិលវល់គិតពីរឿងដដែលទៅមកៗ រឹតតែគិតរឹតតែស្មុគនោះ?  

រូបភាពបានមកពី៖ ជីលីយ៉ាន លឺវីន (Gillian Levine)
រូបភាពបានមកពី៖ ជីលីយ៉ាន លឺវីន (Gillian Levine)

តាមពិតទៅ ការគិតអាចជួយដោះស្រាយបញ្ហា និងប្តូរគំនិតយើងបានពិតមែន តែបើសិនយើងគិតពេលយើងកំពុងមានអារម្មណ៍មិនល្អនោះ វាមិនមានប្រសិទ្ធិភាពជួយអីបានទេ! បើយើងនៅតែអង្គុយគិតដេញដោលច្រើន គឺដូចចាក់សាំងថែមលើភ្លើងកំពុងឆេះរាលរោលអញ្ចឹង! 

ដោយហេតុនេះហើយទើបស្មេរចង់បញ្ជាក់ម្តងហើយម្តងទៀតថា ជំហានទីមួយ ក្នុងការប្តូរអារម្មណ៍និងគំនិតអវិជ្ជមាន គឺយើងគួរទទួលវាដោយដៃពីរ មិនជេរស្តី មិនកែប្រែ មិនខឹងស្របារនឹងវានោះឡើយ! 

ស្មេរហ៊ានអះអាងហ្នឹង គឺដោយសារបទពិសោធន៍ផ្ទាល់តែម្តង។ ខ្ញុំតាំងពីតូចមក គឺចូលចិត្តប្រើវិធីទីពីរដើម្បីដោះស្រាយបញ្ហា គឺថាឲ្យតែមានអារម្មណ៍មិនល្អលេចចេញមក ខ្ញុំតែងមានទំលាប់តបតដោយព្យាយាមវាយប្រយុទ្ធជាមួយវាស្លាប់រស់ភ្លាមៗតែម្តង! តែថា រស់នៅរបៀបហ្នឹង គឺហាក់ដូចជារស់នៅក្នុងតំបន់សង្គ្រាមអញ្ចឹង! 

ឥលូវសាកឧបមាថា បញ្ហាមួយគឺប្រដូចនឹងព្រួញមួយទៅចុះ ពេលដែលគេបាញ់ព្រួញចំយើង វាបង្កើតបានជាដំបៅមួយ។ ដូចគ្នាផងដែរ ពេលដែលយើងជួបប្រទះបញ្ហា វានឹងបង្កើតបានជាអារម្មណ៍មិនល្អ ដែលជាដំបៅផ្លូវចិត្តនោះឯង។ 

ឥលូវ ពេលដែលអ្នកមានដំបៅផ្លូវកាយ អ្នកធ្វើដូចម្តេច? មនុស្សធម្មតាគឺ ទទួលស្គាល់ថា អើ! អញកំពុងមានដំបៅហើយ! គួរយកពេលលាងរបួស ដកព្រួញចេញ ហើយព្យាបាលវាទើបបាន! តែចុះពេលអ្នកមានដំបៅផ្លូវចិត្តវិញ? តើអ្នកតែងធ្វើអី? បើស្មេរវិញ ឲ្យតែពេលមានបញ្ហាណាមួយកើតឡើង បង្កើតបានជាអារម្មណ៍មិនល្អនោះ គឺតែងមានទំលាប់ចូលចិត្តស្តីឲ្យខ្លួនឯង ថាម៉េចបានទៅភ្លើឲ្យបញ្ហាហ្នឹងធ្វើឲ្យខ្លួនឯងពិបាកចិត្តទៅកើត! មិនសមណាពិបាកចិត្ត មិនសមណាអាក់អន់ចិត្ត មិនសមណាបាក់ទឹកចិត្ត ខឹង ឬច្រណែនគេនោះទេ!  ធ្វើអញ្ចឹង គឺដូចពេលគេបាញ់ព្រួញត្រូវ កើតជាដំបៅហើយ បែរជាយកដៃដកព្រួញចេញ ហើយចាក់ចូលដំបៅហ្នឹងសារឡើងវិញអញ្ចឹង! 

ស្តាប់ទៅគឺមិនសមហេតុផលទេ ត្រូវអ៎េ? តែតាមពិត គ្នាយើងច្រើនមែនទែនដែលចូលចិត្តធ្វើដូចនេះ!  ពេលមានអារម្មណ៍មិនល្អហើយ យើងធ្វើឲ្យវាអាក្រក់ជាងមុនទៅទៀត ដោយការជេរស្តី និងវាយតម្លៃខ្លួនបន្ថែមពីលើហ្នឹងឯង!  

ខ្ញុំផ្ទាល់ចាំថា ទំលាប់ដែលចាំតែជេរស្តីបន្ទោសខ្លួនឯងរបៀបនេះ ធ្វើឲ្យជីវិតខ្ញុំរស់នៅមិនសូវសប្បាយនោះទេ! នរណាទៅសប្បាយកើត បើរាល់ពេលមានបញ្ហាណាមួយ ឆ្លៀតយកពេលចាក់ដំបៅផ្លូវចិត្តខ្លួនឯង ឲ្យរីកមុខធំជាងមុនពីរបីដងទៀតនោះ?

តែសំណាងមែនទែនដែលកាលពីប៉ុន្មានឆ្នាំមុននេះ ខ្ញុំអានប៉ះការបង្រៀនរបស់ព្រះតេជគុណ ធីជ ញ៉ាត់ហាញ់ (Thich Nhat Hanh) ដែលគាត់បានបង្រៀនពីរបៀបទទួលស្គាល់អារម្មណ៍ និងគំនិតអវិជ្ជមានរបស់យើងនោះឯង។ ដល់រៀនធ្វើតាមគាត់ទៅ​ទើបឃើញថា រស់នៅដោយមិនវាយខ្លួនឯងអញ្ចឹង គឺធ្វើឲ្យជីវិតសប្បាយជាងមុនច្រើនខ្លាំងមែនទែន! ការវាយប្រយុទ្ធជាមួយខ្លួនឯងនេះ ស្តាប់ទៅដូចឡូយណាស់ តែបើយើងធ្វើវារាល់ថ្ងៃ រាល់ខែ រាល់ឆ្នាំនោះ​ គឺយើងគង់នឹងហត់ បាក់កំលាំង អស់ក្តីសប្បាយក្នុងការរស់នៅជាមិនខាន។

ដូច្នេះ អ្នកគួរទទួលស្គាល់ថា អារម្មណ៍អវិជ្ជមានដែលអ្នកកំពុងមានហ្នឹង មិនថាជាអារម្មណ៍ខឹង ច្រណែន លោភលន់ចង់បាន ខ្ជិល ឬស្អប់នោះទេ វាសុទ្ធតែជាផ្នែកមួយនៃធម្មជាតិរបស់អ្នក។ អ្នកមិនបាច់ ហើយក៏មិនអាចគាស់រំលីងវាឲ្យចេញពីខ្លួនអ្នកទាំងស្រុងបានដែរ! យើងម្នាក់ៗមានកំណើតមក គឺមានអារម្មណ៍មិនល្អ និងអារម្មណ៍ល្អបញ្ចូលក្នុងចិត្តយើងជាស្រេច។ ពួកអារម្មណ៍អវិជ្ជមានទាំងនេះ វាដើរតួជាសញ្ញា សំគាល់ប្រាប់យើងថាមានរឿងមិនល្អកំពុងកើតឡើងក្នុងចិត្តយើងហើយ! គិតមើលៗ បើយើងគ្មានអារម្មណ៍អវិជ្ជមានទាំងនេះជាអ្នកនាំសារទេ ធ្វើម៉េចទើបយើងដឹងថា សុខភាពផ្លូវចិត្តយើងមិនល្អនោះ? 

ដូច្នេះ ពីពេលនេះតទៅ ពេលណាដែលអ្នកមានអារម្មណ៍អវិជ្ជមានលេចក្បាលចេញមក សាកទទួលវាជាធម្មតាទៅមើល… ជាជាងប្រដូចវាទៅនឹងសំរាមស្អុយរលួយ គួរមើលទៅវាដូចជាកូនង៉ារសាច់ឈាមបង្កើតរបស់អ្នកវិញទៅមើល… ពេលដែលទារកម្នាក់យំ អ្នកមិនមែនបង្ខំឲ្យវាឈប់យំភ្លាម ឬក៏បោះវាផ្លោងទៅក្រៅបង្អួចនោះឡើយ! ផ្ទុយទៅវិញគឺ អ្នកលួងលោមវា ធ្វើឲ្យវាចិត្តស្ងប់ឈប់យំសិន ទើបអ្នករកមើលមូលហេតុម៉េចបានវាយំតាមក្រោយ ត្រូវអត់? 

តាមការសង្កេតរបស់ខ្ញុំផ្ទាល់ ឲ្យតែខ្ញុំនៅលួងលោមអារម្មណ៍អវិជ្ជមានមួយរយៈទៅ វាតែងស្ងប់ទៅៗ​ដោយខ្លួន​ឯងជាមិនខាន រហូតដល់ពេលខ្លះវាបាត់ទៅវិញដោយខ្លួនឯងទៀតផង! ត្រូវចាំថា យើងមាន​អារម្មណ៍ជាច្រើន ទាំងអារម្មណ៍ល្អ និងអារម្មណ៍មិនល្អ វាលេចចេញមក នៅមួយរយៈ ហើយក៏បាត់ខ្លួនទៅវិញ ហេតុអីបាន​ជាយើង​ត្រូវស្លាប់ដោយសារអារម្មណ៍មួយនោះ? ការដកដង្ហើមដោយមានស្មារតីក្នុងខ្លួននឹងអាចជួយយើង​ឲ្យទទួលស្គាល់អារម្មណ៍យើងជាងមុន។ 

ឲ្យតែពេលអារម្មណ៍មិនល្អលេចមុខចេញ ស្មេរចូលចិត្តប្រើយុទ្ធសាស្ត្រនេះគឺ ខ្ញុំដកដង្ហើមពីរបីដង្ហើម ហើយចាប់ផ្តើមនិយាយថា៖ «ដកដង្ហើមចូល ខ្ញុំដឹងថាខ្ញុំកំពុងមានអារម្មណ៍ ____________។ ដកដង្ហើមចេញ ខ្ញុំឱបក្រសោប ____________។» ខ្ញុំបន្តទន្ទេញពាក្យនេះផ្គួបជាមួយដង្ហើមចេញចូល រហូតដល់អារម្មណ៍នោះស្ងប់ជាងមុន លែងសូវរោលរាលទៀតទើបឈប់។ អារម្មណ៍ខ្លះត្រូវការតែពេលប៉ុន្មានវិនាទីទេ ឯខ្លះទៀតក៏ត្រូវការដល់ពេលមួយម៉ោងក៏មាន តាមកំលាំងរបស់វាមួយៗ។ 

រូបភាពបានមកពី៖ ម៉ៅរ៉ូ ហ្គាទី (Mauro Gatti)
រូបភាពបានមកពី៖ ម៉ៅរ៉ូ ហ្គាទី (Mauro Gatti)


ចាំឧទាហរណ៍ខាងលើ ដែលស្មេរបានបាក់ទឹកចិត្ត គ្មានកំលាំងធ្វើការមួយថ្ងៃដោយសារអារម្មណ៍រអៀសខ្លួន និងគិតថាខ្លួនធ្វើការមិនបានល្អទេ? ហ្នឹងមិនមែនជាលើកដំបូងនោះទេ ដោយសារខ្ញុំមានទំលាប់គិត​របៀបនេះ​តាំងពីក្មេងមកម៉្លេះ។ 

ដើម្បីអាប់ដេតវ៉ិបសាយវប្បធម៌ឲ្យបានទៀងទាត់ ខ្ញុំបានដាក់កំហិតថា ត្រូវសរសេរឲ្យបានពីរអត្ថបទក្នុងមួយខែ។ តែអាអត្ថបទភាគពីរក្នុងកំរងនេះ គឺស៊ីពេលយូរមែនទែន ជាហេតុធ្វើឲ្យខ្ញុំមិនអាចបញ្ចប់វាតាមកាលកំណត់បាន។ ពេលឃើញអញ្ចឹង ធ្វើឲ្យខ្ញុំចាប់ផ្តើមមានគំនិតអវិជ្ជមាន នាំឲ្យមានអារម្មណ៍ធ្លាក់ទឹកចិត្ត ស្អប់ខ្លួនឯង និងពិបាក​ចិត្តអញ្ចឹងទៅ… 

កាលពីមុន បើមានអារម្មណ៍អញ្ចឹង ខ្ញុំអាចនឹងឈប់ប៉ះកុំព្យូទ័រ សំរាកពីការងារពីរបីថ្ងៃ ទៅ មួយអាទិត្យផងក៏មាន! តែតាំងពីចេះរៀនទទួលស្គាល់អារម្មណ៍អវិជ្ជមានមក ខ្ញុំបានកាត់បន្ថយឥទ្ធិពលរបស់វាច្រើនមែនទែន កាលពេលចុង​ក្រោយដែលវាកើតឡើងហ្នឹង ខ្ញុំចាំបានថា ពេលដែលរត់គេចពីការងារពេញមួយថ្ងៃហើយ ខ្ញុំក៏ដកដង្ហើមចេញចូល ហើយនិយាយថា៖ «ដកដង្ហើមចូល ខ្ញុំកំពុងមានអារម្មណ៍រអៀសខ្លួន។ ដកដង្ហើមចេញ ខ្ញុំញញឹមទៅកាន់អារម្មណ៍​រអៀសខ្លួននេះ។ ដកដង្ហើមចូល ខ្ញុំកំពុងមានអារម្មណ៍រអៀសខ្លួន។ ដកដង្ហើមចេញ ខ្ញុំញញឹមទៅកាន់​អារម្មណ៍​រអៀសខ្លួននេះ។ » ទន្ទេញបែបនេះតែប្រហែលប៉ុន្មាននាទីប៉ុណ្ណោះ ធ្វើឲ្យចិត្តខ្ញុំស្ងប់បាត់! លឿនដល់ថ្នាក់សូម្បីតែ​ខ្ញុំខ្លួនឯងផ្ទាល់ក៏ភ្ញាក់ផ្អើលដែរ! 

រូបភាពបានមកពី៖ អេលីសា ថូម៉ាស (Elisha Thomas)
រូបភាពបានមកពី៖ អេលីសា ថូម៉ាស (Elisha Thomas)


ជំហានទី ២៖ វាយបកគំនិតអវិជ្ជមានទាំងនោះវិញ 

មនុស្សបាក់ស្បាតនឹងឈប់ត្រឹមជំហានទីមួយ តែមនុស្សតស៊ូវិញ ពេលដែលគាត់ទទួលស្គាល់អារម្មណ៍​និងគំនិតអវិជ្ជមានរបស់ខ្លួនហើយនោះ គាត់នឹងបន្តជីករកឬសគល់យល់ពីគំនិតខ្លួន ហើយផ្លាស់ប្តូរវា ដើម្បីកុំឲ្យវាបង្កទុក្ខនៅថ្ងៃក្រោយទៀត! 

ដូច្នេះ ក្រោយពេលអ្នកបានចំណាយពេលលួងលោមអារម្មណ៍អវិជ្ជមានហើយនោះ ចិត្តអ្នកនឹងស្ងប់ជាងមុន ជាពេលល្អបំផុតសំរាប់យកមកគិតវែកញែករកហេតុផលបាន! ចូរសង្កេតហើយកត់ត្រាពី រឿង គំនិត និង​លទ្ធផលរបស់បញ្ហាហ្នឹងឲ្យច្បាស់លាស់។ ចប់រួចរាល់ហើយ ដល់ពេលអ្នកវាយបកទៅគំនិត​អវិជ្ជមាន​មិនពិតទាំងអស់នេះ ដោយប្រើយុទ្ធសាស្ត្រវាយបកទាំងបួនខាងក្រោមនេះ៖  

វាយបកដោយប្រើប្រាស់ភុស្តតាងជាក់ស្តែង៖ សាកព្យាយាមប្រមូលភុស្តតាងជាក់ស្តែង ហើយមើលៗ ថាតើវាគាំទ្រគំនិតហ្នឹងទេ ឬក៏វាគាំទ្រគំនិតផ្សេង?

ឧទាហរណ៍ សំរាប់រឿងសរសេរអត្ថបទយឺតនេះ ខ្ញុំអាចគិតថា៖ «ខ្ញុំបានតាមដានម៉ោងធ្វើការខ្លួនឯង ហើយឃើញថា​ពីរអាទិត្យចុងក្រោយនេះ​ ខ្ញុំធ្វើការច្រើនម៉ោងដូចធម្មតាទេតើ! អត្ថបទហ្នឹងមានប្រវែង ១០ទំព័រ វាវែងខ្លាំងបើប្រៀបធៀប​នឹងអត្ថបទធម្មតាដែលភាគច្រើនត្រឹមតែបួនទៅប្រាំទំព័រនោះទេ! កុំភ្លេចថា ខ្ញុំសរសេរទាំងខ្មែរ ទាំងអង់គ្លេសណា គ្រាន់តែ​កែសំណៅដើមខ្មែរអស់បួនដង ហើយកែអង់គ្លេសក៏អស់បួនដងទៀត!»

វាយបកដោយរកគំនិតបកស្រាយផ្សេង៖ រឿងអីក៏ដោយ តែងមានការបកស្រាយច្រើនប្រភេទខុសៗគ្នា។ តែទាស់ត្រង់ថា មនុស្សទុទិដ្ឋិនិយមចូលចិត្តជឿតែការបកស្រាយដែលអាក្រក់ជាងគេនោះទេ!  ដោយេហេតុនេះហើយ អ្នកអាចសាកបកស្រាយរឿងហ្នឹងតាមមុំផ្សេងវិញទៅមើល! 

ឧទាហរណ៍ ខ្ញុំអាចគិតថា៖ «គ្រាន់តែធ្វើការយឺតមួយអាទិត្យសោះ មិនមែនបានន័យថាខ្ញុំនាំទុក្ខដល់ក្រុម​ការងារ​នោះទេ! ខ្ញុំគិតថា ពួកគាត់នឹងចេះយោគយល់អត់ឱនឲ្យខ្ញុំជាមិនខាន។ ម៉្យាងវិញទៀត ខ្ញុំជឿថា អ្នកអានភាគច្រើន​នឹងមិនចាប់អារម្មណ៍ថាវប្បធម៌អត់បានផុសមួយអាទិត្យនោះទេ! បើទោះពួកគាត់ចាប់អារម្មណ៍ ក៏គាត់នឹងចេះយោគ​យល់អធ្យាស្រ័យ អាចចាំបានដែរ!»

វាយបកដោយឈប់បន្លើស៖ មនុស្សបាក់ស្បាត ចូលចិត្តយកកំហុសតូចមួយ ហើយបន្លើស បំប៉ោងរហូតដល់​គាត់ជឿថា អ្វីៗគ្រប់យ៉ាងក្នុងជីវិតគាត់ខូចខាតខ្ទេចខ្ទីអស់ហើយ! អញ្ចឹងសាកវែកញែកទៅមើលថាតើ រឿងហ្នឹងពិត​អាចរីករាលដាលធំដូចអ្វីដែលយើងគិតមែនអត់? 

ឧទាហរណ៍ ខ្ញុំអាចគិតថា៖ «បើទោះជាខ្ញុំសរសេរអត្ថបទយឺតមួយអាទិត្យម្តងនេះក៏ពិតមែន ក៏មិនបានន័យថាក្រុម​ការងារខ្ញុំ និងគ្នាយើងដែលអានវប្បធម៌នឹងប្រែចិត្តស្អប់ខ្ញុំដល់ឆ្អឹងនោះទេ! គ្រាន់តែអត្ថបទមួយសោះ មិនអាចលុប​ចោលនូវគុណសម្បត្តិដែលខ្ញុំធ្លាប់ធ្វើដល់ក្រុមការងារ និងមិត្តអ្នកអាននោះឡើយ។  គិតមើលៗ បីឆ្នាំកន្លងមកនេះ សរសេរជិត ២០០ អត្ថបទមកហើយ! ណាមួយ ការងារខ្ញុំមិនមែនសំរាប់តែសរសេរអត្ថបទនោះទេ ខ្ញុំក៏និយាយ​ជាមួយហ្វេន ឆ្លើយសំណួរ និងលើកទឹកចិត្តពួកគាត់ផងដែរ! អញ្ចឹង គ្រាន់តែធ្វើការយឺតប៉ុណ្ណឹង វាមិនមែនជារឿងធំ​ដុំដូចដែលខ្ញុំគិតនោះទេ!»

វាយបកដោយមើលលើប្រយោជន៍៖ ពេលខ្លះ បើទោះជាគំនិតអវិជ្ជមានហ្នឹង វាត្រូវជាមួយការពិតក៏ដោយ ក៏មិនបានន័យថាវាមានប្រយោជន៍ដែរ!  បើយើងនៅតែវិលវល់គិតតែពីគំនិតឥតប្រយោជន៍ នោះយើងនឹងគ្មាន​ទឹកចិត្តទៅដោះស្រាយវាទេ! ដូច្នេះសាកមើលៗ តើគំនិតហ្នឹងវាមានប្រយោជន៍ចំពោះការអភិវឌ្ឍន៍ខ្លួនអ្នកអត់?

ឧទាហរណ៍ ខ្ញុំអាចគិតថា «អូខេ ខ្ញុំអាចទទួលស្គាល់ថា ដោយសារអត្ថបទហ្នឹងវែងពេក ខ្ញុំក៏ចេញចរិតខ្ជិល ហើយបានពន្យារការងារហ្នឹងអស់ប៉ុន្មានថ្ងៃក៏ពិតមែន។ តែបើនៅតែគិតពីរឿងហ្នឹងគឺគ្មានប្រយោជន៍ទេ ដោយសារវាកន្លងផុតទៅហើយ។ រឹតតែគិត រឹតតែពិបាកចិត្ត ហើយគ្មានកំលាំងសរសេរបញ្ចប់ទៅវិញទេ! ដូច្នេះ យកល្អខ្ញុំគួរទទួលស្គាល់ថាម្តងនេះ ខ្ញុំពិតជាធ្វើការយឺតបន្តិចមែន ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះ គឺខំសរសេរបន្តឥលូវទៅ ដើម្បីកុំឲ្យយឺតដល់អត្ថបទក្រោយៗទៀត!»

ខ្ញុំចូលចិត្តសរសេរវែកញែក រឿង គំនិត លទ្ធផល និងការវាយបកទាំងអស់ក្នុងសៀវភៅកំណត់ហេតុ ដោយសារការសរសេរជួយឲ្យខ្ញុំផ្តោតអារម្មណ៍វែកញែក ក៏ដូចជាបន្សល់ជាភុស្តតាង ក្រែងលលើកក្រោយចង់មកសើរើមើលវាឡើងវិញផងដែរ!

រូបភាពបានមកពី៖ Plantare
រូបភាពបានមកពី៖ Plantare


ជំហានទី ៣៖ សង្កេតមើលការផ្លាស់ប្តូររបស់យើង! 

ពេលអ្នកវាយបកគំនិតអវិជ្ជមានបានគ្រប់ជ្រុងជ្រោយហើយ ដល់ពេលសង្កេតមើលៗ ថាតើខ្លួនមានអារម្មណ៍ស្រាលជាងមុន មានកំលាំងចិត្តជាងមុន ឬក៏សប្បាយជ្រះថ្លាជាងមុនឬអត់? ទោះមាន ឬមិនមានក៏ដោយ ក៏គួរកត់ទុកជា «បម្លាស់ប្តូរ» ដាក់ពីក្រោមរឿង គំនិត លទ្ធផល និងការវាយបកហ្នឹងទៀតទៅ ដើម្បីទុកជាមេរៀនពេលអ្នករៀបចំយុទ្ធសាស្ត្រវាយបកលើកក្រោយ។ 

ខ្ញុំចាំច្បាស់ថា កាលដែលខ្ញុំបានចំណាយពេលប្រហែល ១៥ នាទីដើម្បីវាយបកសព្វគ្រប់លើគំនិតអវិជ្ជមានទាក់ទងនឹងការងារយឺតហ្នឹងហើយ ស្រាប់តែសង្កេតឃើញថាខ្លួនមានអារម្មណ៍ធូរស្រាលជាងមុន ដូចគេដកបន្លាចេញពីបេះដូងអញ្ចឹង! បន្ទាប់ពីហ្នឹង ខ្ញុំក៏ថែមទាំងមានទឹកចិត្តធ្វើការឡើងវិញទៀតផង!

កិច្ចការផ្ទះ៖ ពីពេលនេះទៅ សាកវាយបកបញ្ហាឲ្យបាន ៥ រឿងទៅមើល! 

ដល់ពេលអ្នកអនុវត្តយុទ្ធសាស្ត្រនេះ ដើម្បីឃើញពីប្រសិទ្ធិភាពរបស់វាហើយ! ដូច្នេះ សាកយកបញ្ហាក្នុងជីវិតអ្នក មិនថាតូចមិនថាធំដែលកើតឡើងក្នុងពេលពីរអាទិត្យខាងមុខនេះ ហើយយកមកវែកញែកទៅមើល! 

ត្រូវចាំថា រូបមន្តនៃការវាយបកផ្លាស់ប្តូរគំនិតអវិជ្ជមានយើងគឺ៖ 

១ រឿង
គំនិត
៣ លទ្ធផល
៤ វាយបក
៥ បម្លាស់ប្តូ

និយាយតាមត្រង់ទៅ ពេលយើងចាប់ផ្តើមវាយបកគំនិតអវិជ្ជមានយើងដំបូងៗ គឺមិនមែនថាវាមានប្រសិទ្ធិភាពរហូតនោះទេ។ គំនិតអវិជ្ជមានខ្លះ ទោះយើងវាយបកឈ្នះវាពីរបីដងហើយក្តី ក៏វានៅតែបន្តលេចក្បាលចេញមកអញ្ចឹង នេះជារឿងធម្មតាទេ… ព្រោះថា គំនិតអវិជ្ជមានភាគច្រើនគឺយើងចាប់ផ្តើមមានវាតាំងពីយើងនៅតូចឯណោះ ហើយយើងទន្ទេញវាដដែលៗ យកមកប្រើដោយមិនដឹងខ្លួន មិនដឹងជាប៉ុន្មានពាន់ដងមកហើយ។ ដូច្នេះធម្មតាទេ! បើយើងចង់កែវា ក៏ត្រូវការពេលច្រើនឆ្នាំ និងឧស្សាហ៍វាយបកវាឲ្យបានប៉ុណ្ណឹងដងវិញដែរ! 

តែក៏កុំអាក់អន់ចិត្តអី ត្រូវចាំថា ពេលអ្នកវាយវាឈ្នះបានម្តង អានុពលរបស់វានឹងថយជាងមុនតាមហ្នឹងដែរ។ លើកក្រោយ ពេលវាលេចចេញមកទៀត វានឹងមិនខ្លាំងដូចមុននោះទេ អ្នកនឹងស្រួលវាយបកវាជាងមុនជាមិនខាន!

ដូចស្មេរផ្ទាល់អញ្ចឹង អាគំនិតអវិជ្ជមានដែលចូលចិត្តគិតថា ខ្លួនធ្វើការមិនបានល្អ ហើយគេស្អប់គ្រប់គ្នានោះ ស្មេរមានវាច្រើនឆ្នាំមកហើយ។ ពីមុន ពេលវាលេចមុខចេញមកម្តងៗ វាមានកំលាំងខ្លាំងអាចធ្វើឲ្យខ្ញុំបាក់ទឹកចិត្ត ឈប់ធ្វើការពីរបីថ្ងៃទៅពីរបីអាទិត្យក៏មាន! តែតាំងពីខ្ញុំចាប់ផ្តើមអនុវត្តយុទ្ធសាស្ត្រទទួលស្គាល់អារម្មណ៍ និងវាយបកគំនិតអវិជ្ជមានបាន ប្រាំមួយខែមកនេះ ខ្ញុំបានវាយបកទៅគំនិតហ្នឹងផ្ទាល់យ៉ាងតិច ១០ ដងហើយ! លទ្ធផលគឺឃើញថា ទោះវានៅតែបង្ហាញខ្លួនចេញមកក៏ពិតមែន តែអានុភាពវាតិចជាងមុនខ្លាំងណាស់! សព្វថ្ងៃនេះ ពេលវាចេញមក យ៉ាងច្រើនណាស់ វាធ្វើឲ្យខ្ញុំពិបាកចិត្ត និងឈប់ធ្វើការតែមួយព្រឹក ឬមួយថ្ងៃតែប៉ុណ្ណោះ! ហើយឲ្យតែវាយបកវាហើយ ខ្ញុំអាចត្រឡប់ទៅធ្វើការវិញបានភ្លាមតែម្តង! ដូច្នេះ ខ្ញុំជឿថា បើខ្ញុំបន្តវាយបកវាដូចនេះទៀត មិនយូរប៉ុន្មាន វានឹងអាចគ្របដណ្តប់ខ្ញុំបានតែពីរបីនាទី មុនពេលខ្ញុំបង្ក្រាបវាបាននោះទេ! 

អានកំរងអត្ថបទ «បង្កើនភាពជាអ្នកតស៊ូ» ទាំងអស់៖

1. ណែនាំពីការតស៊ូ តើការតស៊ូជាអ្វី?

2. អានុភាពនៃរបៀបបកស្រាយរបស់យើង៖ មិនមែនខ្ញុំ/ មិនជារហូត/ មិនគ្រប់រឿង ផ្ទុយនឹង ខ្ញុំ/ជារហូត/គ្រប់រឿង

3. បីជំហានដើម្បីវាយបកគំនិតអវិជ្ជមានឲ្យចាស់ដៃ!

4. ផ្តោតលើអ្វីដែលអ្នកអាចគ្រប់គ្រងបាន៖ រៀនដោះស្រាយបញ្ហាដែលអ្នកអាចដោះបាន

5. ឲ្យតម្លៃខ្លួនលើចរិតខាងក្នុងជាជាងរបស់ខាងក្រៅខ្លួន

6. រៀនឈប់បារម្ភហួសហេតុពេក!

អត្ថបទមែនទែនចប់ហើយ អរគុណគ្នាយើងដែលបានអានដល់ត្រឹមនេះ! ខាងក្រោមនេះ ជាឧទាហរណ៍ក្នុងការវែកញែកបញ្ហាមួយបន្ថែមទៀត បើអ្នកនៅស្រពេចស្រពិល អាចអានបន្តណា! 

ការវែកញែករឿងទីពីរ (នេះក៏ជាសំរង់ចេញពីសៀវភៅកំណត់ហេតុរបស់ស្មេរផ្ទាល់ដែរ) ស្តាប់ទៅដូចជារឿងលេងសើចមិនគួរជាការពិត តែកាលដើមខែឧសភានេះ ខ្ញុំបានកាត់សក់មុខដោយខ្លួនឯង តែកាត់ខុសបច្ចេកទេស ធ្វើឲ្យមុខអាក្រក់ នាំឲ្យខ្ញុំពិបាកចិត្ត ដល់ថ្នាក់មិនចង់ចេញក្រៅជួបមុខគេឯងនោះទេ។ ដូច្នេះខ្ញុំបានទុកពេលមួយថ្ងៃឲ្យអារម្មណ៍នោះស្ងប់ ហើយក៏យកប៊ិច បើកសៀវភៅសរសេរវែកញែកវាតែម្តង! 

https://s5.kh1.co/__image/w=450,h=399,q=100/a3/a354c62153ca8fc6f11dceee0ecd2212541cc072.jpg

រឿង៖ ខ្ញុំកាត់សក់មុខខ្លួនឯង ហើយមើលទៅគឺដឹងថាកាត់ជាងថោកតែម្តង

គំនិត៖ ប្រសិនបើសក់មុខខ្ញុំមើលទៅកាត់ទឹកដៃថោក មិនចេញពីហាងឡូយៗនោះ នឹងមានអ្នកផ្សេងគេមើលមកថាខ្ញុំជាមនុស្សអត់ឡូយ ជាពិសេសគឺក្នុងចំណោមក្មេងៗតែម្តង។ សក់មុខកាត់ខុសនេះ ធ្វើឲ្យមុខខ្ញុំចាស់ហើយអាក្រក់ជាងមុនណាស់ ដែលជាហេតុនាំឲ្យអ្នកខ្លះ មិនចង់រាប់រកខ្ញុំ អាចនាំឲ្យបាត់បង់មិត្តភក្តិថ្មីៗជាច្រើនទៀតផង! សំខាន់នោះគឺ ដោយសារខ្ញុំជាមនុស្ស minimalist (ព្យាយាមមិនចាយលើរបស់គ្មានប្រយោជន៍) ខ្ញុំមិនចង់ចំណាយលុយលើការកាត់សក់នោះទេ ដូច្នេះ បើខ្ញុំចំណាយលុយដើម្បីឲ្យហាងគេជួយសឺរ៉េឲ្យ នោះខ្ញុំនឹងរអៀសខ្លួន មិនសប្បាយចិត្តដដែល។ តែបើមិនចំណាយលុយឲ្យគេជួយកែកុនឲ្យទេ សក់ហ្នឹងនៅតែអាក្រក់មើលអញ្ចឹងរហូតទៅ…

លទ្ធផល៖ ពេលចេញទៅក្រៅជួបអ្នកដទៃ ខ្ញុំចាប់ផ្តើមមានអារម្មណ៍មិនសូវជឿជាក់លើខ្លួនឯងទេ … ម្សិលមិញហ្នឹងដល់ថ្នាក់ពិបាកចិត្ត មិនសប្បាយនឹងចេញទៅញ៉ាំអីជាមួយមិត្តភក្តិទៀតផង! ម៉្យាងវិញទៀត ខ្ញុំក៏ចាប់ផ្តើមមានអារម្មណ៍បាក់ស្បាតអស់សង្ឃឹម ព្រោះថាមិនដឹងដោះស្រាយវាដោយរបៀបណាទេ ប្រសិនបើចំណាយលុយកែសក់ គឺខ្ញុំនឹងពិបាកចិត្តរឿងខ្ជះខ្ជាយលុយ តែបើមិនចំណាយលុយកែទេ វានៅតែអាក្រក់អញ្ចឹង!

វាយបក៖ ចុះថីបើមុខហ្អែងអាក្រក់? មិត្តពិតប្រាកដ គេនៅតែដើរជាមួយយើងអញ្ចឹង ទោះមុខយើងអាក្រក់ ឬស្អាតប៉ុណ្ណាក៏ដោយ! ហើយត្រូវចាំផងដែរថា គេគិតថាយើងស្អាតឬមិនស្អាត ជារឿងរបស់គេទេ។ ទោះយើងខំចំណាយលុយទៅកាត់សក់ចេញពីហាងថ្លៃយ៉ាងណាក៏ដោយ ក៏គង់មានអ្នកខ្លះនៅតែគិតថាយើងអាក្រក់ដដែលហ្នឹង! ហើយម៉្យាងវិញទៀត សួរសិនថា បើមុខចាស់មែន វាថី? អាយុយើងចាស់ទៅៗហើយ ទោះកាត់សក់ម៉ូតអី ក៏នឹងចាស់ដដែលទេ! សំរាប់ប្រភេទមនុស្សដែលមិនចង់រាប់រកយើង ដោយសារយើងអត់កាត់សក់ចេញពីសាឡន សួរថាយើងចង់រាប់អានម្នាក់ហ្នឹងជាមិត្តភក្តិអត់? ហើយត្រូវចាំផងដែរថា យើងអាចសប្បាយចិត្តបានពេលនេះតែម្តង មិនចាំបាច់ទាល់តែមានគេមកសរសើរ ហើយទទួលស្គាល់ថាយើងស្អាតសិន ទើបសប្បាយបាននោះទេ។ ឲ្យតែយើងមានចិត្តល្អ មានភាពក្លាហាន មានភាពខំប្រឹង និងមានស្មារតីជាប់ខ្លួន នោះយើងនឹងស្រូបទាញបានក្រុមមិត្តភក្តិដែលមានចិត្តដូចគ្នាជាមិនខាន! ចុងក្រោយត្រូវដឹងថា សក់ហ្នឹងមិនបាច់ចំណាយលុយក៏អាចកែកុនបានដែរទេតើ! សាកបើកមើលយូធូបបន្តិចមើល ក្រែងលរកបានរបៀបកែកុនបាន!

បម្លាស់ប្តូរ៖ និយាយមែន ខ្ញុំគ្រាន់តែសរសេរការវាយបកខាងលើចប់ មានអារម្មណ៍ជ្រះថ្លាសប្បាយចិត្តវិញភ្លាម! ប៉ុន្មាននាទីក្រោយមក អារម្មណ៍សប្បាយនោះ បានប្តូរទៅជាកំលាំងកាយ ដែលធ្វើឲ្យខ្ញុំចាប់យកឡាម និងកន្ត្រៃ​មកកែកុនសក់មុខហ្នឹងភ្លាម! ៥ នាទីក្រោយមក សក់មុខខ្ញុំមើលទៅស្អាតសមជាងមុន ហើយខ្ញុំរៀនរបៀបកាត់សក់មុខ ដើម្បីកុំឲ្យខូចដូចមុននេះទៀតផង! អរគុណដល់តិចនិចនេះឯង! 

រូបភាពដើមអត្ថបទបានមកពី៖ Plantare

Seang​ Sokcheng
Wapatoa (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T