ចិន៖ ហេតុការណ៍មួយបានបង្កជាការភ្ញាក់ផ្អើល ខណៈបុរសម្នាក់បានស្លាប់មួយរំពេចនៅលើរថយន្ដក្រុងនៅឯប្រទេសចិន ដោយសារវីរុស Hanta (Hantavirus) ជាវីរុសម៉្យាងដែលមានគ្រោះថ្នាក់ខ្លាំងជាងវីរុសកូរ៉ូណាទៅទៀត ប៉ុន្តែមានរោគសញ្ញាប្រហាក់ប្រហែលគ្នា។ នេះបើយោងតាមសារព័ត៌មានអន្ដរជាតិ Daily Mail ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជនរងគ្រោះខាងលើ (មិនបញ្ចេញអត្តសញ្ញាណ) បានស្លាប់នៅលើរថយន្ដក្រុងមួយក្នុងខេត្ដសានដុង ពេលកំពុងធ្វើដំណើរទៅធ្វើការ។ ករណីនេះកើតឡើងចំពេលវីរុសកូរ៉ូណាកំពុងរាតត្បាតនៅឡើយ។ ហើយបន្ទាប់ពីជនរងគ្រោះធ្វើតេស្ដឃើញវិជ្ជមាននៃវីរុស Hanta អ្នករួមដំណើរទាំង ៣២ នាក់ទៀត ក៏តម្រូវឲ្យធ្វើតេស្ដរកមេរោគផងដែរ។
យ៉ាងណាមិញ ក្រុមអ្នកជំនាញបានអះអាងជាសារធារណៈថា វីរុសនេះមិនមែនជាវីរុសថ្មីទេ ហើយវាកម្រនឹងឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ដូចវីរុសកូរ៉ូណាណាស់ ប៉ុន្ដែអាចឆ្លងពីសត្វកណ្ដុរ ប្រសិនបើមនុស្ស ប៉ះពាល់ជាមួយទឹកនោម ទឹកមាត់ លាមក ឬ បរិភោគគ្រឿងក្នុងរបស់វាជាដើម។ តែបើទោះបីជាជំងឺនេះកម្រនឹងកើតពិតមែន តែក៏មានអត្រាមរណភាពប្រមាណ ៣៨% ផងដែរ ដែលបង្ហាញដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) ។
ទន្ទឹមនឹងនេះដែរ អ្នកវិទ្យាសាស្រ្តជនជាតិស៊ុយអ៊ែតលោកបណ្ឌិត Sumaiya Shaikh បានសរសេរថា «វីរុស Hantavirus បានផុសឡើងដំបូងក្នុងឆ្នាំ ១៩៥០ កំឡុងសង្គ្រាមរវាងសហរដ្ឋអាមេរិក និងកូរ៉េ នៅទឹកដីកូរ៉េ (ទន្លេ Hanta)»។
សូមបញ្ជាក់ថា រោគសញ្ញានៃជំងឺនេះគឺប្រហាក់ប្រហែលគ្នានឹងរោគសញ្ញារបស់ជំងឺរាតត្បាតថ្មី Covid-19 ដែរ ដែលវាមានអាការដូចជា ដង្ហើមខ្លី ក្អក ឈឺក្បាល និងគ្រុនក្តៅជាដើម៕