រាជធានីភ្នំពេញ ៖ សោកនាដកម្មនៅក្នុងគ្រួសារមួយប្រពន្ធត្រូវស្លាប់ភ្លាមៗនៅនឹង កន្លែង ឯបុរសជាប្តី និងកូនតូចពីរនាក់រងរបួសយ៉ាងធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅ មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ខណៈដែលពួកគេកំពុងជិះម៉ូតូ១គ្រឿងឌុបគ្នាធ្វើដំណើរតាមផ្លូវពេល យប់ ហើយត្រូវរថយន្តដឹកសិស្សសាលាឯកជនបើកបរដោយជនប្រមឹកម្នាក់ បុកពេញទំហឹង បន្ទាប់មករថយន្តនោះព្យាយាមបើករត់បានចម្ងាយប្រមាណ១០០ ម៉ែត្រ ក៏ជ្រុលទៅបុកបង្គោលភ្លើង និងជញ្ជាំងថ្មឃ្លាំងមួយកន្លែងក្រពឹតរួញមុខកៀបជាប់ទៅមុខលែង រួច ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នោះបានកើត ឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១ មេសា ២០១២ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិក្រាំងដូនទៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌ស បើកបរដោយបុរសស្រវឹងម្នាក់ឈ្មោះនង គង្គា អាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រៃព្រីងខាងឆ្វេង សង្កាត់ចោមចៅ ហើយជននេះត្រូវបានប៉ូលិសប៉ុស្តិ៍ចោមចៅ ចាប់ខ្លួនបានភ្លាមៗផងដែរ ។ ចំណែកឯជនរងគ្រោះដែលស្លាប់ឈ្មោះយ៉ែម ចន្ទ្រា ភេទស្រី អាយុ៣១ឆ្នាំ ត្រូវរថយន្តកិនបែកក្បាលស្លាប់នៅនឹងកន្លែង រីឯបុរសជាប្តីឈ្មោះណុប សារ៉េត អាយុជាង៣០ឆ្នាំ រងរបួសបាក់ជើង ហើយកូនប្រុសម្នាក់ឈ្មោះមិន សារ៉ាន់ អាយុ១០ឆ្នាំ និងកូនស្រីម្នាក់ទៀតឈ្មោះមិន សៅឌី អាយុ៨ឆ្នាំ រងរបួសធ្ងន់ធ្ងរ ត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីសង្គ្រោះបន្ទាន់ ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត និងម៉ូតូបើកបរបញ្ច្រាសទិសគ្នាដោយរថយន្តអ្នកបើកបរស្រវឹងជោក បើកវេរពេញផ្លូវ តែអត់មានកូនសិស្សជិះនៅលើនោះទេ ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង។ ឯជនរងគ្រោះទាំង៤នាក់ជិះម៉ូតូម៉ាក C100 កូរ៉េ១គ្រឿង ពណ៌ក្រហម ឌុបគ្នាធ្វើដំណើរពីជើងទៅត្បូង។ លុះមកដល់ត្រង់ចំណុចកើតហេតុរថយន្តក៏ជ្រុលទៅបុកម៉ូតូរង គ្រោះនៅខាងឆ្វេងដៃពេញទំហឹងតែម្តង៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]