ប្រាក់​ពិន័យ​​ ៧០% ​បានពីអ្នក​ល្មើស​ច្បាប់​ចរាចរណ៍​​ផ្ទេរ​ឲ្យ​ទៅ​ប៉ូលីស​​ ជារឿង​​គួរ​ឲ្យ​​រិះ​គន់ ឬ​យ៉ាង​​ណា​​?​

//s5.kh1.co/a7/a722765050437168d4b9b48a2191931d49696ec8.jpg
សង្គម

 ០៦-ឧសភា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

«បើមើលលើភាគរយ យើងគិតថាច្រើន។ តាមពិតពេលចែកជាចំណូលជាក់ស្តែងគឺបានតិច ព្រោះមន្ត្រីពាក់ព័ន្ធ​ក្នុងមួយ​គោលដៅ​មានមន្ត្រីពី ១០ ទៅ ១៥នាក់...»

លោកឧត្តមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់​សាធារណៈបាន​បញ្ជាក់​ប្រាប់ Khmerload ថា ត្រឹមរយៈពេលប៉ុន្មានថ្ងៃនាដើមខែឧសភា ស្ថានភាពប្រតិបត្តិការបន្តឹងច្បាប់​ចរាចរណ៍​ផ្លូវគោក មានមតិខ្លះចេញមុខសាទរ ខណៈអ្នកមួយចំនួនទៀតបាន រិះគន់ឥតសំចៃ ពីរឿងតម្លើងថ្លៃ​ផាកពិន័យ ៣ដង​ទៅ៥ដង។ ហើយទន្ទឹមហ្នឹងនោះគេឃើញ មានការបង្ហោះរិះគន់តាមបណ្តាញសង្គមថា «ការផ្តល់រង្វាន់ ៧០% ដែលជាថវិកាបានពីការផាកពិន័យអ្នកល្មើសច្បាប់ ជាឱកាសរឹបរកលុយពីសំណាក់សមត្ថកិច្ច ព្រោះ ៧០%​ បានទៅ​លើមន្ត្រីចរាចរណ៍ ​(ពិន័យអ្នកល្មើសច្បាប់បានប្រាក់ច្រើន ក៏ទទួលបានភាគរយច្រើនដែរ) ខណៈថវិកាចូលរដ្ឋបាន​តែ ៣០% ​ប៉ុណ្ណោះ»។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ឆ្លើយតបនឹងការរិះគន់ទាំងនោះ មន្រ្តីចរាចរណ៍ជាន់ខ្ពស់ខាងលើបានបង្ហើបថា បើមើលលើភាគរយ អ្នករាល់គ្នា​គិតថាថវិកាដែលនឹងទទួលបានគឺទំនងជាច្រើនណាស់។​ លោកថា តាមពិតបើចែកជាចំណូលជាក់ស្តែងគឺ​បាន​តិចទេ។

«បើមើលលើភាគរយ យើងគិតថាច្រើន។ តាមពិតពេលចែកជាចំណូលជាក់ស្តែងគឺបានតិច ព្រោះមន្ត្រីពាក់ព័ន្ធ​ក្នុងមួយគោលដៅមានមន្ត្រីពី ១០ ទៅ ១៥នាក់ និងមន្ត្រីនៅការិយាល័យក៏ទទួលចំណែកស្មើៗគ្នាពីក្នុង ៧០​ភាគរយនេះដែរ»។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល
លោកឧត្តមសេនីយ៍ត្រី ថី វិសាល

លោកបន្ថែមថា​ ការពិតរង្វាន់ ៧០% នោះមានការប្រកាសពីអន្តរក្រសួងយ៉ាងត្រឹមត្រូវ ដោយមិនមែនចេះតែបើក​ឲ្យតាមតែចិត្តនឹក​ឃើញទេ។ ហើយបើប្រជាពលរដ្ឋកាន់តែយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ នោះថវិកាដែល​មន្ត្រីពិន័យបានក៏កាន់តែថយ ទោះបីតម្លៃ ៧០% នៅរក្សាដដែលក៏ដោយ។

«ប្រាក់រង្វាន់នេះ មិនមែនមានតែកម្ពុជាទេដែលធ្វើបែបហ្នឹង ​នៅប្រទេសផ្សេងក៏មានដែរ។ មែនទែនទៅវាជារង្វាន់​លើកទឹកចិត្ត។ បើកឲ្យផ្ទាល់សម្រាប់ពង្រឹងយន្តការ ដោយមានប្រកាសពីអន្តរក្រសួងពី ក្រសួងមហាផ្ទៃ ព្រមទាំង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងត្រឹមត្រូវ មិនមែនបើកឲ្យតាមតែចិត្តនឹកឃើញទេ។ ៧០ភាគរយ បើពលរដ្ឋ​គោរពច្បាប់ នោះថវិកាកាន់តែតិច។ អ៊ឺចឹងបើពលរដ្ឋគោរពច្បាប់ នោះថវិកាកាន់តែថយ ទោះតម្លៃ ៧០ភាគរយ​នៅ​រក្សាដដែលក៏ដោយ។ ដោយមើលឃើញបែបនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបន្ថែមប្រាក់លើកទឹកចិត្តឲ្យមន្ត្រីម្នាក់ ៣០ដុល្លារទៀតក្នុងមួយខែ ពោលគឺមួយថ្ងៃ១ដុល្លារ សម្រាប់មន្ត្រីចរាចរណ៍ជាង៣ពាន់នាក់»។

លោកឧត្តមសេនីយ៍ត្រី ថី វិសាល បកស្រាយលម្អិតថា៖ «បើបែងចែក មន្ត្រីម្នាក់ទទួលរង្វាន់ពីប្រាក់ពិន័យប្រហែល ២០ម៉ឺនជាងក្នុងមួយខែ និងទទួលប្រាក់បានពីថ្នាក់លើ ៣០ដុល្លារ សរុបទាំងអស់មួយខែមន្រ្តីបាន៦០ម៉ឺនអីហ្នឹង។ នគរបាលទាំងនោះ នឹងទទួលបានរង្វាន់នេះ តាមរយៈការផ្ទេរចូលធនាគារ​ មិនមែនទទួលបានមួយថ្ងៃៗនោះទេ។ ហើយតួនាទីត្រូវធ្វើ និងភារកិច្ច ២៤ម៉ោង គ្មានសៅរ៍ គ្មានអាទិត្យ។​ ពោលគឺ មានវត្តមាននគរបាលចរាចរណ៍​គ្រប់​បុណ្យទាន​។ ហេតុនេះ វាគួរជាតម្លៃមួយដែលនគរបាលចរាចរណ៍សមនឹងទទួលបានការលើកទឹកចិត្ត»។

រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក
រូបភាពពីបណ្តាញសង្គមហ្វេសប៊ុក

ជាការកត់សម្គាល់ លោកថា មកដល់ពេលនេះ​មានបញ្ហាមួយចំនួនដែរដែលពលរដ្ឋរិះគន់មកលើសមត្ថកិច្ច។ ទី១ ពួកគាត់រិះគន់ដោយសារថវិកាពិន័យគឺច្រើនជាងមុន ៣ទៅ ៥ដង។ ហើយក្រៅពីនោះ ទី២ គឺរិះគន់ ដោយសារ​សមត្ថកិច្ច​មានការឆកល្វែង ខ្វះចន្លោះ​ក្នុងជំនាញរបស់ខ្លួនឯង។ បែបនេះក្តី លោកថា បន្ទាប់ពីបញ្ហាកើតឡើង មន្ត្រីថ្នាក់លើក៏បានណែនាំ និងបានដាក់ពិន័យដល់មន្ត្រីដែលបង្កកំហុសទាំងនោះដែរ។

លោកថា៖ «​យើងបានណែនាំ និងបានដាក់ពិន័យដល់មន្ត្រីដែលមានការឆកល្វែង ខ្វះចន្លោះ​ក្នុងជំនាញរបស់ខ្លួន។ ជាក់ស្តែងដូចជា នគរបាលចរាចរណ៍ដែលអនុវត្តផ្ទុយពីគោលការនៅខេត្តស្វាយរៀងជាដើម គឺត្រូវបានពិន័យរួច​ហើយ​។ ចំណុចណែនាំនោះគឹ ចំពោះបុគ្គលពិន័យប្រាក់មានបង្កាន់ដៃ ត្រូវបង់នៅស្នាក់ការនគរបាលដែលបានកំណត់ មិនបង់ប្រាក់លើដងផ្លូវទៀតទេ»។

គួរបញ្ជាក់ថា កន្លងទៅលោក ហ៊ឹម យ៉ាន អគ្គស្នងការ​រង​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​នៅក្នុង​សន្និសីទ​​សារព័ត៌មាន នៅ​ទីស្ដីការ​គណៈ​រដ្ឋ​ម​ន្រី្ត​កាលពី​ថ្ងៃទី​៣០ មេសា​ថា ដើម្បី ចៀសវាងការផាកពិន័យ អ្នកប្រើ​ប្រាស់​​ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍។ ម្ចាស់​យានយន្តត្រូវដាក់​តាម​ខ្លួន​នូវ​ច្បាប់ដើម​បណ្ណ​បើកបរ ហើយ​អ្នកធ្វើអាជីវកម្ម ត្រូវមាន​លិខិតអនុញ្ញាត​ធ្វើ​អាជីវកម្ម​។ ចំណែក​ឯកសារ​ផ្សេងទៀត អាច​ប្រើប្រាស់​ឯកសារ​ចម្លង​បាន​។ ដោយឡែក ចំពោះ​ការពិន័យ គឺ​អាជ្ញាធរ​ទុក​រយៈពេល​១៥​ថ្ងៃ ដើម្បី​ឲ្យ​អ្នកបើកបរ​ល្មើស​ទៅ​បង់ប្រាក់ នៅតាម​អធិការ​ខ័ណ្ឌ​នីមួយៗ​។ ករណី​លើស​ថ្ងៃ​កំណត់ នឹងត្រូវ​ន័យ​ទ្វេដង ហើយ​បើសិនជា​មិន​ទៅ​បង់ប្រាក់​ពិន័យ​ទេ អាច​ប្រឈម​នឹង​ការឡើង​តុលាការ​ផងដែរ៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T