ខេត្តព្រៃវែង ៖ បុរសម្នាក់បានស្លាប់នៅក្នុងផ្ទះគ្រូឱសថបុរាណ បន្ទាប់ពីបុរសនោះឈឺ ទៅរកគ្រូឱសថបុរាណជួយព្យាបាលឱ្យ កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី៣០ មីនា ។ ជនរងគ្រោះឈ្មោះ កែន សាវុទ្ធ អាយុ៥០ឆ្នាំ រស់នៅភូមិស្ទឹងស្លូត ឃុំអ្នកលឿង ស្រុកពាមរក៍ ជាមន្ត្រីសាលាស្រុកនោះ មានប្រពន្ធឈ្មោះអ៊ុន សុភាព អាយុ ៤១ ឆ្នាំ ។ ចំណែកគ្រូឱសថបុរាណឈ្មោះ ង្វៀង យ៉ាំងបៀង ភេទប្រុស អាយុ៦៩ឆ្នាំ ជាគ្រូឱសថបុរាណមានយីហោ វិហារនាគខៀវ នៅក្នុងភូមិជាមួយគ្នា ។
តាម ការរៀបរាប់របស់ស្ត្រីជាប្រពន្ធឱ្យដឹងថា ប្តីគាត់មានជំងឺស្ពឹករោយដៃជើង និងចុកថប់ចុងដង្ហើម ក្រោយពេលហូបបាយហើយ គាត់បានឱ្យគ្រូពេទ្យពិនិត្យ ហើយគ្រូពេទ្យប្រាប់ថា ប្តីគាត់ឈឺក្រពះ និងរលាកពោះវៀន ។ក្រោយមកបានរយៈពេល៤ថ្ងៃ គឺនៅថ្ងៃទី៣០ មីនា គាត់បានជូនប្តីទៅព្យាបាលនៅផ្ទះគ្រូឱសថបុរាណឈ្មោះ ង្វៀង យ៉ាំងបៀង ជាជនជាតិវៀតណាម ។ នៅវេលាម៉ោង៨និង៤៥នាទីព្រឹកគ្រូឱសថបុរាណនោះបានឱ្យថ្នាំ១គ្រាប់ រាងសំបែ៉ត ពណ៌ផ្កាឈូកទៅប្តីគាត់លេប ។ ក្រោយពេលលេបបានរយៈពេល១៥នាទី ប្តីគាត់បានប្រាប់ថា ឈឺបត់ជើងតូច ពេលនោះគាត់បានជូនប្តីទៅបត់ជើង ។ ក្រោយពេលបត់ជើងហើយ ប្តីគាត់បានស្ទុះមកឱបគាត់រួចក៏បញ្ឈរភ្នែកប្រកាច់ស្លាប់ភ្លាម នៅនឹងកន្លែងតែម្តងដោយមិនដឹងពីមូលហេតុអ្វីឡើយ ។
លោក ជិន សុផល មេប៉ុស្តិ៍ឃុំអ្នកលឿងឱ្យដឹងថា ក្រោយពេលកើតហេតុលោកបានឃាត់ខ្លួនគ្រូឱសថបុរាណនោះ ដើម្បីធ្វើការសាកសួរ និងរាយការណ៍ទៅថ្នាក់លើភ្លាម ។ មួយសន្ទុះក្រោយមក គេឃើញលោក ប្រាក់ ចាន់ថេត ប្រធានការិយាល័យបច្ចេកទេសខេត្ត និងលោកវេជ្ជបណ្ឌិត ទឹម កុសល ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ដឹកនាំដោយលោក សាយ ណូរា ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ចុះមកធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ និងត្រួតពិនិត្យឱសថដែលជនរងគ្រោះបានលេប ។
លោកបន្តថា ក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះឱ្យ ក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ឯគ្រូឱសថបុរាណ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
មិនទាន់មានប្រភពណាមួយអះអាងថា ការស្លាប់នោះដោយសារលេបថ្នាំមួយគ្រាប់នោះ ឬបែបណាទេ ប៉ុន្តែតាមការអះអាងរបស់មន្ត្រីប៉ូលិសថាគ្រូពេទ្យបាននិយាយថា ថ្នាំដែលលេបនោះមិនមែនជាថ្នាំបុរាណទេ តែជាប្រភេទថ្នាំវីតាមីន ៕
បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]