យុវជនជប៉ុ​ន​កាន់តែលែងចង់ «រួមភេទ» ធ្វើ​ឲ្យ​ប្រទេស​ប្រឈម​នឹង​កង្វះពលកម្ម

//s5.kh1.co/74/74afb153f81bf0017530b897de444e7d43c7d0d9.jpg
ផ្លូវភេទ

 ០៥-ធ្នូ-២០១៩ ៤ល្ងាច · ៤ ឆ្នាំមុន

តូក្យូ៖ ក្នុង​វ័យ ១៨ ឆ្នាំ យុវជន​ Nakamura ជា​និស្សិត​ផ្នែក​សេដ្ឋកិច្ច​មួយរូប​នៅ​ទីក្រុង​តូក្យូ ​បាន​អះអាង​ថា រូប​គេ​ពុំ​ដែល​នឹក​នា​ចង់​បាន​​មាន​សង្សារ​នោះ​ឡើយ ព្រោះ​គេ​បាន​ចាត់​ទុក​វា​ថា ជា​រឿង​មួយ​ដ៏​គួរ​ឲ្យ​ស្មុគ​ស្មាញ​និង​នឿយហត់ ហើយ​គេ​រឹត​តែ​មិន​ចង់​រៀប​ការ​ទៅ​ទៀត ដោយសារ​តែ​ការ​មាន​គ្រួសារ​នឹង​រំខាន​ដល់​ការ​លេង​ វីឌីអូ ហ្គេម និង​ការ​ជជែក​កម្សាន្ត​ជាមួយ​មិត្ត​ភក្តិ​ដែល​គេ​ចូលចិត្ត។ រូបគេ​ថែម​ទាំង​បាន​និយាយ​ទៀត​ថា ការ​មើលភាព​យន្ត​សិច​តាម​ទូរស័ព្ទគឺគ្រប់​គ្រាន់​ទៅ​ហើយ​សម្រាប់​រូបគេ ហើយ​គេ​ពុំ​ចាប់​អារម្មណ៍​លើ​ការ​រួម​ភេទ​ពិត​ប្រាកដ​នោះ​ឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

Nakamura គឺ​ជា​យុវជន​ម្នាក់​នៅ​ក្នុង​ចំណោម​យុវវ័យ​ជាច្រើន​ទៀត​របស់​ប្រទេស​ជប៉ុន ដែល​យោង​ទៅ​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ កាន់​តែ​មាន​ទស្សនៈ​អវិជ្ជមាន​ទៅ​ៗ​ចំពោះ ស្នេហា ការ​រួមភេទ និង​ការ​រៀប​អាពាហ៍ពិពាហ៍ ហើយ​បញ្ហា​នេះ​នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​ដល់​តុល្យភាព​ប្រជាជន និង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ។

លទ្ធផល​នៃ​ការ​អង្កេត​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន O-net ដែល​ជា​ក្រុម​ហ៊ុន​ផ្តល់​សេវា​ប្រឹក្សា​ជីវិត​អាពាហ៍ពិពាហ៍ និង​​​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ បាន​បង្ហាញ​ថាក្រុម​យុវវ័យ​ដែល​មាន​អាយុ​ខ្ទង់​ ២០ ឆ្នាំ​ប្រមាណ ៧៤.៣ ភាគរយ របស់​ប្រទេស​នេះ​ពុំ​មាន​ដៃគូ​ស្នេហា។

ការ​អង្កេត​មួយ​ផ្សេង​ទៀត​របស់​ការិយាល័យ​គណៈរដ្ឋ​មន្ត្រី​​ទៅលើ​មនុស្ស​ជាង ៧០០០ នាក់​នៅ​ឆ្នាំ ២០១៥ ក៏​បាន​បង្ហាញ​ដែរ​ថា យុវជន​ប្រមាណ ៤០ ភាគរយ​នៃ​ប្រទេស​នេះ ពុំ​ចង់​បាន​សង្សារនិង​ចាត់​ទុក​ស្នេហា​ជា​រឿង​រំខាន​​ដល់​អ្វី​ផ្សេង​ទៀត​ដែល​ពួកគេ​ចូល​ចិត្តធ្វើ។

ជាមួយ​គ្នា​នោះដែរ ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​បង្ហាញ​ផងដែរ​ថា ចំណង់​ផ្លូវ​ភេទ​របស់​យុវវ័យ​ជប៉ុន ​កំពុង​តែ​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។

របាយការណ៍​ស្រាវជ្រាវ​មួយ​របស់​សមាគម​ផែនការ​គ្រួសារជប៉ុន (JFPA) នៅ​ឆ្នាំ ២០១៤ បាន​ឲ្យ​ដឹងថា ក្រុម​បុរស​ប្រមាណ ២១.៦ ពុំ​មាន​ចំណាប់​អារម្មណ៍​លើ​ចំណង់​ផ្លូវ​ភេទ។ កាន់​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ជាង​នេះ​ទៅទៀត​នោះ ក្រសួង​សុខាភិបាល​បាន​រាយការណ៍​ក្នុង​ឆ្នាំ ២០១២ ថា បុរស​រៀបការ​ ១៥.៨ ភាគរយ និងស្រ្តី​រៀបការ​រួច​ ១១.៦ ភាគរយ​ពុំ​មាន​កូន។

ក្រុម​ជំនាញ​បាន​ឲ្យ​ដឹងថា​ និន្នាការ​នេះ​ប្រហែល​ជា​បណ្តាល​មក​ពីកត្តារួម​ផ្សំ​ជាច្រើន ដូចជា​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា និង​កម្រិត​កាន់​តែ​ខ្ពស់​នៃ​ការ​អប់រំ​របស់​ស្រ្តី​ជាដើម។

ពួក​គេ​មាន​ការ​ព្រួយ​បារម្ភ​ថា ជប៉ុន​អាច​នឹង​ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​កម្លាំង​ពលកម្ម និង​ការ​កើន​ឡើង​លើស​លុប​នៃ​ចំនួន​ប្រជាជន​ចាស់​ជរា ដែល​នឹង​ប៉ះ​ពាល់​យ៉ាងខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ប្រសិន​បើគ្មាន​មធ្យោបាយ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​នោះ​ទេ៕

Taing Rinith
និចគី តាង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T