ភ្នំពេញ៖ ធនាគារ ABA ជាធនាគារនាំមុខរបស់កម្ពុជា ក្នុងការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធី PayWay Mobile ដែលបង្កើតឡើងដើម្បីគាំទ្រអាជីវកម្មក្នុងស្រុកគ្រប់ប្រភេទ ក្នុងការទទួលទូទាត់ភ្លាមៗមិនប្រើសាច់ប្រាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកម្មវិធី PayWay Mobile គឺជាដំណោះស្រាយម៉ាស៊ីនឆូតកាតចល័ត mPOS (ទីតាំងលក់ចល័ត) ដែលអនុញ្ញាតឲ្យអាជីវកម្មនានាទទួលការទូទាត់ភ្លាមៗជាប្រាក់រៀល និងដុល្លារ តាមទូរស័ព្ទដៃរបស់ពួកគេដោយបង្កើតកូដ QR។
ជាមួយកម្មវិធី PayWay Mobile ពាណិជ្ជករអាចពិនិត្យមើលបរិមាណការលក់របស់ពួកគេ តាមពេលវេលាជាក់ស្តែង តាមដានប្រវត្តិប្រតិបត្តិការ ធ្វើការបង្វិលប្រាក់វិញនៅពេលចាំបាច់ ព្រមទាំងអាចផ្ញើវិក្កយបត្រអេឡិកត្រូនិកបានផងដែរ។

បន្ថែមលើនេះទៀត កម្មវិធី PayWay Mobile អនុញ្ញាតឲ្យអាជីវកម្មនានា ដែលមានទីតាំងលក់លើសពីមួយកន្លែង អាចគ្រប់គ្រងទីតាំងលក់របស់ពួកគេទាំងអស់ និងតាមដានប្រតិបត្តិការលក់របស់អ្នកគិតលុយ នៅតាមទីតាំងកំណត់នីមួយៗ។ កម្មវិធីនេះ ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយប្រតិបត្តិការអាជីវកម្មប្រចាំថ្ងៃ របស់ពាណិជ្ជករប្រភេទមីក្រូ និងតូចៗ ពាក់ព័ន្ធនឹងការកត់ត្រាបញ្ជីប្រតិបត្តិការលក់ និងកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់។
លោក Zokhir Rasulov នាយកឌីជីថលរបស់ធនាគារ ABA មានប្រសាសន៍អំពីការដាក់ឲ្យដំណើរការនេះថា៖
« យើងមានសេចក្តីរីករាយជាខ្លាំង ក្នុងការដាក់ឲ្យប្រើប្រាស់នូវផលិតផលបង្កើតថ្មីរបស់យើង គឺកម្មវិធី PayWay Mobile។ ការដាក់ឲ្យដំណើរការនូវកម្មវិធី PayWay Mobile ជាការបន្តអនុវត្តគំនិតផ្តួចផ្តើមផ្នែកឌីជីថលរបស់យើង ដែលបានចាប់ផ្តើមឡើងកាលពីប៉ុន្មានឆ្នាំកន្លងមកនេះ។ តាមរយៈការបង្កើតផលិតផលនេះ យើងមានបំណងធ្វើឲ្យមានភាពងាយស្រួលនូវប្រតិបត្តិការរវាងពាណិជ្ជករ និងអ្នកទិញ។ ក្នុងពេលជាមួយគ្នា យើងបានធ្វើឲ្យពាណិជ្ជករជាច្រើនទទួលបានសេវាកម្មនេះ ដែលអាចជួយក្នុងការជំរុញកំណើនប្រតិបត្តិការមិនប្រើសាច់ប្រាក់ និងធ្វើឲ្យការទូទាត់ជាប្រាក់រៀលកាន់តែពេញនិយម។ ឥឡូវនេះ ពាណិជ្ជករគ្រប់ប្រភេទអាចដំឡើងកម្មវិធីនេះដោយងាយស្រួលនៅលើទូរស័ព្ទដៃរបស់ខ្លួន និងចាប់ផ្តើមទទួលទូទាត់ជាប្រាក់រៀល ឬដុល្លារ ដោយមិនប្រើសាច់ប្រាក់ តាមរយៈកូដ QR សម្រាប់ទូទាត់ចូលក្នុងគណនី ABA របស់ខ្លួនបានភ្លាមៗ»។
កម្មវិធី PayWay Mobile នេះមាននៅលើ Google Play Store ហើយការបើកដំណើរការមានភាពងាយស្រួលនៅលើទូរស័ព្ទដៃ Android។ ដើម្បីចាប់ផ្តើមទទួលការទូទាត់ដោយប្រើកូដ QR ដោយប្រើកម្មវិធី PayWay Mobile អ្នកចាំបាច់ត្រូវមាន គណនី ABA ដែលដំណើរការ ហើយអ្នកអាចទទួលបានព័ត៌មានបន្ថែមនៅទីនេះ https://www.ababank.com/km/saving-account ។
ប្រសិនបើអ្នកមានចម្ងល់ណាមួយអំពីការប្រើប្រាស់កម្មវិធី PayWay Mobile សូមទាក់ទងយើងខ្ញុំគ្រប់ពេលវេលាតាមរយៈទូរស័ព្ទលេខ 023 225 333 ឬក៏ឆាតជាមួយយើងខ្ញុំតាម ផេក Facebook (https://www.facebook.com/ABA.Bank.Cambodia/) ឬចូលទៅកាន់វិបសាយផ្លូវការតាមរយៈតំណនេះ (https://www.ababank.com/km/aba-news/aba-launches-payway-app-for-entrepreneurs-to-boost-cashless-payments-a/) ៕