រឿង​ខ្លី «សំបុត្រ​ម៉ែ​» ពីវេជ្ជបណ្ឌិត​ គួច ម៉េងលី​ ធ្វើ​​ឲ្យ​​អ្នក​​អាន​​រំជួល​​ចិត្ត​​

//s5.kh1.co/ab/ab3c2444cf4e01cc403d16670834b53a67d3e446.jpg
ប្រលោមលោក & អប់រំ

 ០៨-មិថុនា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសខាងអប់រំ និងជាសហគ្រិន មួយរូប

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលមានសញ្ជាតិខ្មែរ-អាមេរិក គឺជាអ្នកឯកទេសខាងអប់រំ និងជាសហគ្រិន មួយរូប។ បច្ចុប្បន្នលោកឧកញ៉ាវេជ្ជបណ្ឌិត ត្រូវគេស្គាល់ថា ជាស្ថាបនិកប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយក​ប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជនមួយនៅកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្មីៗនេះផងដែរ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហោះនូវរឿងខ្លីមួយនៅលើហ្វេសប៊ុកផេក​របស់លោក​ដែលមានឈ្មោះថា MJQ University Press ដោយរឿងខ្លីនោះមានចំណងជើងថា 'សំបុត្រម៉ែ' ដែលដកស្រង់​ចេញ​ពីសៀវភៅ​កម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និពន្ធដោយ អឿ ស៊ីណា៕

រឿងខ្លីនោះមានខ្លឹមសារដូចខាងក្រោម៖

យប់នេះជាយប់មួយដ៏ពិសេសសម្រាប់ខ្ញុំ។ មិត្ដភក្ដិខ្ញុំ និងខ្ញុំបានរៀបចំកម្មវិធីជប់លៀងមួយ​នៅ​ពេល​​ប្រឡងជាប់ថ្នាក់ទី១០ដោយជោគជ័យ។ កម្មវិធីប្រារព្ធឡើងពោរពេញដោយភាពសប្បាយរីករាយ ម្នាក់ៗមានស្នាមញញឹមគ្រប់ៗគ្នា។ បន្ទាប់ពីកម្មវិធីបានបញ្ចប់ ខ្ញុំមិនហ៊ាននៅជជែកជាមួយមិត្ដភក្ដិយូរទេ ខ្ញុំប្រញាប់រួសរាន់​មកផ្ទះ​មុនគេ ព្រោះម៉ាក់ខ្ញុំប្រាប់ថា គាត់មិនសូវស្រួលខ្លួនផង។ នៅម៉ោង១១យប់នាថ្ងៃទី៩ខែមករា ឆ្នាំ២០១៨ ខ្ញុំបានមកដល់ផ្ទះ។
ទ្វារផ្ទះ និងភ្លើងក្នុងផ្ទះមិនទាន់បិទ តែផ្ទះមានសភាពស្ងាត់។ ដោយអាការៈស្រវឹងស្ប៉ាយ (SPY) តិចៗ ខ្ញុំប្រញាប់ចូលផ្ទះយ៉ាងលឿន ព្រោះមិនចង់ឱ្យម៉ាក់ដឹង។ ចូលដល់ក្នុងផ្ទះក៏មិនឃើញម៉ាក់ចេញមករកខ្ញុំ ខុសពីសព្វមួយដង ដែលម៉ាក់តែងតែ​ស្ទុះ​មករក​ខ្ញុំ ដោយសួរពីសុខទុក្ខផង។ ខ្ញុំនៅតែចោលភ្នែកសម្លឹងទៅរកបន្ទប់គេងព្រោះក្រែងឃើញម៉ាក់ ស្រាប់តែជើងរបស់ខ្ញុំប៉ះត្រូវអ្វីម្យ៉ាង។ ខ្ញុំឈ្ងោកមុខមើល “ពុទ្ធោ ម៉ាក់!” ខ្ញុំលាន់មាត់ស្រែកឡើងភ្លាត់សំឡេង។ ម៉ាក់ដួលស្តូកស្តឹងក្បែរទ្វារក្នុងបន្ទប់។ ម៉ាក់គ្មានកម្រើក គ្មានបញ្ចេញសំឡេងអ្វីសោះឡើយ។ ខ្ញុំបានស្ទុះយ៉ាងលឿនទៅរកម៉ាក់ ហើយបីត្រកងម៉ាក់ ខ្ញុំខំស្រែកហៅម៉ាក់ខ្លាំងៗ៖ “ម៉ាក់ក្រោកឡើងៗ ពុទ្ធោ! តើមានរឿងអ្វីកើតឡើងចំពោះម៉ាក់?” តែបើទោះបីជាខ្ញុំខំប្រឹងស្រែកហៅម៉ាក់យ៉ាងណាក៏ដោយ ក៏មិនមានចម្លើយឆ្លើយត្រឡប់​មក​ខ្ញុំវិញ​ដែរ ព្រោះម៉ាក់ប្រហែលជាផុតដង្ហើមតាំងពីមុនពេលខ្ញុំមកដល់ផងមើលទៅ។ ខ្ញុំបានស្ទុះចេញពីក្នុងផ្ទះមកក្រៅ ហើយស្រែកប្រាប់ទៅញាតិជិតខាងឱ្យគេ មកជួយ តែគ្មាន​អ្នកណា​ម្នាក់អាចជួយម៉ាក់បានឡើយ។ ម៉ាក់ទៅហើយម៉ាក់ទៅចោលកូន ដោយគ្មានពាក្យថា​លាមួយម៉ាក់។
ខ្ញុំយំឱបរាងកាយម៉ាក់ រហូតបាត់បង់ស្មារតីដែរ។ ដំណឹងមរណភាពរបស់ម៉ាក់ បានឮទៅដល់​ក្រុមហ៊ុនដែលគាត់ធ្វើការ។ ម៉ាក់ធ្វើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ម៉ាក់មានតួនាទីជាអ្នកអនាម័យក្នុងសាលារៀន អន្ដរទ្វីប អាមេរិកាំងអស់រយៈពេល​ជាង១០ឆ្នាំ​មក​ហើយ។ លោកគ្រូ អ្នកគ្រូ ដែលធ្វើការងារជាមួយម៉ាក់ ថាម៉ាក់គឺជាបុគ្គលិកគំរូទៀតផង ព្រោះគាត់ជាបុគ្គលិកឧស្សាហ៍ព្យាយាម និងធ្វើការងារដោយការយកចិត្ដទុកដាក់ ហ្មត់ចត់ អត់ធ្មត់ មានម្ចាស់ការ និងមានទំនួលខុសត្រូវខ្ពស់បំផុត។ ជាទម្លាប់ ម៉ាក់ធ្វើគឺយកចិត្ដធ្វើ មិនធ្វើឱ្យតែរួចពីដៃឡើយ។ ឯខ្ញុំជាកូនស្រីតែម្នាក់គត់របស់គាត់។ ខ្ញុំគឺជាសិស្សរៀនថ្នាក់ទី១០ នៅក្នុងសាលារៀន អន្ដរទ្វីប អាមេរិកាំង។ ខ្ញុំបានរៀននៅទីនេះ ក៏ព្រោះខ្ញុំបានទទួល​អាហារូបករណ៍​​ពីលោកឧកញ៉ា គួច ម៉េងលី ដែលតែងផ្ដល់ជូនបុគ្គលិក ដែលធ្វើការងារចាប់​ពី៣ឆ្នាំឡើងទៅ អាចដាក់កូនចូលរៀនបានម្នាក់ដោយឥតគិតថ្លៃ ណាមួយខ្ញុំក៏ទទួលបានការ​សន្ដោសប្រោសប្រណីពីលោកឧកញ៉ាផងដែរ ដែលគាត់តែងតែបានផ្ដល់ជាសម្លៀកបំពាក់ និងសម្ភារៈសិក្សាជារៀងរាល់ឆ្នាំដល់ខ្ញុំ។ ចំណែកលោកឧកញ៉ា ក្រោយពីទទួលដំណឹងថា ម៉ាក់មានគ្រោះថ្នាក់ដល់ជីវិត គាត់មានការរន្ធត់ចិត្តយ៉ាងខ្លាំង។ លោកឧកញ៉ា បានប្រាប់ទៅ​លេខាធិការរបស់គាត់ ឱ្យជួយចាត់ចែងការងារធ្វើបុណ្យសពនេះឱ្យបានសមរម្យ ដោយលោកឧកញ៉ា ជាអ្នករ៉ាប់រងលើការចំណាយថវិកា។ ទឹកចិត្ដរបស់លោកឧកញ៉ាមកលើម្តាយខ្ញុំ និងខ្ញុំក្នុងជាតិនេះ ខ្ញុំចងចាំមិនភ្លេចឡើយ។ បន្ទាប់ពីពេលធ្វើបុណ្យសពម្ដាយខ្ញុំចប់សព្វគ្រប់ហើយនោះ ពេលខ្ញុំរៀបចំផ្ទះ ខ្ញុំក៏ប្រទះឃើញ​សំបុត្រមួយច្បាប់ និងកាតធនាគារកម្ពុមួយសន្លឹកនៅក្នុងថតតុរៀនខ្ញុំ។ សំបុត្រដែលម្ដាយខ្ញុំបានសរសេរទុកឱ្យមុនពេលទទួលមរណភាព។ ម៉ាក់សរសេរថា “ឱកូនសំឡាញ់ចិត្ដម៉ាក់! ម៉ាក់ ពិតជាស្រឡាញ់កូនលើសពីជីវិតម៉ាក់ រាប់រយដងទៅទៀត។ បើទោះជាពេលនេះ ម៉ាក់ចុកពោះស្ទើរស្លាប់ ក៏ម៉ាក់មិនចង់ឱ្យកូនដឹងរឿងនេះដែរព្រោះម៉ាក់ចង់​ឱ្យកូនបានសប្បាយចិត្ដ និងរៀនសូត្រឱ្យបានពូកែ កុំឱ្យដូចរូបម៉ាក់ ដែលកើតមកអភ័ព្វ រៀនមិនបានចប់ បានត្រឹមតែថ្នាក់ទី៤។ម៉ាក់ពិតជាមិនចង់ឱ្យកូនសំឡាញ់ម៉ាក់ខ្មាសគេទេ។ កូនម៉ាក់ ឱ្យម៉ាក់សុំទោសផង! នៅក្នុងធនាគារម៉ាក់មានប្រាក់សន្សំខ្លះទុកឱ្យកូន។ នេះគឺជាលុយបន្ដិចបន្តួច ដែលម៉ាក់សន្សំសម្រាប់កូនរៀននៅមហាវិទ្យាល័យពេល​ដែលកូនចប់ថ្នាក់ទី១២ តែម៉ាក់ធ្វើមិនបានសម្រេចបំណងឡើយ ព្រោះតែជំងឺរបស់ម៉ាក់ចេះតែរាតត្បាត ហើយខាងក្រោមនេះ គឺជាលេខកូតសម្ងាត់ ដែលកូនអាចបើកយកមកប្រើប្រាស់បានពេលអត់ពីម៉ាក់។ មួយទៀតកូនកុំខឹងនឹងម៉ាក់អី ដែលម៉ាក់មិនបានប្រាប់កូនថា ម៉ាក់មានជំងឺមហារីក ម៉ាក់មិនប្រាប់កូនក៏មកពីម៉ាក់មិនចង់ឱ្យកូនពិបាកចិត្ដ មិនចង់ឱ្យកូនគ្មានអារម្មណ៍រៀន ហើយក៏មិនចង់ឱ្យកូនសំឡាញ់ម៉ាក់ឈប់រៀនព្រោះម៉ាក់ដែរ។ ពេលនេះម៉ាក់លាកូនសំឡាញ់សិនហើយ។ ពីម៉ាក់សម្អាត នៅតែស្រឡាញ់កូនជានិច្ច។ អានសំបុត្រចប់ភ្លាម ខ្ញុំហូរទឹកភ្នែកដោយមិនដឹងខ្លួន។ ខ្ញុំយំខ្សឹកខ្សួលអួលដើមកតែម្នាក់ឯងនៅក្នុងផ្ទះដ៏សែនស្ងាត់។ ខ្ញុំតែងក្រឡេកទៅមើលតុ ដែលម៉ាក់បានរៀបចំបាយឱ្យខ្ញុំជារៀងរាល់ថ្ងៃ មើលទៅគ្រែដេកដែលម៉ាក់តែងតែ​ដាស់​ឱ្យទៅរៀន​មិនដែលខាន មើលទៅកង់ដែលម៉ាក់ ជិះឌុបខ្ញុំទៅរៀន និងធ្វើការជាមួយខ្ញុំ មើលឃើញគ្រប់ទង្វើទាំងអស់ហាក់បីដូចជា​នៅថ្មីៗនៅឡើយ។ ពេលនេះទើបខ្ញុំបានដឹងពីកំហុសឆ្គងដ៏ធំរបស់ខ្ញុំ គឺមិនបានជួយអ្វីម៉ាក់សូម្បីតែបន្ដិច ហើយការប្រព្រឹត្ដរបស់ខ្ញុំកន្លងមក ខ្ញុំពិតជាកូនចោលម្សៀត ខ្ញុំជាកូនមិនល្អ មិនបានជួយ​អ្វីម៉ាក់ទាល់តែសោះ សូម្បីតែជួយលាងចានឆ្នាំង ជួយដាំបាយ បោសជូតផ្ទះបានក៏ខ្ញុំមិន​ដែលបានធ្វើដែរ ហើយម៉ាក់មិនដែលត្អូញត្អែរមួយម៉ាត់ប្រាប់ខ្ញុំថា ហត់ឡើយ។ ម៉ាក់! ឱ្យកូនសុំទោស! ខ្ញុំនៅចាំថា មុនពេលទៅជប់លៀង ខ្ញុំបានសុំម្តាយខ្ញុំទៅ តែម៉ាក់តបវិញថា គាត់មិនស្រួលខ្លួនចង់ឱ្យខ្ញុំនៅកំដរ និងកោសខ្យល់ឱ្យ តែខ្ញុំមិនស្តាប់គាត់ទេ ព្រោះយល់ថា​អាការៈរបស់ម៉ាក់ ធម្មតាប៉ុណ្ណោះ។ ម៉ាក់មិនអីទេ តែពេលខ្ញុំត្រឡប់ពីជប់លៀង គឺអាការៈរបស់ម៉ាក់ខុសពីការគិតរបស់ខ្ញុំ។ ទោះបីខ្ញុំមានប្រាក់កាសខ្លះពីម៉ាក់សន្សំក្នុងធនាគារ តែខ្ញុំពិតជាអស់សង្ឃឹម ព្រោះខ្ញុំនឹងគ្មានថវិកា សម្រាប់រៀនបន្តឡើយ។ ខ្ញុំគ្មានអ្នកគ្រប់គ្រង គ្មានអ្នកណែនំា អប់រំទូន្មាន ដូចម៉ាក់ទៀតឡើយ។ ថ្ងៃមួយ ពេលខ្ញុំចេញពីរៀនវិញ ជំនួយការម្នាក់របស់លោកឧកញ៉ាគួច ម៉េងលី បានស្កាត់មកជួបខ្ញុំ ហើយបានប្រាប់ខ្ញុំថា កុំបារម្ភអី ទោះបីពេលនេះ ម្តាយខ្ញុំមិនមានវត្តមានបំពេញការងារទៀតក្តី តែតាមរយៈគុណសម្បត្តិរបស់ម៉ាក់ លោកឧកញ៉ា នឹងបន្តផ្តល់អាហារូបករណ៍ឱ្យខ្ញុំរហូត​ដល់ខ្ញុំរៀនចប់បរិញ្ញាបត្រ។ ក្រៅពីនេះ លោកឧកញ៉ា ក៏នឹងជួយទំនុកបម្រុង ជួយចេញថ្លៃទឹក ភ្លើង និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀតដែរ។ ឮសម្តីនេះភ្លាម អារម្មណ៍របស់ខ្ញុំអរចង់ហោះ ព្រោះខ្ញុំយល់ថា អនាគតរបស់ខ្ញុំនឹងមិនសាបសូន្យទេ ខ្ញុំបាននិយាយដោយក្តីរំភើបទៅកាន់​លោកជំនួយការវិញថា ខ្ញុំអរគុណលោកពូ និងសូមអរគុណលោកឧកញ៉ាផង ចំពោះការ​សន្ដោសប្រណីនេះ។ លោកជំនួយការ ប្រាប់ខ្ញុំថា មិនអីទេ ហើយបើខ្ញុំមានធុរៈអ្វី អាចប្រាប់​គាត់បាន។ ពេលលោកជំនួយការចេញទៅផុត ខ្ញុំលើកដៃទំាងពីរឡើងលើ រួចសំបូងសង្រូង​បួងសួង​សុំឱ្យព្រលឹងម៉ាក់បានទៅកាន់សុគតិភព និងថ្លែងអំណរគុណចំពោះម៉ាក់ ដែលបន្សល់​នូវមហាគុណសម្បត្តិដើម្បីកូនទៀត។ ខ្ញុំនិយាយនេះមិនមែនមានន័យថា ខ្ញុំបន់ឱ្យម្តាយស្លាប់ ឬចង់កេងចំណេញពីគុណសម្បត្តិអ្នកម្តាយទេ តែគុណសម្បត្តិរបស់ម្តាយខ្ញុំ គឺពិតជាធំ​មហិមាមែន បើម៉ាក់គ្មានគុណសម្បត្តិទេ ក៏ខ្ញុំមិនអាចទទួលបានអាហារូបករណ៍បន្តទៀតដែរ ឯលោកឧកញ៉ា ក៏ជាមនុស្សល្អគួរឱ្យគោរពបំផុតដែរ៕

សំបុត្រម៉ែ
សៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី <br>
សៀវភៅកម្រងរឿងខ្លី ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី
Phon Panha
Uchiha (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T