ខេត្តកំពត ៖ សពស្ត្រីចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងដៃព្រែក មួយស្ថិតក្នុងភូមិត្រពាំងកញ្ឆែត ឃុំកំពង់សំរោង ស្រុកទឹកឈូ ក្បែរស្រែអំបិលតាលាង កាលពីវេលាម៉ោង៨ និង៤០នាទីព្រឹកថ្ងៃទី១៤ មីនា។ តាមស្ត្រីឈ្មោះ ម៉ៅ ហ៊ុន ដែលជួបហេតុការណ៍ បានប្រាប់សមត្ថកិច្ចថា ស្ត្រីដែលស្លាប់នេះឈ្មោះ ស៊ុត ចៀន អាយុ៤៩ឆ្នាំ មានប្តីនិងមានកូនម្នាក់ រស់នៅភូមិត្រពាំងធំ ឃុំជុំក្រៀល ស្រុកទឹកឈូ មានមុខរបរធ្វើស្រែ ។

ជារៀងរាល់ថ្ងៃរូបគាត់ និងស្ត្រីរងគ្រោះ តែងតែមករាវបង្គាដើម្បីធ្វើម្ហូបនៅក្នុងដៃព្រែកនេះពុំដែលមាន ជួបបញ្ហាអ្វីទេ ហើយនៅថ្ងៃទី១៤ មីនានោះ វេលាម៉ោង៨ព្រឹក ស្ត្រីរងគ្រោះក៏បបួលគាត់មករាវបង្គាដូចសព្វដងដែរ តែដោយថ្ងៃនោះគាត់ជាប់រវល់កិច្ចការក្នុងផ្ទះទើបពុំបានមក ជាមួយ ។ សាក្សីបន្តទៀតថា ក្រោយពីចប់កិច្ចការគាត់ក៏បានទៅរាវបង្គានៅកន្លែងធ្លាប់រាវ ប៉ុន្តែគ្រាន់តែមកដល់ដៃព្រែកកន្លែងរាវ ស្រាប់តែប្រទះឃើញសពស្ត្រីដៃគូដែលធ្លាប់រាវបង្គាជាមួយគ្នា អណ្តែតនៅក្នុងទឹក ក៏ប្រាប់អ្នកស្រុកដែលធ្វើកម្មករស្រែអំបិលនៅក្បែរនោះ និងទូរស័ព្ទទៅប្រាប់នគរបាលប៉ុស្តិ៍សុំឱ្យទៅពិនិត្យសព ។

តាមប្រភពព័ត៌មានពីអ្នកភូមិជាមួយគ្នាឱ្យដឹង ថា ស្ត្រីរងគ្រោះដែលស្លាប់ដោយលង់ទឹកនេះ ជាទម្លាប់គាត់ចូលចិត្តហូបស្រាជារៀងរាល់ព្រឹកមុនពេលទៅធ្វើការ អ្វីមួយ ហើយនៅមុនពេលលង់ទឹកស្លាប់នេះ អ្នកភូមិបានឃើញគាត់ហូបស្រាមួយកែវ ឬពីរកែវហើយទើបទៅរាវបង្គា ។ គេសង្ស័យថាស្ត្រីរូបនេះកើតជំងឺខ្យល់គរនៅពេលស្រវឹងស្រា ហើយចុះរាវបង្គាទើបបណ្តាលឱ្យជួបហេតុការណ៍ដូច្នេះ ។

ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចពុំឃើញមាន ស្លាកស្នាមអ្វីទាំងអស់ និងសន្និដ្ឋានថាបណ្តាលមកពីខ្យល់គររួចដួលក្នុងទឹកបណ្តាលឱ្យ ឈ្លក់ទឹកស្លាប់តែម្តងទៅ ហើយក៏បានប្រគល់សពទៅឱ្យគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]