គិតៗទៅជីវិតប្ដីប្រពន្ធ ទំនាក់ទំនង ក៏ផុយស្រួយណាស់ដែរ កុំគិតថា ក្លាយជាប្ដីប្រពន្ធគ្រួសារតែមួយហើយ នឹងមិនបែកបាក់ ប្រេះឆានោះ ប្រសិនបើអ្នកមិនយល់ពីពាក្យថាប្ដីប្រពន្ធ មិនចេះប្រើជីវិតជាប្ដីប្រពន្ធ ប្រាកដជាងាយនឹងបែកបាក់ យ៉ាងឆាប់រហ័ស ហើយក៏មិនអាចផ្សះផ្សាបានវិញដែរ។ ដូច្នេះហើយ អ្នកត្រូវដឹងថា ជីវិតជាប្ដីប្រពន្ធ មានរឿងមួយចំនួន អ្នកត្រូវតែចៀសវាង កុំឱ្យវាក្លាយជាចំណែកនៃបញ្ហា បណ្ដាលឱ្យជីវិតគ្រួសារបែកបាក់ឱ្យសោះ ៖

រូបតំណាង

១. ពាក្យសម្ដីអ្នកដទៃ
ជាប្ដីប្រពន្ធត្រូវចេះជឿជាក់ និងទុកចិត្តគ្នា ទម្រាំតែឈានដល់ចូលរោងរៀបការ ប្រាកដជាស្គាល់ចិត្តថ្លើមគ្នាច្បាស់ហើយ ទោះមិនច្បាស់ ក៏ខ្លះៗដែរ ដូច្នេះហើយ កុំចេះតែស្ដាប់ពាក្យសម្ដីចាក់រុកអ្នកដទៃពេក អ្នកក្រៅមួយចំនួនធំ គេមិនចង់ឃើញគ្រួសារយើងមានបាន មានសុភមង្គលឡើយ គេចាំតែសើចចំអក និងជាន់ពន្លិចតែប៉ុណ្ណោះ ស្ដាប់ពាក្យគេច្រើន នាំឱ្យប្ដីប្រពន្ធបាត់បង់ទំនុកចិត្ត និងភាពជឿជាក់លើគ្នា។

២. បញ្ហាខាងក្រៅផ្ទះ
ធម្មតា ប្ដីប្រពន្ធរមែង មានកិច្ចការងារនៅក្រៅផ្ទះ ការរកស៊ីរៀងៗខ្លួន តែមិនថាការងារ ការរកស៊ី មានបញ្ហាច្រើនប៉ុនណា ក៏កុំយកបញ្ហាទាំងនោះ មកធ្វើជាភ្នក់ភ្លើង នាំចូលមកដុតអ្នកនៅក្នុងផ្ទះ គេថា " ខឹងគោកុំវាយរទេះ រឿងក្រៅផ្ទះ កុំយកមកជះដាក់ក្នុងគ្រួសារ " បើមានបញ្ហា គួរតែយកមកប្រាប់ ដើម្បីពិក្សាគ្នា មិនមែនរករឿងឈ្លោះគ្នានោះឡើយ។

រូបតំណាង

៣. គំនិតគ្រួសារទាំងសងខាង
ដឹងថា ឪពុកម្ដាយតែងតែចង់ឱ្យកូនចៅបានល្អ តែគំនិតគាត់ មិនមែនសុទ្ធតែត្រឹមត្រូវនោះឡើយ ដូច្នេះហើយ កុំសូវតាម ឬព្យាយាមតម្រូវចិត្តឪពុកម្ដាយ ឬសាច់ញាតិបងប្អូន មិនថាខាងណាក៏ដោយ រហូតធ្វើឱ្យប្ដីប្រពន្ធថ្នាំងថ្នាក់ដាក់គ្នា ជាពិសេសគឺ មាត់ចេចចូចរបស់ញាតិហ្នឹងតែម្ដង បងប្អូនសាច់ឯង ក៏មិនមែនសុទ្ធតែល្អល្អូកល្អើន ចង់ឃើញយើងបានសុខនោះដែរ។

៤. ការជួបជុំមិត្តភក្តិ
រឿងស៊ីផឹក ជួបជុំមិត្តភក្តិហ្នឹងក៏អីចឹងដែរ បើមានដៃគូម្ខាងណាមិនពេញចិត្តហើយ ម្ខាងទៀត ត្រូវតែព្យាយាមតាមដៃគូផង កុំចេះតែខ្លាចមិត្តអន់ចិត្ត ព្រោះតែមិនបានទៅស៊ីផឹក ឬដើរលេងជាមួយគេ ហើយមិនខ្លាច មិនក្រែងចិត្តប្ដីប្រពន្ធខ្លួនឯងនោះ ធ្វើបែបហ្នឹង គេហៅថា មិនគោរព និងឱ្យតម្លៃមនុស្សនៅក្នុងផ្ទះ។

៥. ការលាក់បាំង

ផិតក្បត់ដាច់ខាត កុំមានចិត្តផិតក្បត់ប្ដីប្រពន្ធ កុំឃើញអ្នកផ្សេង ល្អ ស្អាត សង្ហា ឬព្រោះតែដុល្លារ ទ្រព្យសសម្បត្តិគេស្ដុកស្តម្ភក៏ហ៊ានបោះបង់មនុស្សដែលក្រាបក្បាលដល់កន្ទេលជាមួយគ្នានោះ អ្នកថ្មី ៩៩% មិនស្មោះនឹងយើង ដូចប្ដីប្រពន្ធយើងឡើយ គេមើលឃើញតែប្រយោជន៍ពីយើងទេ។

រូបតំណាង

៦. បញ្ហាការចំណាយ និងចំណូល
ជឿថាមានប្ដីប្រពន្ធមួយចំនួន ត្រេកត្រអាលណាស់ ពេលដៃគូរកបានច្រើន តែពេលដែលរកបានតិចតួច បាត់បង់ប្រាក់ចំណូល បែរជារករឿងឈ្លោះ គិតតែបន្ទោសគ្នា តែមិនព្រមចាប់ដៃគ្នាខំប្រឹងបន្ថែមទេ បើបែបហ្នឹង មិនយូរឡើងជីវិតប្ដីប្រពន្ធអ្នកនឹងដើរដល់ផ្លូវបែក ព្រោះតែការមិនចេះរួបរួមគ្នា ចាំតែបាននិងបាន។

៧. ល្បែងស៊ីសង
កុំយកខ្លួនទៅបៀតនឹងល្បែងស៊ីសង ទោះដៃគូពូកែរក ឬអាចរកបានច្រើនប៉ុនណាក៏ដោយ តែបើម្ខាងទៀតចាំតែបំផ្លាញហើយ ប្រាកដជារលាយទៅជាមួយគ្នាមិនខាន ហើយបើមានដៃគូគិតតែបំផ្លាញហើយនោះ គ្មានអ្នកណាចង់បន្តនៅរួមរស់ជាមួយគ្នានោះឡើយ៕

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]