តូក្យូ៖ ក្នុងវ័យ ១៨ ឆ្នាំ យុវជន Nakamura ជានិស្សិតផ្នែកសេដ្ឋកិច្ចមួយរូបនៅទីក្រុងតូក្យូ បានអះអាងថា រូបគេពុំដែលនឹកនាចង់បានមានសង្សារនោះឡើយ ព្រោះគេបានចាត់ទុកវាថា ជារឿងមួយដ៏គួរឲ្យស្មុគស្មាញនិងនឿយហត់ ហើយគេរឹតតែមិនចង់រៀបការទៅទៀត ដោយសារតែការមានគ្រួសារនឹងរំខានដល់ការលេង វីឌីអូ ហ្គេម និងការជជែកកម្សាន្តជាមួយមិត្តភក្តិដែលគេចូលចិត្ត។ រូបគេថែមទាំងបាននិយាយទៀតថា ការមើលភាពយន្តសិចតាមទូរស័ព្ទគឺគ្រប់គ្រាន់ទៅហើយសម្រាប់រូបគេ ហើយគេពុំចាប់អារម្មណ៍លើការរួមភេទពិតប្រាកដនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សNakamura គឺជាយុវជនម្នាក់នៅក្នុងចំណោមយុវវ័យជាច្រើនទៀតរបស់ប្រទេសជប៉ុន ដែលយោងទៅតាមការសិក្សាស្រាវជ្រាវមួយ កាន់តែមានទស្សនៈអវិជ្ជមានទៅៗចំពោះ ស្នេហា ការរួមភេទ និងការរៀបអាពាហ៍ពិពាហ៍ ហើយបញ្ហានេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់តុល្យភាពប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេសនេះ។
លទ្ធផលនៃការអង្កេតដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន O-net ដែលជាក្រុមហ៊ុនផ្តល់សេវាប្រឹក្សាជីវិតអាពាហ៍ពិពាហ៍ និងចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថាក្រុមយុវវ័យដែលមានអាយុខ្ទង់ ២០ ឆ្នាំប្រមាណ ៧៤.៣ ភាគរយ របស់ប្រទេសនេះពុំមានដៃគូស្នេហា។
ការអង្កេតមួយផ្សេងទៀតរបស់ការិយាល័យគណៈរដ្ឋមន្ត្រីទៅលើមនុស្សជាង ៧០០០ នាក់នៅឆ្នាំ ២០១៥ ក៏បានបង្ហាញដែរថា យុវជនប្រមាណ ៤០ ភាគរយនៃប្រទេសនេះ ពុំចង់បានសង្សារនិងចាត់ទុកស្នេហាជារឿងរំខានដល់អ្វីផ្សេងទៀតដែលពួកគេចូលចិត្តធ្វើ។
ជាមួយគ្នានោះដែរ ការសិក្សាស្រាវជ្រាវក៏បានបង្ហាញផងដែរថា ចំណង់ផ្លូវភេទរបស់យុវវ័យជប៉ុន កំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង។
របាយការណ៍ស្រាវជ្រាវមួយរបស់សមាគមផែនការគ្រួសារជប៉ុន (JFPA) នៅឆ្នាំ ២០១៤ បានឲ្យដឹងថា ក្រុមបុរសប្រមាណ ២១.៦ ពុំមានចំណាប់អារម្មណ៍លើចំណង់ផ្លូវភេទ។ កាន់តែគួរឲ្យព្រួយបារម្ភជាងនេះទៅទៀតនោះ ក្រសួងសុខាភិបាលបានរាយការណ៍ក្នុងឆ្នាំ ២០១២ ថា បុរសរៀបការ ១៥.៨ ភាគរយ និងស្រ្តីរៀបការរួច ១១.៦ ភាគរយពុំមានកូន។
ក្រុមជំនាញបានឲ្យដឹងថា និន្នាការនេះប្រហែលជាបណ្តាលមកពីកត្តារួមផ្សំជាច្រើន ដូចជាការរីកចម្រើននៃបច្ចេកវិទ្យា និងកម្រិតកាន់តែខ្ពស់នៃការអប់រំរបស់ស្រ្តីជាដើម។
ពួកគេមានការព្រួយបារម្ភថា ជប៉ុនអាចនឹងប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្ម និងការកើនឡើងលើសលុបនៃចំនួនប្រជាជនចាស់ជរា ដែលនឹងប៉ះពាល់យ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចរបស់ប្រទេស ប្រសិនបើគ្មានមធ្យោបាយដោះស្រាយទាន់ពេលវេលានោះទេ៕