ខេត្តកំពង់ឆ្នាំង ៖ យុវនិសិ្សតម្នាក់បាន ធ្លាក់ពីលើចុងត្នោត បណ្តាលអោយរងរបួស យ៉ាងធ្ងន់ធ្ងរ ខណៈដែលឆ្លៀតឆ្លៀតពេលទំនេរ ជួយឡើងត្នោតយកកម្រៃដើម្បីរៀន និងសម្រាលបន្ទុកឪពុកម្តាយ ។ ហេតុការណ៍នេះ បានកើតឡើងកាល ពីវេលាម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី៧ មេសា ២០១៣ នៅខាងជើង ភូមិដកគ្រង ឃុំពង្រ ស្រុករលាប្អៀរ ។

តាមការរៀបរាប់របស់ ស្ត្រីជាម្តាយមីងបានឱ្យដឹងថា យុវជនរងគ្រោះ មានឈ្មោះឡុង សុខឃឿន អាយុ២៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ និងជានិសិ្សតរៀនឆ្នាំទី៣ នៃសាកលវិទ្យាល័យប្រាយហូម ខេត្តកំពង់ឆ្នាំង ។ ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ យុវជនរូបនេះ បានត្រឡប់មកពីសាកលវិទ្យាល័យវិញ បានទិញនំ២គីឡូក្រាម (នំគីឡូ) និងទឹកក្រូច២ដបធំ យកមកជូនឪពុកម្តាយ ប៉ុន្តែមកដល់ផ្ទះមិនទាន់ជួប អ្នកមានគុណទាំង២ ក៏ឆ្លៀតទៅឡើងត្នោតសិន ចាំចុះពីដើមត្នោតមកវិញ ចាំជូនពួកគាត់ ។ ប៉ុន្តែជាអកុសលនៅពេលឡើងត្នោត ក៏ស្រាប់តែធ្លាក់ពីចុងត្នោត ដែលមានកម្ពស់ជាង៧ម៉ែត្រ បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវគេដឹកមកកាន់ មន្ទីរពេទ្យជាបន្ទាន់ ។

ក្រោយពីគ្រូពេទ្យពិនិត្យឃើញមាន សភាពធ្ងន់ធ្ងរពេកក៏បញ្ជូន ជនរងគ្រោះទៅមន្ទីពេទ្យក្រុង ភ្នំពេញជាបន្តរទៀត។ ប្រភពដដែលបានបន្តថា ចំពោះមូលហេតុ គេបានដឹងច្បាស់នោះទេ ព្រោះបើពិនិត្យកាំបង្អោង ក៏មិនបានបាក់ដែរ គេសង្ស័យថា អាចរអិលជើងពីកាំបង្អោង ពេលគ្រោះស្ពាយ ទឹកត្នោតចុះមកវិញ ទើបធ្វើឱ្យបែក បំពង់ទឹកត្នោត ខ្ទេច ឬសង្ស័យ ងងឹតមុខធ្លាក់ ក៏ថាបាន ។ លោកគ្រូពេទ្យ ដែលបានជួយសង្រ្គោះ បាននិយាយថា ប៉ះពាល់គ្រឿងក្នុង ជាខ្លាំងព្រោះបាន ធ្លាក់មកផ្កាប់មុខ ៕


បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]