ភ្នំពេញ៖ បុគ្គលិករបស់ក្រុមហ៊ុន អឹមហ្វូន (MFONE) ជាង២០០នាក់តំណាង ឲ្យជាងមួយពាន់នាក់ នាព្រឹកថ្ងៃ ទី១៧ ខែមីនា ឆ្នាំ២០១៣នេះ បានបន្តធ្វើកូដកម្ម នៅមុខក្រុមហ៊ុន ដែលស្ថិតនៅផ្លូវព្រះមុនីវង្ស ក្នុងគោលបំណង ទាមទារប្រាក់ខែ និងប្រាក់អតីតភាពផ្សេងពីថៅកែ បន្ទាប់ពី ថៅកែខាងលើនេះ បិទទ្វារហើយដាក់មេផាយមិនព្រមដោះស្រាយជូនពួកគេ។

ក្រុមហ៊ុន MFONE ត្រូវបានប្រកាសបិទទ្វារកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ បន្ទាប់ពីក្រុមហ៊ុន នេះក្ស័យធន ហើយបានលក់អតិថិជនរបស់ខ្លួនទៅឲ្យក្រុមហ៊ុន ម៉ូប៊ីថែល កាលពីកន្លងទៅផងដែរ។

លោកនីម សូលីដា ជាវិស្វករបច្ចេកទេសនៃក្រុមហ៊ុន MFONE បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកបានបំរើការងារនៅក្រុមហ៊ុននេះជាង១០ឆ្នាំមកហើយ ហើយប្រាក់ទាំងឡាយដែលថៅកែខាងលើនេះ ពុំទាន់ដោះស្រាយឲ្យលោកនិងបុគ្គលិក ដទៃទៀតគឺម្នាក់ៗជាងមួយម៉ឺនដុល្លារ។

លោក សូលីដា បានបន្តថា ការទាមរបស់បុគ្គលិកថ្ងៃនេះគឺដើម្បីឲ្យថៅកែនិងស្ថាប័នពាក់ព័ន្ធផ្សេងៗ ចូលមក ដោះស្រាយដល់ពួកគេហើយពុំដូច្នោះទេ ពួកគេនឹងជួបការលំបាកខ្លាំងខាងជីវភាព ដោយសារតែពួកគេនៅផ្ទះ ជួល ហើយគ្មានប្រាក់បង់ថ្លៃផ្ទះ។

លោកបន្តថា "ក្រុមហ៊ុនមិនបានធ្វើការទូទាត់អ្វីសោះដល់ពួកខ្ញុំរហូតមកដល់ពេលនេះ ហើយខាងក្រុមហ៊ុន សុខចិត្ត ផ្ទេរអតិថិជនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនម៉ូប៊ីថែល ប៉ុន្តែក្រុមហ៊ុនមិនបានគិតគូរអំពីបុគ្គលិករបស់ខ្លួន ដែលមានច្បាប់ស្តីអំពីការងារនៅស្រុកខ្មែរ ហើយបុគ្គលិកទាំងអស់គ្នាមិនសប្បាយចិត្ត ហើយទាមទារ ក្រុមហ៊ុនមកដោះស្រាយបុគ្គលិកខ្មែរដែលនៅកម្ពុជានេះ"។

លោក សូលីដា បានបន្តថា បុគ្គលិកខ្មែរទាំងអស់ដែលបំរើការឲ្យក្រុមហ៊ុននេះគឺមានចំនួន១.០៩២នាក់ដែលពុំ ទាន់ ទទូលបានប្រាក់ខែនិងប្រាក់អ្វី ផ្សេងដូច ជាប្រាក់អតីតភាពជាដើម។

យោងតាមសេចក្តីជូនដំណឹង របស់បុគ្គលិកដែលបានធ្វើការតវ៉ានោះ បានឲ្យដឹងថា ប្រាក់ទាំងឡាយដែលថៅកែ ខាងលើនេះ មិនទាន់ដោះស្រាយឲ្យគឺមានចំនួនជាងបួនលានបួនសែនដុល្លារអាមេរិក។

អ្នកស្រីហម យ៉ារ៉ាន ជាបុគ្គលិកបំរើការខាងថតសំឡេង បានថ្លែងថា ការទាមទាររបស់បុគ្គលិកទាំងអស់គឺមានដូចជា ប្រាក់បំណាច់ឆ្នាំ ប្រាក់បណ្តេញចេញ ប្រាក់ជូនដំណឹងប្រាក់ជំងឺចិត្ត និងប្រាក់ផ្សេងៗ ជាច្រើនទៀតសរុបទៅតាមច្បាប់ការងារស្រុកខ្មែរ ។

ក្រុមហ៊ុន MFONE មានថៅកែ ចំនួនពីរមួយមកពីប្រទេសថៃ និងមួយទៀតមកពីប្រទេសសិង្ហបូរី។ ពួកគេ ទាំងពីរនាក់ នាពេលបច្ចុប្បន្ននេះ បាននិងកំពុងលាក់មុខពីបុគ្គលិករបស់ខ្លួន ដោយមិនព្រម ចូលមកដោះស្រាយ។

ស្រែកទាមទារ រួមទាំងលើកបដា និងរូបថតសម្តេចតេជោ ហ៊ុន សែននិងលោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិតផងនោះពួកគេ ក៏បានអំពាវនាវដល់អ្នកទាំងពីរជួយអន្តរាគមន៍ដល់ពួកគេផងដែរ ដើម្បីធ្វើ យ៉ាងណាឲ្យថៅកែខាងលើនេះចូលមកដោះស្រាយជូនពួកគេឲ្យបានឆាប់រហ័ស ។ បុគ្គលិកទាំងអស់ ក៏បានព្រមានធ្វើការតវ៉ានេះបន្តទៀតរហូត ដល់មានដំណោះស្រាយជូនដល់ពួកគេផងដែរ។

សូមបញ្ជាក់ថា ក្បាលលេខទូរស័ព្ទរបស់ក្រុមហ៊ុន អឹមហ្វូន មានដូចជា ០១១. ០៦១. ០៧៦ .០៨៥.និង០៩៩។ អតិថិជនដែលបានប្រើប្រាស់ប្រព័ន្ធនេះ កាលពីកន្លងទៅមានប្រមាណជាង៥សែននាក់ និងប្រើប្រាស់ អ៊ីនធើណែតជាងពីរម៉ឺននាក់ប៉ុណ្ណោះ។

ក្រុមហ៊ុននេះបានបង្កើតនៅព្រះរាជណាចក្រកម្ពុជាអស់រយៈពេល១៥ឆ្នាំមកហើយ ក្នុងរយៈពេលប្រតិបត្តិការ ក្រុមហ៊ុននេះបានខ្ចីទុនពីក្រុមហ៊ុនឯកជន និងស្ថាប័នហិរញ្ញវត្ថុនានា ទាំងក្នុងនិងក្រៅប្រទេស ប៉ុន្តែដោយមានអ្នកគាំទ្រតិច ចំណូលចូលទាប់ ទើបធ្វើឲ្យបំណុលកាន់តែច្រើននោះក្រុមហ៊ុន បានសម្រេចចិត្តបិទទ្វារឈប់ដំណើរការតែម្តង ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]