ខេត្តបាត់ដំបង ៖ រថយន្តកាមរីមួយគ្រឿង ទំនងបើកលឿនពេក ពេលដល់ចំណុចផ្លូវកោង ជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុល ធ្លាក់ចេញពីផ្លូវទៅបោក លើបង្គោលភ្លើង បណ្ដាលឲ្យបាក់សង្កត់លើរថយន្តវិញ ក្រពឹតមួយចំហៀង កាលពីរសៀលថ្ងៃទី១៧ មេសា ២០១៣ លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ដែលធ្វើឲ្យមនុស្ស២នាក់ជិះក្នុងរថយន្ត នោះរងរបួសស្រាល។

សមត្ថកិច្ចប្រាប់ថា រថយន្តកាមរីនោះពណ៌ស បើកដោយឈ្មោះស៊ុយ សាវើន ភេទប្រុស អាយុ២៨ឆ្នាំ នៅភូមិព្រៃទទឹង ឃុំជ្រៃ ស្រុកថ្មគោល ដែលដឹកក្រុមគ្រួសារប្រហែល៥នាក់ក្នុងរថយន្តនោះ។ សមត្ថកិច្ចបន្តថា រថយន្តនេះបើកមកពីទិសខាងកើតឆ្ពោះទៅលិច តែមកដល់ចំណុចផ្លូវកោងក៏ជ្រុលធ្លាក់ពីផ្លូវទៅខាងឆ្វេងដៃ បោកទៅប៉ះបង្គោលភ្លើង បណ្ដាលឲ្យបាក់សង្កត់លើរថយន្តនោះក្រពឹតខ្ទេចមួយចំហៀង រីឯអ្នកបើកបរ និងក្មេងម្នាក់ទៀតរងរបួសស្រាល។ តាមការពិនិត្យទំនងរថយន្តនេះបើកលឿនពេក ទើបដល់ផ្លូវកោងជាន់ហ្រ្វាំងមិនជាប់ក៏រអិលធ្លាក់ពីផ្លូវបែបនេះ។

ទោះជាយ៉ាងនេះក្ដីតាមការបំភ្លឺពីអ្នកបើកបរឈ្មោះស៊ុយ សាវើន បានប្រាប់សមត្ថកិច្ចថា ហ្រ្វាំងរថយន្តរបស់ខ្លួនជាន់មិនស៊ី ពេលខ្លួនព្យាយាមបញ្ឍប់ត្រង់ ចំណុចផ្លូវកោង ដើម្បីឲ្យបងប្អូនម្នាក់ចុះនៅទីនោះ។ បុរសនេះប្រាប់ថា គ្រានោះរថយន្តបានជ្រុលធ្លាក់ ចេញពីផ្លូវទៅបោកលើបង្គោលភ្លើង បណ្ដាលឲ្យបង្គោលភ្លើងបាក់សង្កត់លើរថយន្តក្រពឹតខាងស្ដាំ និងបែកកញ្ចក់មុខ តែសំណាងល្អដែលខ្លួន និងក្មេងម្នាក់រងរបួសតិចតួច។ បុរសនេះមិនបានប្រាប់សមត្ថកិច្ចថា មកពីខ្លួនបើករថយន្តលឿនហួសហេតុពេកនោះទេ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]