ភ្នំពេញ៖ ធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និងក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីធីត បានចាប់ដៃគ្នាដើម្បីជួយសំរួលដល់អតិថិជនឲ្យកាន់តែងាយស្រួល នៅតាមស្ថានីយសេវាកម្មកាល់តិច។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចាប់ពីពេលនេះតទៅ អ្នកបើកបរទាំងអស់អាចប្រើកម្មវិធីស្មាតហ្វូនវីង ដើម្បីទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល នៅតាមស្ថានីយកាល់តិចបានហើយ។ ក្រោមកិច្ចសហការនេះ ស្ថានីយកាល់តិចទាំងអស់ដែលបើកដំណើរការដោយក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត នឹងដាក់ឲ្យប្រើប្រាស់នូវសេវាកម្មទូទាត់ប្រាក់ តាមបច្ចេកវិទ្យាឌីជីថលចុងក្រោយបំផុតរបស់វីង។ ទាំងនេះមានន័យថា អតិថិជនអាចបង់ថ្លៃប្រេងឥន្ឋនៈ ថ្លៃទំនិញ និងសេវាកម្មផ្សេងៗ និងហាងកាហ្វេផ្លាស់ នៅតាមស្ថានីយកាល់តិចតាមរយៈកម្មវិធីស្មានហ្វូនវីង ដោយលោកអ្នកគ្រាន់តែប្រើចុងម្រាមដៃចុចពីរ ឬបីដងលើទូរស័ព្ទរបស់អ្នកតែប៉ុណ្ណោះ។

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖
«ឥឡូវនេះអតិថិជនរបស់យើង មិនចាំបាច់កាន់សាច់ប្រាក់នឹងខ្លួន នៅពេលដែលពួកគេទៅស្ថាននីយ៍កាល់តិចឡើយ។ អ្វីៗដែលអ្នកត្រូវការគឺ ស្ថិតក្នុងកម្មវីធីស្មានហ្វូនវីង ដែលអ្នកអាចទូទាត់ការចំណាយប្រកបដោយភាពងាយស្រួល និងមានការធានា។ ភាពជាដៃគូនេះពិតជាសក្តិសមបំផុត។ ក្រុមហ៊ុនយើងទាំងពីរនឹងនៅជាមួយគ្នា ក្នុងការជួយដល់ប្រជាជនកម្ពុជា ដើម្បីឈានទៅរកការទូទាត់ប្រាក់តាមបែបប្រព័ន្ធឌីជីថល នាពេលអនាគត»។
ក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ វីងបានក្លាយជាក្រុមហ៊ុនដែលមានស្លាកយីហោមួយ ដែលត្រូវបានគេទទួលស្គាល់និងទុកចិត្តបំផុត ក្នុងការផ្តល់ជូនសេវាកម្មទូទាត់ប្រាក់តាមទូរស័ព្ទចល័ត និងអេឡិចត្រូនិច ដែលបានកំពុងបំរើជូនដល់អតិថិជនជាង៥លាននាក់ និងជីវករជិត៤ម៉ឺននាក់។ ឥឡូវនេះសេវាកម្មវីង ត្រូវបានប្រើប្រាស់ដោយអតិថិជនកម្ពុជារាប់ចាប់ពីអាជីករលក់ដូរតាមផ្សារ រហូតដល់ការទូទាត់តាម Mastercard, Western Union, MoneyGram, Wechat, និង Alipay ជាដើម។
លោក Daniel Hwang ប្រធានផ្នែកផលិតផលនៃក្រុមហ៊ុន ឈេហ្វរ៉ុនកម្ពុជា បានមានប្រសាសន៍ថា៖
«យើងពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុត ដែលបានចាប់ដៃគូជាមួយ វីង ដែលជាធនាគារចល័តឈានមុខគេមួយនៅកម្ពុជា ក្នុងការផ្តល់ដំណោះស្រាយទូទាត់ប្រាក់ដោយឥតគិតថ្លៃ ដល់អតិថិជនរបស់កាល់តិច។ យើងកំពុងតែធ្វើឲ្យប្រសើរឡើង នូវការទូទាត់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន និងដើម្បីឆ្ពោះទៅរកបដិវត្តនៃសម័យឌីជីថល»។

ក្រុមហ៊ុន ឈេហ្វរ៉ុន (ខេមបូឌា) លីមីធីត បានអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័សចាប់តាំងពីចូលទីផ្សារកម្ពុជាក្នុងឆ្នាំ១៩៩៥។ ឥឡូវនេះក្រុមហ៊ុនឈេហ្វរ៉ុន នៅកម្ពុជាបានដាក់ឲ្យដំណើរការស្ថានីយកាល់តិចចំនួន ២៨ កន្លែងនៅក្នុងប្រទេស ក្នុងនោះ១៨ស្ថានីយស្ថិតនៅក្នុងរាជធានីភ្នំពេញ។ ទន្ទឹមគ្នានេះដែរ ក្រុមហ៊ុន ឈេហ្វរ៉ុន(ខេមបូឌា) លីមីតធីត បានដាក់ឲ្យដំណើរការផ្សារស្តារម៉ាតចំនួន១៧ និងហាងកាហ្វេចំនួន២២ រួមទាំងកន្លែងប្តូរប្រេងម៉ាស៊ីន ៣ កន្លែងនៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។
ស្ថានីយសេវាកម្មកាល់តិចចំនួន៨សាខានៅទីក្រុងភ្នំពេញ បានចាប់ផ្តើមដាក់ដំណើរការប្រើប្រាស់សេវាទូទាត់ប្រាក់ តាមប្រព័ន្ធឌីជីថលរបស់វីងរួចរាល់ហើយ ខណៈពេលស្ថានីយផ្សេងទៀតនឹងត្រូវបានដាក់ដំណើរការឆាប់ៗ។ អ្នកបើកបរយានយន្តអាចស្វែងរកស្ថានីយដែលបំរើសេវាកម្មនេះ តាមទីកន្លែងដូចជា សាខាពោចិនតុង សាខាជ្រោយចង្វា សាខាកែងផ្លូវព្រះមុនីវង្ស សាខាផ្លូវព្រះសីហនុ សាខាបូកគោ សាខាជិតមន្ទីពេទ្យកាល់ម៉ែត សាខាចាក់អង្រែក្រោម សាខាបឹងត្របែក និង សាខាពេទ្យលោកសង្ឃ។
ទាំង វីង និងឈេហ្វរ៉ុនកម្ពុជា សុទ្ធតែមានចក្ខុវិស័យដូចគ្នា ក្នុងការធ្វើឲ្យប្រសើរឡើងនៅជីវិតរស់នៅប្រចាំថ្ងៃរបស់ជាជនកម្ពុជា តាមរយៈការផ្តល់ជូនដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។ វីង បានក្លាយខ្លួនជាធនាគារដែលមានស្លាកយីហោមួយ ដែលបានផ្តល់សេវាផ្ទេប្រាក់ប្រកបដោយភាពងាយស្រួល និងមានការធានា ដែលអាចធ្វើប្រតិបត្តិការតាមរយៈកម្មវីធីស្មាតហ្វូនវីង និងជាមួយភ្នាក់ងារវីងជាង ៧,៥០០ កន្លែងទូទាំងប្រជាណាចក្រកម្ពុជា។ ជាមួយគ្នានេះដែរ ឈេហ្វរ៉ុននៅកម្ពុជា ត្រូវបានគេទទួលស្គាល់ជាក្រុមហ៊ុនដែលមានបណ្តាញស្ថានីយប្រេងឥន្ឋនៈ ដែលស្អាតមានអនាម័យប្រកបដោយសុវត្ថិភាព ដែលផ្តល់ជូនសេវាកម្មតាមបែបទាន់សម័យ និងទំនើបប្រកបដោយការគោរព និងបំរើអតិថិជនបានយ៉ាងល្អប្រសើរ៕