រាជធានីភ្នំពេញ៖ នាថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ SDF បានរៀបចំសិក្ខាសាលាស្តីពី “ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ (Public-Private-People Partnership) ដើម្បី កម្ពុជា ប្រកបដោយជំនាញ” នៅសណ្ឋាគារ Oakwood Premier Phnom Penh ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍អន្តរជាតិ សមាគមពាណិជ្ជកម្ម ថ្នាក់ដឹកនាំរោងចក្រ-សហគ្រាស ក្រុមប្រឹក្សាជំនាញតាមវិស័យ តំបន់សេដ្ឋកិច្ចពិសេស ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានបណ្តុះបណ្តាល និងតំណាងយុវជន ប្រមាណជាង ២០០ ស្ថាប័ន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ការរៀបចំសិក្ខាសាលាមួយនេះ មានការថែ្លងសុន្ទរកថា ស្វាគមន៍ដោយធនាគារពិភពលោក (WB), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និង ការថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ។ ជាពិសេស ថែមទាំងមានកម្មវិធីផ្លាស់ប្តូរកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយនឹង ដៃគូក្នុងតំបន់ជាមួយប្រទេសសិង្ហបុរី និងម៉ាឡេស៊ី និង ដៃគូក្នុងស្រុក ដែលមានដូចជា សមាគមពាណិជ្ជកម្ម, ក្រុមហ៊ុនជ្រើសរើសបុគ្គលិក, វិទ្យាស្ថាន ស្រាវជ្រាវ និងក្រុមហ៊ុនសារព័ត៌មាន។
មិនត្រឹមតែប៉ុណ្ណោះ សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងចម្បងៗ រួមមាន៖
១. ការចែករំលែកបទពិសោធល្អៗក្នុងការអភិវឌ្ឍមូលធនមនុស្ស ពីដៃគូយុទ្ធសាស្ត្រក្នុងតំបន់ (សិង្ហបុរី និងម៉ាឡេស៊ី)
២. ការពង្រីកការយល់ដឹងអំពីសារៈសំខាន់នៃការបង្កើនជំនាញ (Upskilling) និងផ្លាស់ប្តូរជំនាញ (Re-skilling) ដើម្បីលើកកម្ពស់សមត្ថភាព និងភាពប្រកួតប្រជែង
៣. ការផ្លាស់ប្តូរកិច្ចព្រមព្រៀងជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ និងក្នុងស្រុក។

គូសបញ្ជាក់ផងដែរថា ការផ្លាស់ប្តូរកិច្ចព្រមព្រៀងរវាងដៃគូក្នុងតំបន់ និងក្នុងស្រុក នៃគោលបំណងទី៣ ក្នុងអង្គសិក្ខាសាលានេះ គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយដៃគូយុទ្ធសាស្ត្រសំខាន់ៗក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញដែលអាចរួមគ្នាអភិវឌ្ឍមូលធនមនុស្សកម្ពុជាប្រកបដោយចំណេះជំនាញ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងបានទាំងក្នុងស្រុក និងក្នុងតំបន់ បង្កើនឱកាសទទួលបានការងារល្អធ្វើ និងមានប្រាក់ខែខ្ពស់ ចូលរួមលើកកម្ពស់សេដ្ឋកិច្ចសង្គម-ជាតិ ដូចសារគន្លឺះនៃសិក្ខាសាលារបស់យើងដែលបានរំលេចថា “បង្កើនជំនាញឥឡូវនេះ ដើម្បីប្រកួតប្រជែងថ្ងៃស្អែក! ជំនាញខ្ពស់ ចំណូលខ្ពស់!”។

ក្នុងនោះ SDF បានចុះអនុស្សរណៈយោគយល់គ្នា និងកិច្ចព្រមព្រៀងភាពជាដៃគូជាមួយដៃគូយុទ្ធសាស្ត្រក្នុងតំបន់ចំនួន ៣ រួមមាន៖ សាជីវកម្មអភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Corporation - HRD Corp), ក្រុមប្រឹក្សាការងារសម្រាប់អនាគតអាស៊ាន (ASEAN Future Workforce Council- AFWC) ពីប្រទេសម៉ាឡេស៊ី, សហព័ន្ធនិយោជកសិង្ហបុរី (Singapore National Employer Federation- SNEF) ពីប្រទេសសិង្ហបុរី និងដៃគូយុទ្ធសាស្រ្តក្នុងស្រុកចំនួន ១១ រួមមាន៖ សមាគមគ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA), សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia), សមាគមវិនិយោគិននវានុវត្តន៍ និងអភិវឌ្ឍន៍ (IDI), សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA), Aplus Consulting Co.,Ltd., CoGen Consulting Group, HRINC Cambodia, បងធំដតខម (Bongthom.com), វិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) និងអប្សរា មេឌា សឺវីស (AMS)។

ដោយសម្លឹងឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសសិង្ហបុរី បានក្លាយជាប្រទេសចំណូលខ្ពស់ លេខរៀងទី៥ លើពិភពលោក តាមរយៈការវិនិយោគលើមូលធនមនុស្ស (សន្ទស្សន៍អភិវឌ្ឍន៍ធនធានមនុស្សលំដាប់លេខរៀងទី ៩ លើពិភពលោក) និងសង្កេតឃើញថា ការអនុវត្តប្រព័ន្ធកៀរគរ គ្រប់គ្រង និងបែងចែកមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញរបស់ សាជីវកម្មអភិវឌ្ឍន៍ធនធានមនុស្ស (HRD Corp) បានបង្ហាញសក្តានុពលក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី, SDF បានសហការជាមួយ សាជីវកម្មអភិវឌ្ឍន៍ធនធានមនុស្ស (HRD Corp), សហព័ន្ធនិយោជកសិង្ហបុរី (SNEF) និងក្រុមប្រឹក្សាការងារសម្រាប់អនាគតអាស៊ាន (AFWC) ដើម្បីរៀបចំកិច្ចពិភាក្សា និងចែករំលែកបទពិសោធ នៃការអភិវឌ្ឍមូលធនមនុស្សជាមួយកម្មវិធីបង្កើនជំនាញ (Upskilling) និងកម្មវិធីផ្លាស់ប្តូរជំនាញ (Reskilling) របស់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្រោមប្រធានបទ “បង្កើនជំនាញឥឡូវនេះ ដើម្បីប្រកួតប្រជែងថ្ងៃស្អែក! ជំនាញខ្ពស់ ចំណូលខ្ពស់!”


ក្នុងកិច្ចពិភាក្សានេះ លោកបណ្ឌិត STEPHEN YEE, ជំនួយការនាយកប្រតិបត្តិ នៃសហព័ន្ធនិយោជកសិង្ហបុរី (SNEF) និង លោក DATO’ J. PALANIAPPAN ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមប្រឹក្សាការងារសម្រាប់អនាគតអាស៊ាន (AFWC) បានចែករំលែកបទពិសោធន៍ល្អៗ របស់ប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ក្នុងការអភិវឌ្ឍជំនាញដែលជាគន្លឹះជោគជ័យសម្រាប់យុវជន និងម្ចាស់រោងចក្រ-សហគ្រាសគ្រប់កម្រិត ក្នុងការបង្កើនភាពររីកចម្រើនជាបន្តបន្ទាប់ទាំងក្នុងអាជីពការងារ អាជីវកម្ម និងសេដ្ឋកិច្ចជាតិទាំងមូល។

លោកបណ្ឌិត RONY AMBROSE GOBILEE នាយកគ្រប់គ្រងយុទ្ធសាស្ត្រ នៃ HRD Corp ក៏បានចែករំលែកចំណេះដឹងយ៉ាងស៊ីជម្រៅអំពីបទពិសោធនៃប្រព័ន្ធកៀរគរ គ្រប់គ្រង និងបែងចែកមូលនិធិសម្រាប់ការអភិវឌ្ឍជំនាញ ព្រមទាំងសារៈសំខាន់ នៃភាពជាដៃគូសហការរវាងរដ្ឋ ឯកជន និងពលរដ្ឋ ក្នុងប្រទេសម៉ាឡេស៊ី, ការពង្រឹងសមត្ថភាពគ្រូ និងកម្មវិធីសិក្សា, ការវាយតម្លៃលទ្ធផលនៃការបណ្តុះបណ្តាល និងយន្តការគ្រប់គ្រងសំខាន់ៗ ដើម្បីធានាតម្លាភាព និងការទទួលខុសត្រូវ (Transparency & Accountability) សម្រាប់ការអភិវឌ្ឍជំនាញ ដែលជាគន្លឹះជោគជ័យសម្រាប់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ជួយបង្កើនភាពរីកចម្រើនជាបន្តបន្ទាប់ទាំងក្នុងផ្នែកអាជីពការងាររបស់និយោជិត និយោជក និងសេដ្ឋកិច្ចម៉ាឡេស៊ី។

SDF ជឿជាក់ថា ការចែករំលែកបទពិសោធដ៏ល្អនេះ ពិតជាមានតម្លៃខ្ពស់ជួយលើកទឹកចិត្ត និងបង្កើនការចូលរួមប្រកបដោយគុណភាពរបស់ វិស័យឯកជន និងពលរដ្ឋ ក្រោមការគាំទ្ររបស់រាជរដ្ឋាភិបាល ដូចប្រធានបទនៃសិក្ខាសាលារបស់យើង គឺ “ភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជាប្រកបដោយជំនាញ” ដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសចំណូលខ្ពស់ត្រឹមឆ្នាំ ២០៥០។
បង្កើនជំនាញឥឡូវនេះ ដើម្បីប្រកួតប្រជែងថ្ងៃស្អែក! ជំនាញខ្ពស់ ចំណូលខ្ពស់!
អំពី SDF៖ https://sdfcambodia.org/
អំពី HRD Corp៖ https://hrdcorp.gov.my/
អំពី SNEF៖ https://snef.org.sg/
អំពី AFWC៖ https://www.aseanfwc.org/











