តោះ! មកស្វែងយល់ពីប្រវត្តិរឿងព្រេងប្រាសាទភ្នំបាយ៉ង់កោ

//s5.kh1.co/0b/0bf2cbcd9ace72392b572e32aaae85c774618b75.jpg
ប្រលោមលោក & អប់រំ

 ២២-កុម្ភៈ-២០២០ ១០ល្ងាច · ៤ ឆ្នាំមុន

រឿងព្រេងប្រាសាទភ្នំបាយ៉ង់កោ និងទេសភាពដ៏ស្រស់ត្រកាល

ខេត្តតាកែវ៖ ខេត្តតាកែវគឺជាខេត្តដែលមានវ័យចំណាស់ជាងគេក្នុងប្រទេសកម្ពុជា ហើយជាទឹកដីប្រវត្តិសាស្រ្តនៃរាជដើមកំណើតដំបូងបង្អស់នៃប្រទេសកម្ពុជា ដែលពីមុនគេហៅថា នគរគោកធ្លោក។ ហើយបើយើងធ្វើដំណើរចេញពីទីរួមខេត្តតាកែវទៅទិសខាងត្បូងប្រមាណជា ៤៧គីឡូ យើងនឹងឃើញប្រាសាទមួយ ដែលគេហៅថា "ប្រាសាទភ្នំបាយ៉ង់កោ"។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=640,h=960,q=100/c6/c62f1d35c54318c1890350d0fc3b6e0242eb7061.jpg

ប្រាសាទ​ភ្នំ​បាយ៉ង់​កោស្ថិត​នៅ​ភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ មានចម្ងាយ ១២១ គីឡូម៉ែត្រ ពី​ភ្នំពេញ ដោយ​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ ២ កាត់ស្រុកបាទី ស្រុកសំរោង កាត់​ទី​រួម​ខេត្តតាកែវ និង កាត់ស្រុកទ្រាំង ។ ប្រាសាទបាយ៉ង់​ស្ថាបនា​ឡើង​នៅ​លើ​កំពូលភ្នំបាយ៉ង់ មានកម្ពស់ ៣១៣ ម៉ែត្រ និង មានជណ្តើរឡើងចំនួន ៣ ដែលជណ្តើរនីមួយៗមាន ៩០ កាំ ។

ប្រាសាទនេះកសាងឡើងនៅក្នុងសតវត្សរ៍ទី ៧ ពីឆ្នាំ ៦១៥ ដល់ ៦៣៥ ដោយ ព្រះបាទភវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ និង ថ្មស៊ីស្ត (ថ្មស្រទាប់) ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និង កម្ពស់ ១២ ម៉ែត្រ ក្រៅពីប្រាសាទបាយ៉ង់ មានប្រាសាទចំនួន ៤ ទៀត ដែលស្ថិតនៅក្បែរនោះដែរ គឺប្រាសាទព្រះគោ ប្រាសាទខាងលិច ប្រាសាទខាងកើត និង ប្រាសាទកាណុង ដែលឧទ្ទិសដល់ព្រហ្មញសាសនា ពីព្រោះនៅចំកណ្តាល ប្រាសាទមានតម្កល់នូវលិង្គ ព្រះឥសូរសម័យបុរាណ ៕

https://s5.kh1.co/__image/w=640,h=960,q=100/75/7551d773f4ce46d48fd0ee76c5109a9e72b4f945.jpg
https://s5.kh1.co/__image/w=640,h=960,q=100/c9/c9e31b5088cab485cf362c292162ccde2a7c514b.jpg

ហើយម្យ៉ាងវិញទៀតក៏មានរឿងព្រេងទាក់ទងនឹងប្រាសាទភ្នំបាយ៉ង់កោដែរ។

នៅសម័យព្រេងនាយនៅប្រទេសខ្មែរមានស្ដេចមួយអង្គទ្រង់ព្រះនាម ព្រះបាទបាយ៉ង់ មានរាជដំណាក់នៅលើភ្នំដងរែក  មានព្រះអគ្គមហេសីល្អណាស់ ទ្រង់ព្រះនាម សក់ក្រអូប មានរូបសំបុរល្អឆោមដូចទេពធីតា ក្លិនក្រអូបសុះសាយទៅដល់ ១ យោជ។  រឿងនេះក៏បានល្បីទៅដល់ព្រះចៅសៀម ក៏ចាត់អោយមនុស្សក៏បានដឹងការពិតជាស្រីល្អដាច់ទាំងអស់ ហើយស្ដេចសៀមក៏រកឧបាយកល ចូលមកចាប់ព្រះនាងយកទៅដើម្បីជាកិត្តិយសរបស់ប្រទេសខ្លួន។ ស្ដេចបាយ៉ង់ទ្រង់ទ្រាបការដូច្នោះ ក៏ព្រះនាង ស្រីស្នំ ក្រមការ ពលសេនាទាំងឡាយឡើងសំពៅ ភៀសខ្លួនចោលព្រះដំណាក់ ទាំងវេលាយប់បើកសំពៅសំដៅទៅទិសអាគ្នេយ៍ មុននឹងចេញដំណើរព្រះអង្គលើកហត្ថាដាក់លើសិរសាប្រណំ សច្ចាបន់ទេវតារក្សាទឹកថា សូមអោយបានសម្រេចសេចក្ដីបីប្រការគឺ ទីមួយសូមអោយមានសុវត្ថិភាពតាមមហារសាគរ ទីពីរសូមកុំអោយសៀមតាមទាន់ ទីបីសូមអោយជួបកន្លែងជាទីគាប់ចិត្ត។  លុះចេញបានឆ្ងាយទ្រង់បានប្រមើ មើលរកកន្លែងចុះចត គាប់ជួនពេលនោះមានព្យុះវិវវល់ បក់បោកធ្វើអោយបាក់ចង្កូត ទើបធ្វើអោយទីនោះមានភូមិបាក់ចង្កូតហើយមកដល់សព្វថ្ងៃនេះគេហៅថា ភូមិបាក់កូត។ ហើយព្រះអង្គបានបន់ស្រន់អ្នកតាថែរក្សានៅទីនោះ រំពេចនោះខ្យល់ក៏បានបាត់ទៅវិញ ហួសទៅមុខបន្តិចក៏បោះយុថ្កាចុះចត ទើបទីនោះមានឈ្មោះថាកន្លែងចត តែសព្វថ្ងៃគេហៅថាភូមិ កន្លែងចតវិញ។  ការចតនោះគឺដើម្បីរៀបចំសែនដល់ការបន់ស្រន់ និងធ្វើចង្កូតថ្មី ហើយកន្លែងបន់ស្រន់នោះក៏ជាប់មកដល់សព្វថ្ងៃនេះ ហៅថាភូមិសែនបន់។ ទាំងបីកន្លែងនេះស្ថិតក្នុងឃុំលាយបូ ស្រុក ត្រាំកក់ ខេត្តតាកែវ។ លុះសម្រេចកិច្ចហើយទ្រង់ក៏ចេញសំពៅបន្តទៀត ពេលដល់កន្លែងមួយសំពៅក៏ធ្លាយ ធ្វើដំណើរបណ្ដើរ ធ្វើសំពៅបណ្ដើរ ត្រងកន្លែងនោះក៏ជាប់ឈ្មោះរហូតថាសំពៅធ្លាយ ទៅមុខបន្តិចក៏ឃើញមានដីគោកដែលមានស្បូវដុះ ក៏យកស្បូវមកចុកសំពៅ សព្វថ្ងៃនេះគេហៅថា ភូមិព្រែកស្បូវ។  ហើយក៏បន្តដំណើរទៅទៀតព្រះនាងសក់ក្រអូប កើតទុក្ខព្រួយជាច្រើនប្រការ មួយសំពៅចេះតែទៅរកទីសំណាក់មិនឃើញ និង ពួកសៀមដេញតាមពីក្រោយ ហើយព្រះនាងក៏អុជទានបួងសួងបន់ស្រន់ អ្នកតាថែរក្សាសាគរ អ្នកតាថែរក្សាដីគោក ព្រៃភ្នំក្រំថ្ម សូមអោយជួបទីសុខប្រសើរ និងសូមអោយពួកសៀមវិនាសខ្ចាត់ខ្ចាយតាមសាគរទីនោះជាប់ឈ្មោះមកសព្វថ្ងៃនេះថាភូមិអន្លង់ទៀន។ ការបួងសួងព្រះនាងពិតជាបានសម្រេចទ័ពសៀមចំនួនមួយសែននាក់ ដោយសំពៅព្រះអង្គធ្វើដំណើរតាមផ្លូវក្រោមខាងកើត និង សំពៅសៀមធ្វើដំណើរតាមផ្លូវក្រោយភាគខាងលិច។ បន្ទាប់សំពៅក៏ងាកទៅទិសនិរតីបន្តិច រីឯពួកសៀមត្រូវព្យុះបោកបក់លិចលង់ស្លាប់កណ្ដាលសាគរ  ត្រង់នោះមានឈ្មោះថាភូមិសែនលង់ជាប់រហូតមកសព្វគេហៅថាភូមិសន្លង់។ សំពៅក៏បន្តដំណើរទៅមុខទៀតក៏មានទីទួលដីគោក ព្រះអង្គក៏អោយពួកសេនា អ្នកឯទៀត បោះយុថ្កាឡើងគោករកទីកន្លែងដែលសមគួរ ពេលគោកបានបន្តិច រន្ទះក៏បានសំពៅ ទីនោះក៏បានហៅថាភ្នំរន្ទះបាញ់។ ទ្រង់ក៏រកបានទីសមគួរ និងធ្វើព្រះពន្លា ដោយជំពាក់បំណន់ត្រូវលាបំណន់កោសក់ជូកអ្នកតាទើបទីនោះមានឈ្មោះភ្នំបាយ៉ង់កោមកដល់សព្វថ្ងៃនេះ។

https://s5.kh1.co/__image/w=650,h=434,q=100/e2/e2266e0f24a92a407873a1e8e9b3a08d8e9a9c38.jpg
https://s5.kh1.co/__image/w=650,h=434,q=100/9e/9ee77d4795fa4c25946d6a722444e6150a83daf1.jpg
https://s5.kh1.co/__image/w=650,h=434,q=100/bd/bde51e7181d6ff02839b9948e51512b1ee5c1f51.jpg
Tan Seuvinn
Vinn (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T