ភ្នំពេញៈ ជនសង្ស័យ ៣ នាក់ ដែលពាក់ព័ន្ធនឹងករណី ប្លន់សម្លាប់បុរសម្នាក់ ញាត់ចូលក្នុងលូ ប្រឡាយត្រពាំងគរ ភូមិ ត្រពាំងគរ សង្កាត់ពងទឹក ខណ្ឌដង្កោ កាលពីយប់ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០១៣ ពេលនេះ ត្រូវក្រុមកងរាជអាវុធហត្ថ ខណ្ឌ ដង្កោ សហការជាមួយ កងរាជអាវុធហត្ថ រាជ ធានីភ្នំពេញ ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៣ នៅភូមិព្រៃ វែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។

កងរាជអាវុធហត្ថ ខណ្ឌដង្កោ បានឲ្យដឹងថា ឃាតក ដែលសម្លាប់បុរសឈ្មោះ សូត្រ វីរះ ភេទប្រុស អាយុ ២០ឆ្នាំ ញាត់ចូល លូប្រឡាយ  រួចប្លន់យកម៉ូតូនោះ មានឈ្មោះ វ៉ាន  ភក្តី ភេទប្រុស អាយុ ២៧ ឆ្នាំ ស្នាក់នៅ ភូមិព្រៃវែងខាងលិច សង្កាត់ព្រៃ វែង ខណ្ឌដង្កោ និងបក្ខពួក ២ នាក់ ដែលរួមដៃជាមួយ ឈ្មោះ វ៉ាន ភក្តី នោះ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ ពីអត្តសញ្ញាណ ពួកគេនៅឡើយទេ ។

ប្រភពដដែល បានបន្តថា កាលព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣នេះ មានការភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយប្រជា ពលរដ្ឋ បានប្រទះឃើញ សពបុរសម្នាក់ ត្រូវគេវាយសម្លាប់ ហើយយកទៅញាត់ចូលទៅក្នុងលូប្រឡាយ។ ពេលនោះ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅពិនិត្យ ដល់កន្លែងកើតហេតុ កំណត់មុខសញ្ញា ស្រាវជ្រាវតាមចាប់បាន ជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន ភក្តី នៅវេលា១៦ ថ្ងៃដដែល យកមកកាន់ទីបញ្ជា កងរាជអាវុធហត្ថខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ ។

ដោយសមត្ថកិច្ច បានធ្វើការសាកសួរ តាមជំនាញ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន និងបក្ខពួក ២នាក់ផ្សេងទៀត បាន ធ្វើសកម្មភាព វាយសម្លាប់ជនរងគ្រោះឈ្មោះ សូត្រ វីៈ ប្លន់យកម៉ូតូ ខណៈពួកគេ និងជនរងគ្រោះ បាននាំគ្នាជិះម៉ូតូ ចេញពី កន្លែងរាំ ក្នុងវត្តព្រៃវែង រហូតមកដល់ប្រឡាយ កើតហេតុនេះ ក្រុមជនសង្ស័យឃើញ ឱកាសល្អ ក៏សម្រេចសម្លាប់ជន រងគ្រោះប្លន់យកម៉ូតូម៉ាក សេ ១២៥ ស៊េរី ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BN 9657 ជិះរត់គេចខ្លួន ចំណែក សពជនរង គ្រោះ ដោយខ្លាចមានគេឃើញ ជនសង្ស័យក៏នាំគ្នា លើកយកទៅញាត់ចូលលូ ក្នុងប្រឡាយត្រពាំងគរ តែម្តងទៅ ។

យោងទៅតាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ វ៉ាន ភក្តី កងរាជអាវុធហត្ថខណ្ឌដង្កោ បានសហការជាមួយ កងរាជ អាវុធហត្ថ រាជធានីភ្នំ ពេញ ចុះមកឃាត់ខ្លួន ជនសង្ស័យ ២ នាក់ទៀត នៅចំណុចភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌ ដង្កោ កាលពីព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០១៣ នេះ ដោយជនសង្ស័យទាំង ៣នាក់ ត្រូវសមត្ថកិច្ចយកទៅឃុំខ្លួន បណ្តោះ អាសន្ននៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនខ្លួន ទៅសាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមនីតិវីធីច្បាប់ ។

លោក ស សុភ័ណ្ឌ មេបញ្ជាការ កងរាជអាវុធ ខណ្ឌដង្កោបានឲ្យដឹងថា ម៉ូតូដែលជនសង្ស័យ ធ្វើសកម្មភាពប្លន់យកទៅ ពេលនេះ ត្រូវសមត្ថកិច្ច   ធ្វើការរឹបអូស យកមកប្រគល់ជូន ក្រុមគ្រួសារសពជនរងគ្រោះវិញហើយ៕

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន

សពជនរងគ្រោះដែលគេស្រង់ចេញពីទឹក




ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]