ភ្នំពេញ : ហេតុការណ៍ ដែលគួរឲ្យអស់សំណើចមួយ និងធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ខណៈបុរសម្នាក់វ័យជាង ៦០ ឆ្នាំ យកក្រមាទៅ ចងក សម្លាប់ខ្លួននឹងដើមឈើក្បែរផ្ទះ ក្នុងបំណងឲ្យប្រពន្ធ មានចិត្តអាណិតអាសូរ ដល់ខ្លួន ចំពោះសកម្មភាពការងាររាល់ថ្ងៃ ប៉ុន្តែសំណាងល្អ ដែល បានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេលវេលា ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង ៣០នាទីយប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៣ នៅចំណុចលើដើមឈើ ផ្លូវបឹងតាម៉ាត ភូមិ ម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ចិន វិត អាយុ ៦២ឆ្នាំ ស្នាក់នៅជិតចំណុចកើតហេតុ មាន មុខរបរជាអ្នកប៉ះកង់ ។

សាក្សីដែលរស់នៅជិតផ្ទះ បុរសរងគ្រោះ បានឲ្យដឹងថា មូលហេតុដែលបុរសម្នាក់នេះ សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសារមានការតូចចិត្ត នឹង ប្រពន្ធស្តីបន្ទោស ហើយប្រហែលជាបុរសរូបនេះ ចង់ឲ្យប្រពន្ធគិត ដឹងពីគុណសម្បត្តិរបស់ខ្លួន ដែលខិតខំប្រឹងប្រែងធ្វើកន្លងមក ជាពិសេស បុរសនេះ ពេលធ្វើសកម្មភាពចងក គឺរូបគេស្ថិតក្នុងស្ថានភាពស្រវឹង ។

សមត្ថកិច្ចបានសន្និដ្ឋានថា ការធ្វើសកម្មភាពចងក ខាងលើហាក់បីដូចជា ការចង់សើចរបស់ឈ្មោះ ចិន វិត ជាមួយក្រុមគ្រួសារគេ ព្រោះដោយសារ តាមការសាកសួររបស់សមត្ថកិច្ច ជនរងគ្រោះឆ្លើយម្តងថាអញ្ចេះ ម្តងថាអញ្ចោះ មិនពិត នឹងមិនសម ចំពោះការចងក ធ្វើអត្តឃាតនោះទេ។

សមត្ថកិច្ចក៏បានអំពាវនាវ ដល់បងប្អូនផ្សេង សូមមេត្តាកុំយកតម្រាប់តាម បុរសម្នាក់នេះឲ្យសោះ ដោយសារទង្វើនេះធ្វើឲ្យមនុស្សជាច្រើន មានការភ័យខ្លាច និងព្រួយបារម្ភ ។ គួរបញ្ជាក់ថា បុរសខាងលើនេះ ពេលសមត្ថកិច្ចទៅសួរ គេឆ្លើយថា ខ្ញុំធ្វើលេងទេ ៕


ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]