ថ្មីៗនេះទូទាំងពិភពលោកគឺសុទ្ធតែរងគ្រោះដោយសារ Covid-19 ដែលបានគំរាមកំហែងជីវិតមនុស្សជាច្រើន ទោះខ្ញុំ មិនមែនជាម្នាក់នៅក្នុងចំណោមជនរងគ្រោះទាំងនោះ ប៉ុន្តែខ្ញុំគឺជាសាក្សីម្នាក់ដែលបានដឹង ​និងឃើញផ្ទាល់ភ្នែកនូវផលប៉ះពាល់នៃវីរុសនោះ ហើយក៏បានរៀននូវមេរៀនជាច្រើន ដែលសូម្បី តែខ្ញុំផ្ទាល់ក៏ភ្ញាក់ផ្អើល។

មេរៀនទី១៖ សេចក្តីស្រឡាញ់គឺជាថ្នាំ

ខ្ញុំពិតជាមានការភ័យខ្លាចខ្លាំងណាស់ នៅពេលដែលសាលាប្រកាសពីការផ្អាកបណ្តោះអាសន្ន ហើយអនុញ្ញាតឲ្យសិស្សសម្រាកនៅផ្ទះសិន ដោយធ្វើការសិក្សាពីចម្ងាយ។ អារម្មណ៍ខ្ញុំនៅពេលនោះគឺពិបាកបរិយាយខ្លាំងណាស់ ខ្ញុំមិននឹកស្មានថា ព្រោះតែបញ្ហាជម្ងឺមួយនេះ មនុស្សបែរជាគ្មានវិធីទប់ស្កាត់ហើយបែរជាធ្វើឲ្យវាកាន់តែរីករាលដាលលឿនបែបនេះ មិនយូរនោះទេវានឹងត្រូវតែដល់វេនខ្ញុំ ឬក៏គ្រួសាររបស់ខ្ញុំ។

ប្រសិនបើវានៅតែទប់ស្កាត់មិនបានបែបនេះហើយ ព្រោះតែការភ័យខ្លាច ខ្ញុំពិតជាមិនចង់ទៅផ្ទះនោះទេ ខ្ញុំចង់ឲ្យគេទុកខ្ញុំនៅដាច់ដោយឡែក ខ្ញុំមិនចង់នាំជម្ងឺនោះទៅផ្ទះ ហើយក៏មិនចង់ធ្វើជាអ្នកចម្លងជម្ងឺនោះពីខេត្តមួយទៅខេត្តមួយនោះដែរ គ្រាន់តែថាម្ដាយរបស់ខ្ញុំប្រាកដជាសោកសៅ ប្រសិនបើមិនបានឃើញខ្ញុំទៅផ្ទះ គាត់ច្បាស់ជានឹកខ្ញុំ ហើយគាត់ក៏ប្រហែលជាធ្វើគ្រប់យ៉ាងដើម្បីឲ្យខ្ញុំបានទៅផ្ទះ ទើបមុននឹងទៅផ្ទះ ខ្ញុំក៏សួរប៉ាម៉ាក់របស់ខ្ញុំបញ្ជាក់ម្ដងទៀត "ចុះបើកូនមានវីរុសនេះ តើឲ្យធ្វើម៉េច?

នៅទីនេះមានអ្នកឆ្លងហើយ ទោះពេលនេះកូនមិនមានអាការអ្វី តែមិនមែនមានន័យថាកូនគ្មានវីរុសនោះទេ "ម្តាយរបស់ខ្ញុំមិនបានគិតសូម្បីមួយវិនាទី គាត់តបមកខ្ញុំវិញដោយសម្លេងបែបអស់សំណើច "ពេលកូនឯងមកដល់ ចាំម៉ាក់ដាក់នៅទ្រុងមាន់១៤ថ្ងៃសិន បើមិនមានអ្វីទេគឺអត់ហើយ"។

ខ្ញុំដឹងថាគាត់និយាយលេងសើច ព្រោះប៉ាម៉ាក់របស់ខ្ញុំបានត្រៀមគ្រប់យ៉ាងសម្រាប់ខ្ញុំរួចទៅហើយមិនថាឧបករណ៍វាស់កម្តៅ ទឹកអាល់កុល និងម៉ាស់សម្រាប់ពាក់ ពួកគាត់បានការពារខ្លួនយ៉ាងល្អ ព្រោះក្តីស្រឡាញ់មិនអនុញ្ញាតឲ្យគាត់ឈឺ កាន់តែមិនអនុញ្ញាតឲ្យមានបញ្ហាអ្វីចំពោះកូន ទើបមិនថាមានជម្ងឺឬបញ្ហាអ្វីកើតឡើងក៏ខ្ញុំគិតថាខ្ញុំនឹងប្រឈមមុខនឹងរឿងនោះឲ្យទាល់តែបាន ព្រោះខ្ញុំមានក្តីស្រឡាញ់ដែលជាថ្នាំទិព្វដើម្បីការពារខ្លួន ខ្ញុំត្រូវស្រឡាញ់ខ្លួនឯង ការពារខ្លួនឯង និងធ្វើយ៉ាងណាត្រូវ តែមានអនាម័យជានិច្ច​ ខ្ញុំនឹងគ្មានថ្ងៃដែលអាចទៅរកក្តីស្រឡាញ់បែបនេះពីនរណាផ្សេងក្រៅពីក្រុមគ្រួសាររបស់ខ្ញុំនោះឡើយ ខ្ញុំត្រូវតែការពារខ្លួនឲ្យបានដើម្បីខ្លួនឯង និងដើម្បីគ្រួសាររបស់ខ្ញុំ។

រូបតំណាង

មេរៀនទី២៖ មនុស្សគឺអាត្មានិយម

វាកម្រនឹងរកបានមនុស្សដែលព្រមលះបង់ជីវិតរបស់ខ្លួនឯងជួយដល់អ្នកដទៃខ្លាំងណាស់ កាន់តែជាសម័យដែលមានជម្ងឺបែបនេះទៀតក៏កាន់តែរកមិនបាន។ ការលះបង់របស់ក្រុមគ្រូពេទ្យ និងរបស់រាជរដ្ឋាភិបាលគឺជារឿងដែលធ្វើឲ្យខ្ញុំឈឺចាប់ ព្រោះខ្លួនឯងមិនអាចជួយអ្វីបានក្រៅពីនៅផ្ទះ និងតាមដានស្ថានការណ៍ខាងក្រៅតាមរយៈប្រព័ន្ធអ៊ីនធើណែត។

ពេលខ្លះខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំហ៊ានជួយមនុស្សដែលនៅសុខៗស្រាប់តែដើរដួល ហើយសន្លប់ដែរឬ ទេ? ម្នាក់នោះអាចកំពុងមានវីរុស ហើយបើខ្ញុំជួយគេហើយឆ្លងវីរុសនោះ តើខ្ញុំត្រូវធ្វើបែបណា? តើវា សមតម្លៃទេ​ដែលនឹងលះបង់បែបនេះ? អត់ទេ! ខ្ញុំច្បាស់ជាមិនហ៊ានធ្វើនោះទេ យ៉ាងច្រើនណាស់ខ្ញុំគ្រាន់តែអាចទាក់ទងទៅឡាន​សង្គ្រោះ ឬសុំជំនួយពីនរណាម្នាក់ ខ្ញុំកំសាកយ៉ាងនេះ តើនឹងអាចធ្វើដូចជាតួឯកនៅក្នុងរឿងបានដូចម្តេចទៅ?

​គ្រាន់តែថាខ្ញុំក៏ធ្លាប់គិតថា ចុះប្រសិនបើខ្ញុំជាអ្នកដួលសន្លប់នោះវិញ? ខ្ញុំកំពុងត្រូវការជំនួយពីនរណាម្នាក់ ប៉ុន្តែពួកគេកំពុងរត់គេចចេញពីខ្ញុំ ពួកគេមិនបានធ្វើអ្វីក្រៅពីថតរូបរបស់ខ្ញុំដាក់លើហ្វេសប៊ូក មិនអ៊ីចឹងទេក៏គ្រាន់តែប្រើពាក្យអាណិត និងលើកទឹកចិត្តឲ្យខ្ញុំខំស៊ូរង់ចាំឡានពេទ្យ តើខ្ញុំពិតជាសង្ឃឹមថានឹងមានមនុស្សកំសាកដូចជាខ្ញុំនឹងមកជួយខ្ញុំបានឬ? មិនថាធ្វើជាភាគីខាងណា ក៏ខ្ញុំមិនអាចកាត់សេចក្តីថានរណាខុសនរណាត្រូវខ្លាំងណាស់ ខ្ញុំគ្រាន់តែដឹងថា ធ្វើជាមនុស្សគឺអាត្មានិយម ហើយក៏កំសាកដែរ ប្រសិនបើអាចខ្ញុំចង់ឲ្យខ្លួនឯងក្លាហានដូចជាក្រុមគ្រូពេទ្យដែលប្រថុយជីវិតដើម្បីជួយដល់អ្នកជម្ងឺ ហើយបើសិនជាអាចខ្ញុំចង់លុតជង្គង់អរគុណដល់ពួកគេ ដែលព្យាយាមយ៉ាងខ្លាំង នៅក្នុងពេលវេលាដែលគ្រោះថ្នាក់បែបនេះ ពួកគេគឺជាវីរបុរសដែលមិនថាកន្លងផុតទៅយូរយ៉ាងណា ក៏ខ្ញុំនៅតែចងចាំជានិច្ច។

មេរៀនទី៣៖ គ្មានអ្វីដែលបានមកដោយគ្មានការលះបង់

ខ្ញុំពិតជាមិនដឹងនោះទេថាគ្រោះថ្នាក់ទាំងឡាយដែលកើតឡើងវាបង្កដោយមនុស្សឬក៏ធម្មជាតិខ្លាំងណាស់ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាភាពរីកចម្រើនសព្វថ្ងៃនេះ វាកើតឡើងព្រោះតែការលះបង់ទាំងកម្លាំងកាយចិត្ត និងធម្មជាតិរបស់មនុស្ស។ ការលះបង់ទាំងនេះគឺត្រូវតែធ្វើ ព្រោះវាជាតម្រូវការ ហើយដើម្បីតម្រូវការទាំងនោះ មនុស្សដូចគ្នាក៏ត្រូវតែត្រៀមខ្លួនទទួលយកការពលីផ្សេងៗទៀតផងដែរ។

ពេលខ្លះខ្ញុំបែរជាគិតថាជម្ងឺប្លែកៗដែលកើតឡើងសព្វថ្ងៃនេះ ភាគច្រើនគឺកើតចេញពីបច្ចេកវិទ្យាដែលរីកចម្រើននេះឯង ប៉ុន្តែសួរថាតើខ្ញុំអាចរស់នៅដោយគ្មានពួកវាបានដែរឬទេ? ចម្លើយគឺ អត់ទេ! គ្រប់យ៉ាង គឺត្រូវតែដើរទៅមុខ យើងមិនអាចបកក្រោយ កាន់តែមិនអាចវិលទៅរករូបភាពកាលពីមុនបានឡើយ។

ហេតុនេះខ្ញុំគ្រាន់តែសង្ឃឹមថាមនុស្សទាំងអស់អាចត្រៀមខ្លួនជានិច្ច ដើម្បីប្រឈមមុខជាមួយបញ្ហា ដែលអាចកើតមាននៅពេលខាងមុខ ជាជាងការបន្ទោសថាជាកំហុសរបស់នរណាម្នាក់ ប៉ុន្តែគួរតែនាំគ្នាប្រុងប្រយ័ត្នគ្រប់ពេលពីផលប៉ះពាល់ទាំងនោះ ការលះបង់ទាំងឡាយវានឹងមានតម្លៃ ប្រសិនបើវាអាចធ្វើឲ្យពិភពលោកទាំងមូលកាន់តែស្រស់ស្អាត និងសក្តិសមជាកន្លែងដែលមនុស្សអាចរស់នៅបាន។

រូបតំណាង

មេរៀនទាំងបីខាងលើនេះគឺជាអ្វីដែលខ្ញុំរៀនបាន នៅក្នុងកំឡុងពេលដែលខ្លួនបានជួបប្រទះនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្របែបនេះ ចុះលោកអ្នកវិញ? ក្នុងពេលដែលជីវិតរបស់យើងហាក់ដូចជាចងភ្ជាប់នឹងខ្សែអំបោះស្តើងបែបនេះ តើអ្នកនឹងនឹកឃើញដល់អ្វី? តើអ្នកនឹងរៀនបានពីអ្វីខ្លះ?​ នឹងទោះជាយ៉ាងណាក៏ដោយសូមថែរក្សាសុខភាពរបស់អ្នក និងគ្រួសារអ្នក ចងចាំថាត្រូវមានអនាម័យជានិច្ច  ត្រូវចេះជួយគ្នាទៅវិញទៅមក ជាពិសេសកុំភ្លេចស្រឡាញ់អ្នកនៅក្បែរខ្លួនឲ្យបានច្រើន សូមរស់នៅជីវិតមួយនេះឲ្យមានតម្លៃបំផុតតាមដែលអាចធ្វើបាន ព្រោះយើងគ្មានថ្ងៃដឹងនោះទេថាយើងនឹងបាត់បង់វានៅថ្ងៃណា៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]load.com (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក មេរៀនជីវិត និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ