រយៈពេល៨ថ្ងៃ ពលករខ្មែរមកពីប្រទេសថៃតាមច្រកទ្វារព្រំដែននានា បន្ទាប់ពីរងការមាក់ងាយរបស់រដ្ឋាភិបាល និងពលរដ្ឋប្រទេសជិតខាងនោះ បានវិលត្រឡប់ចូលស្រុកកំណើតនៅខេត្តកំពតប្រមាណជាង ៣០០នាក់។ ប្រសិនបើពលរដ្ឋដែលបានត្រឡប់មកលំនៅស្ថានហើយមានបំណងរកការងារធ្វើដោយមិនចង់រៀនយកជំនាញផ្សេងៗ ជាជំហានដំបូងរដ្ឋបាលខេត្តកំពតមានការងារផ្តល់ជូនជាង ៧០០កន្លែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក ហេង ណារ៉ុង អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីៈខេត្តកំពតបានប្រាប់ឱ្យដឹងថា ផ្អែកតាមសេចក្តីណែនាំរបស់ឯកឧត្តម ហេង សួរ ពិសេសក្រោមកិច្ចចង្អុលការពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត សហការជាមួយរដ្ឋបាលខេត្ត ដឹកនាំដោយលោក មឿង គង្គា អភិបាលរងខេត្ត ក្រុមការងារ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធបានចុះដល់គ្រប់ច្រកទ្វារព្រំដែនដើម្បីជួបស្វាគមន៍ សម្របសម្រួល និងទទួលពលករត្រឡប់មកពីប្រទេសថៃវិលចូលស្រុកកំណើតវិញ។ លោកបានបន្តថា គិតចាប់ពីថ្ងៃទី២៥ ខែមិថុនា រហូតដល់ល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ ពលករដែលមានស្រុកកំណើតនៅខេត្តកំពតចំនួន ៣១៩នាក់ ស្រី ១០១នាក់ បានឆ្លងផុតច្រកទ្វារនានាចូលដល់កម្ពុជាប្រកបដោយសុវត្ថិភាព។
លោកអនុប្រធានមន្ទីរបានបញ្ចាក់ថា បន្ទាប់ពីទទួលបានការទំនុកបម្រុងសម្រាប់ម្ហូបអាហារ ពលករទាំងនោះបាន និងកំពុងបន្តដំណើរទៅកាន់លំនៅស្ថានរៀងៗខ្លួនតាមរយៈក្រុមការងារ និងរថយន្តរបស់រដ្ឋបាលខេត្តដោយមិនតម្រូវឱ្យចំណាយថវិកាផ្ទាល់ខ្លួនឡើយ។ ពលករដែលបានមកដល់ស្រុកកំណើតហើយចង់សិក្សាជំនាញ មន្ទីរការងារនឹងបើកវគ្គបណ្តុះបណ្តាលជូនដើម្បីបងប្អូនមានទុកសម្រាប់ចាប់យកអាជីពណាមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ប៉ុន្តែ បើពួកគាត់ចង់បានការងារធ្វើបន្ទាន់នោះ ជាជំហានដំបូង រដ្ឋបាលខេត្តកំពត តាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានកន្លែងចំនួន ៧២៩នាក់លើផ្នែកផ្សេងៗ ដូចជា រោងចក្រផលិតស្បែកជើង, សេវាសណ្ឋាគារ, គ្រឹះស្ថានហិរញ្ញវត្ថុ និងធានារ៉ាប់រងជាដើម៕ អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

