លោកឧត្តមសេនីយ៍ត្រី
ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍
និងសណ្តាប់ធ្នាប់សាធារណៈបានបញ្ជាក់ប្រាប់ Khmerload ថា ត្រឹមរយៈពេលប៉ុន្មានថ្ងៃនាដើមខែឧសភា ស្ថានភាពប្រតិបត្តិការបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក
មានមតិខ្លះចេញមុខសាទរ ខណៈអ្នកមួយចំនួនទៀតបាន រិះគន់ឥតសំចៃ ពីរឿងតម្លើងថ្លៃផាកពិន័យ ៣ដងទៅ៥ដង។
ហើយទន្ទឹមហ្នឹងនោះគេឃើញ មានការបង្ហោះរិះគន់តាមបណ្តាញសង្គមថា «ការផ្តល់រង្វាន់ ៧០% ដែលជាថវិកាបានពីការផាកពិន័យអ្នកល្មើសច្បាប់
ជាឱកាសរឹបរកលុយពីសំណាក់សមត្ថកិច្ច ព្រោះ ៧០% បានទៅលើមន្ត្រីចរាចរណ៍
(ពិន័យអ្នកល្មើសច្បាប់បានប្រាក់ច្រើន ក៏ទទួលបានភាគរយច្រើនដែរ)
ខណៈថវិកាចូលរដ្ឋបានតែ ៣០% ប៉ុណ្ណោះ»។
ឆ្លើយតបនឹងការរិះគន់ទាំងនោះ មន្រ្តីចរាចរណ៍ជាន់ខ្ពស់ខាងលើបានបង្ហើបថា បើមើលលើភាគរយ អ្នករាល់គ្នាគិតថាថវិកាដែលនឹងទទួលបានគឺទំនងជាច្រើនណាស់។ លោកថា តាមពិតបើចែកជាចំណូលជាក់ស្តែងគឺបានតិចទេ។
«បើមើលលើភាគរយ យើងគិតថាច្រើន។ តាមពិតពេលចែកជាចំណូលជាក់ស្តែងគឺបានតិច ព្រោះមន្ត្រីពាក់ព័ន្ធក្នុងមួយគោលដៅមានមន្ត្រីពី ១០ ទៅ ១៥នាក់ និងមន្ត្រីនៅការិយាល័យក៏ទទួលចំណែកស្មើៗគ្នាពីក្នុង ៧០ភាគរយនេះដែរ»។
លោកបន្ថែមថា ការពិតរង្វាន់ ៧០% នោះមានការប្រកាសពីអន្តរក្រសួងយ៉ាងត្រឹមត្រូវ ដោយមិនមែនចេះតែបើកឲ្យតាមតែចិត្តនឹកឃើញទេ។ ហើយបើប្រជាពលរដ្ឋកាន់តែយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ នោះថវិកាដែលមន្ត្រីពិន័យបានក៏កាន់តែថយ ទោះបីតម្លៃ ៧០% នៅរក្សាដដែលក៏ដោយ។
«ប្រាក់រង្វាន់នេះ មិនមែនមានតែកម្ពុជាទេដែលធ្វើបែបហ្នឹង នៅប្រទេសផ្សេងក៏មានដែរ។ មែនទែនទៅវាជារង្វាន់លើកទឹកចិត្ត។ បើកឲ្យផ្ទាល់សម្រាប់ពង្រឹងយន្តការ ដោយមានប្រកាសពីអន្តរក្រសួងពី ក្រសួងមហាផ្ទៃ ព្រមទាំងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យ៉ាងត្រឹមត្រូវ មិនមែនបើកឲ្យតាមតែចិត្តនឹកឃើញទេ។ ៧០ភាគរយ បើពលរដ្ឋគោរពច្បាប់ នោះថវិកាកាន់តែតិច។ អ៊ឺចឹងបើពលរដ្ឋគោរពច្បាប់ នោះថវិកាកាន់តែថយ ទោះតម្លៃ ៧០ភាគរយនៅរក្សាដដែលក៏ដោយ។ ដោយមើលឃើញបែបនេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបន្ថែមប្រាក់លើកទឹកចិត្តឲ្យមន្ត្រីម្នាក់ ៣០ដុល្លារទៀតក្នុងមួយខែ ពោលគឺមួយថ្ងៃ១ដុល្លារ សម្រាប់មន្ត្រីចរាចរណ៍ជាង៣ពាន់នាក់»។
លោកឧត្តមសេនីយ៍ត្រី ថី វិសាល បកស្រាយលម្អិតថា៖ «បើបែងចែក មន្ត្រីម្នាក់ទទួលរង្វាន់ពីប្រាក់ពិន័យប្រហែល ២០ម៉ឺនជាងក្នុងមួយខែ និងទទួលប្រាក់បានពីថ្នាក់លើ ៣០ដុល្លារ សរុបទាំងអស់មួយខែមន្រ្តីបាន៦០ម៉ឺនអីហ្នឹង។ នគរបាលទាំងនោះ នឹងទទួលបានរង្វាន់នេះ តាមរយៈការផ្ទេរចូលធនាគារ មិនមែនទទួលបានមួយថ្ងៃៗនោះទេ។ ហើយតួនាទីត្រូវធ្វើ និងភារកិច្ច ២៤ម៉ោង គ្មានសៅរ៍ គ្មានអាទិត្យ។ ពោលគឺ មានវត្តមាននគរបាលចរាចរណ៍គ្រប់បុណ្យទាន។ ហេតុនេះ វាគួរជាតម្លៃមួយដែលនគរបាលចរាចរណ៍សមនឹងទទួលបានការលើកទឹកចិត្ត»។
ជាការកត់សម្គាល់ លោកថា មកដល់ពេលនេះមានបញ្ហាមួយចំនួនដែរដែលពលរដ្ឋរិះគន់មកលើសមត្ថកិច្ច។ ទី១ ពួកគាត់រិះគន់ដោយសារថវិកាពិន័យគឺច្រើនជាងមុន ៣ទៅ ៥ដង។ ហើយក្រៅពីនោះ ទី២ គឺរិះគន់ ដោយសារសមត្ថកិច្ចមានការឆកល្វែង ខ្វះចន្លោះក្នុងជំនាញរបស់ខ្លួនឯង។ បែបនេះក្តី លោកថា បន្ទាប់ពីបញ្ហាកើតឡើង មន្ត្រីថ្នាក់លើក៏បានណែនាំ និងបានដាក់ពិន័យដល់មន្ត្រីដែលបង្កកំហុសទាំងនោះដែរ។
លោកថា៖ «យើងបានណែនាំ និងបានដាក់ពិន័យដល់មន្ត្រីដែលមានការឆកល្វែង ខ្វះចន្លោះក្នុងជំនាញរបស់ខ្លួន។ ជាក់ស្តែងដូចជា នគរបាលចរាចរណ៍ដែលអនុវត្តផ្ទុយពីគោលការនៅខេត្តស្វាយរៀងជាដើម គឺត្រូវបានពិន័យរួចហើយ។ ចំណុចណែនាំនោះគឹ ចំពោះបុគ្គលពិន័យប្រាក់មានបង្កាន់ដៃ ត្រូវបង់នៅស្នាក់ការនគរបាលដែលបានកំណត់ មិនបង់ប្រាក់លើដងផ្លូវទៀតទេ»។
គួរបញ្ជាក់ថា កន្លងទៅលោក ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្ដីការគណៈរដ្ឋមន្រី្តកាលពីថ្ងៃទី៣០ មេសាថា ដើម្បី ចៀសវាងការផាកពិន័យ អ្នកប្រើប្រាស់ផ្លូវត្រូវគោរពច្បាប់ចរាចរណ៍។ ម្ចាស់យានយន្តត្រូវដាក់តាមខ្លួននូវច្បាប់ដើមបណ្ណបើកបរ ហើយអ្នកធ្វើអាជីវកម្ម ត្រូវមានលិខិតអនុញ្ញាតធ្វើអាជីវកម្ម។ ចំណែកឯកសារផ្សេងទៀត អាចប្រើប្រាស់ឯកសារចម្លងបាន។ ដោយឡែក ចំពោះការពិន័យ គឺអាជ្ញាធរទុករយៈពេល១៥ថ្ងៃ ដើម្បីឲ្យអ្នកបើកបរល្មើសទៅបង់ប្រាក់ នៅតាមអធិការខ័ណ្ឌនីមួយៗ។ ករណីលើសថ្ងៃកំណត់ នឹងត្រូវន័យទ្វេដង ហើយបើសិនជាមិនទៅបង់ប្រាក់ពិន័យទេ អាចប្រឈមនឹងការឡើងតុលាការផងដែរ៕