ក្រោយឃើញបែបនេះ សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង​សង់​អគារ​ជា​បន្ទាន់!

//s5.kh1.co/e8/e858f40384d675b9242e19e7f591fae072cf30da.jpg
សង្គម

 ២៩-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ខេត្តព្រះវិហារ ៖ សាលារៀន​ជា​ថ្នាល​សម្រាប់​បណ្ដុះបណ្ដាល​មនុស្ស​ជំនាន់​ក្រោយ​នូវ​ចំណេះវិជ្ជា​ ដែល​មិន​អាច​ខ្វះ​បាន​និង​ដើម្បី​ក្លាយទៅជា​ទំពាំង​ស្នង​ឫស្សី ជួយ​ដល់​សង្គម ព្រមទាំង​អភិវឌ្ឍន៍​ប្រទេស​ជាតិ នា​ពេល​អនាគត ។ ស្រប​ពេល​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​តែងបាន​យកចិត្តទុកដាក់​ក្នុង​ការ​ផ្តល់​អគារសិក្សា​រាប់​ពាន់​ខ្នង​នៅ​ទូ​ទាំង​ប្រទេស យ៉ាងណា​ក្តី តែ​ក៏​នៅ​មាន​តំបន់​ចុងកាត់មាត់ញក​ខ្លះ​នោះ​ក៏​កំពុង​ប្រឈម​គ្មាន​បន្ទប់ រៀន​ដែរ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=380,q=100/bf/bffcf8dc8def620d4c8c228ca0f0a054cc74686d.jpg

ពិតជា​សែន​ខ្លោចចិត្ដ​ពន់ពេក​រក​អ្វី​ប្រៀបផ្ទឹម​មិន​បាន​ដែល​ក្មេង​ៗ​ជា​សិស្សសាលា​បឋម​សិក្សា អូរ​ជុ​ញ ស្ថិត​នៅ​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ដ ព្រោះតែ​ស្រឡាញ់​ការ​សិក្សា​ខ្លាំង​ពេក សុខចិត្ដ​អង្គុយ​រៀន​លើ​តង់​ធ្វើ​កម្រាល​រៀន​ក្រោម​ដើមឈើ គ្មាន​តុ កៅអី គ្មាន​បន្ទប់​បិទ​បាំង​ហើយ​ក្តារខៀន​ដាក់​បញ្ឈរ​កណ្តាលវាល​ពីមុខ​ពួក​គេ ។ ទិដ្ឋភាព នេះ​ត្រូវ​បាន​បង្ហោះ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ដោយ​អ្នកគ្រូ​បង្រៀន​ម្នាក់ ដែល​មាន​គណនី ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hunny Phim បាន​សរសេរ​រៀបរាប់​ឱ្យ​ដឹង​ថា ថ្ងៃនេះ​មាន​រូបភាព​កូន​ៗ អង្គុយ​រៀន​ក្រោម​ដើ​ម​ឈេី ។ សូម​មាតាបិតា បងប្អូន​ណា​ដែល​បាន​ឃេី​ញ សូម​មេត្ដា​ជួយ​ឧបត្ថម្ភ​ជា​៖ (​ឈេី ដែក ឬ​ក៏​ជា​លុយ​ក៏​ដោយ មិន​កំណត់​ទេ​) សាលា​បឋម​អូរ​ជុ​ញ​កំពុង​តែ​រក​ជំនួយ​មក​ធ្វេ​ី​រោងដោល​២​បន្ទប់ ដើម្បី​កុមារ​ទាំងនេះ​បាន​រៀនសូត្រ ។ សេចក្តី​អំពាវនាវ​សង្ឃឹមថា​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅប្រទេស​មេត្តា​ជួយ​ឧបត្ថម្ភ​ដល់​សាលា​នេះ​ផង ។

https://s5.kh1.co/__image/w=650,h=379,q=100/c8/c851a6dbe8aeebb679526bff96337d37752f282d.jpg

ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ «​កោះសន្តិភាព​»​ ​តាម​ទូរស័ព្ទ អ្នកគ្រូ ផឹ​ម ហ៊ុន​នី ជា​គ្រូបង្រៀន​នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ​នេះ បាន​រៀបរាប់​ថា សាលា​នេះ បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ​២០០៨ រហូត​មក​ដល់​ពេល​នេះ​មាន​អាយុកាល​ជាង​១០​ឆ្នាំ​ហើយ សម្រាប់​ការ​បង្រៀន​កូន​ក្មេង​តូច​ៗ ពិសេស​កូន​ៗ​គ្រួសារ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ជាយ​ដែន​ផ្ទាល់​តែ​ម្តង បច្ចុប្បន្ន​មាន​គ្រូបង្រៀន​ចំនួន​១៤​នាក់ ។

អ្នកគ្រូ​បន្ត​ថា ដំបូង​ឡើយ​នៅ​ឆ្នាំ​២០០៨​សាលា​នេះ​មាន​រោងដោល​តែ​២​ប៉ុណ្ណោះ ស្មើ​៤​បន្ទប់ រហូត​មក​ដល់​ឆ្នាំ​២០១៥ ការិយាល័យ​អប់រំ​ស្រុក​ក៏​បាន​សាងសង់ រោងដោល​ចំនួន​២​បន្ថែម​ទៀត ស្មើនឹង​៤​បន្ទប់ សរុប​ទាំងអស់​មាន​ចំនួន​១២​ថ្នាក់ ប៉ុន្តែ​ដោយសារ​តែ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ឃើញ​ថា​កំណើន សិស្ស​ចូល​រៀន​កាន់តែ​មាន​ច្រើន​ឡើង គិត​មក​ដល់​បច្ចុប្បន្ន​នេះ​មាន​រហូត​ដល់​ជាង​៤០០​នាក់ ដែល​ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​បន្ទប់​សិក្សា​មានការ​ខ្វះខាត ទើប​លោកគ្រូ អ្នកគ្រូ​នៅ​ទីនោះ​សម្រេចចិត្ត នាំ​សិស្ស​តូច​ៗ មក​ក្រាល​តង់​ក្រោម​ដើមឈើ ដើម្បី​បន្ត​ការ​សិក្សា ។ អ្នកគ្រូ​ដដែល រៀបរាប់​ទៀត​ថា កន្លង​ទៅ​គ្រូបង្រៀន​នៅ​ទីនោះ​បាន​ស្នើ​សុំ​ទៅ​ដល់​មន្ទីរ​ជំនាញ ក៏​ដូច​ជា​សប្បុរសជន​នៅ​ទីនោះ​ដើម្បី​ជួយ​ផ្គត់ផ្គង់ ដូច​ជា ជួយ​សាងសង់​បន្ទប់​សាលារៀន​នេះ​បន្ថែម​ដែរ ប៉ុន្តែ​បែរជា​ស្ងាត់​ដំណឹង​រហូត​មក​ដល់​ពេល​នេះ ។

https://s5.kh1.co/__image/w=650,h=379,q=100/c8/c851a6dbe8aeebb679526bff96337d37752f282d.jpg

អ្នកគ្រូ​ថា កន្លង​ទៅ​មានការ​ជួយ​បរិច្ចាគ​ធនធាន​ពី​អាណាព្យាបាល​សិស្ស​មួយ​ចំនួន​ផង​ដែរ ប៉ុន្តែ​ប្រសិនបើ​នៅ​តែ​បន្ត​សុំ​ជំនួយ​ពី​អាណាព្យាបាល​សិស្ស​បន្ត​ទៀត នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព របស់​ពួក​គាត់​ជា​មិន​ខាន​ឡើយ ។ អ្នកគ្រូ ផឹ​ម ហ៊ុន​នី ដែល​មាន​គណនី Huny Phim ក្នុង​ហ្វេ​ស​ប៊ុ​កបាន​សំណូមពរ​ដល់​អាជ្ញាធរ ក៏​ដូច​ជា​សប្បុរសជន​នានា មេត្តា​ជួយ​ផ្តល់​ជំនួយ​ជា​សម្ភារ​សិក្សា ក៏​ដូច​ជា​បន្ទប់​សិក្សា​បន្ថែម​ទៀត ដល់​សាលា​បឋម​សិក្សា​អូរ​ជុ​ញ​នេះ​ផង ដើម្បី​ជា​ប្រយោជន៍​យ៉ាង​សំខាន់​សម្រាប់​ឲ្យ​កុមារ​តូច​ៗ បាន​រៀនសូត្រ​សមរម្យ ។

ជាមួយ​គ្នា​នេះ​លោក ចេ​ង លឹ​ម​ហ៊ាន់ ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​ទទួលស្គាល់​ថា សាលា​បឋម​សិក្សា​អូរ​ជុ​ញ នេះ​ពិតជា​មានការ​លំបាក នឹង​ជួប​ប្រទះ​កង្វះខាត​បន្ទប់​សិក្សា​ប្រាកដ​មែន ប៉ុន្តែ​កន្លង​ទៅ​លោក​បាន​ណែនាំ​ដល់​ការិយាល័យ​អប់រំ ស្រុក​ត្រូវ​ពិនិត្យ​តាម​សាលា​ណា​ដែល​ខ្វះខាត ធ្វើ​របាយការណ៍​មក​មន្ទីរ ដើម្បី​មាន​វិធានការ​ដោះស្រាយ​បន្ទាន់ ព្រោះ​មន្ទីរ​មាន​សម្ភារ​សិក្សា​សម្រាប់​ដោះស្រាយ​បាន​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​តែ នាយក​សាលា នឹង​ការិយាល័យ​អប់រំ​ស្រុក​ជាំ​ក្សាន្ត​មិន​បាន​ផ្តល់​ដំណឹង​ដល់​មន្ទីរ ទើប​មន្ទីរ​មិន​បានដឹង ។

លោក​ថា ជា​ការ​ពិត​សាលា​បឋម​សិក្សា​អូរ​ជុ​ញ​នេះ បាន​ស្នើ​សុំ​មក​មន្ទីរ​ដើម្បី សុំ​សាលារៀន តាំងពី​ឆ្នាំ​២០០៨​មក​ម្ល៉េះ ប៉ុន្តែ​ដោយសារ​តែ​គម្រោង​មិន​ទាន់​មាន ទើប​អូស​បន្លា​យមក​ដល់ ពេល​នេះ ។ លោក​ថា ជា​ការ​ឆ្លើយ​តប​ចំពោះ​មុខ មន្ទីរ​បាន​ចាត់​ក្រុមការងារ ដឹក​តុ​សិក្សា​ចំនួន​៤៨​តុ នឹង​បញ្ជូន​អ្នកជំនាញ​ខាង​សំណង់ ទៅ​សិក្សា​ពិនិត្យ​មើល ដើម្បី​សាងសង់​បន្ទប់​សិក្សា​បន្ថែម ដល់​សាលា​នេះ ។ វា​ពិតជា​មិនល្អ​មើល​ទាល់តែ​សោះ​ដែល​មហាជន​បាន​ចោទសួរ​ថា ចំណុច​ជាយ​ដែន​ភាគ​ខាងជើង​នេះ​សម្បូរ​ដោយ​ព្រៃឈើ ហេតុ​អ្វី​ក៏​សាលារៀន​គ្មាន​អគារ​រៀន​ឱ្យ​សមរម្យ​សោះ​ហើយ បែរជា​ពួក​ជន​ទុច្ចរិត​កាប់​បំផ្លាញ​ព្រៃឈើ​ដឹក​ចេញ​រលាយ​ព្រៃ​ស្ទើរ​អស់បែប​នេះ ?

https://s5.kh1.co/__image/w=650,h=867,q=100/35/358fd5a6b2c3f7dde2689dc10c5c85ef9456255f.jpg

សម្ដេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម ចុះ​ទៅ​ពិនិត្យ​ផ្ទាល់ និង​សាងសង់​អគារ​ជា​បន្ទាន់​ជូន​លោកគ្រូ អ្នកគ្រូ និង​សិស្ស​នៅ​សាលា​អូរ​ជុ​ញនៅ​រសៀល​ថ្ងៃ​ទី​២៨ វិច្ឆិកា សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ​ពី​សិស្ស​អង្គុយ​រៀន​ក្រោម​ដើមឈើ​បាន​ចាត់​ឲ្យ​ឱ្យ​លោក​ទេស​រដ្ឋមន្ដ្រី គន់ គី​ម អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចុះ​ទៅ​ដោយ​ផ្ទាល់​ដើម្បី​ស្វែង​យល់​ពី​តម្រូវការ​ចាំបាច់​របស់​លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស នៅ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ ដើម្បី​សាងសង់​អគារសិក្សា​ជា​បន្ទាន់​ជូន​ពួក​គេ ។

https://s5.kh1.co/__image/w=650,h=432,q=100/6e/6ee95fc9d314214c667337a813c7e74b26ebbe23.jpg

បទបញ្ជា​និង​ការ​ផ្ដល់​អគារសិក្សា​របស់​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​ខាងលើ​នេះ បាន​កើតឡើង​ភ្លាម​ក្រោយ​ពី​មាន​ព័ត៌មាន និង​រូបភាព​សិស្សានុសិស្ស​មួយ​ក្រុម នៃ​សាលា​បឋម​សិក្សា​អូរ​ជុ​ញ​ក្រាលកម្រាល​តង់​រៀន​ក្រោម​ដើមឈើ យ៉ាង​ជាក់ស្តែង​ក៏​ដោយសារ​ពួក​គេ​ខ្វះ​បន្ទប់​សិក្សា ហើយ​រូបភាព​ទាំងនេះ​ត្រូវ​បាន​គេ​បង្ហោះ និង​ចែករំលែក​នៅ​តាម​បណ្ដាញ​សង្គម Facebook ក្នុង​ថ្ងៃ​ដដែល​នេះ ។

អភិបាលស្រុក​ជាំ​ក្សាន្ដ​លោក ជា គឹ​ម​សេង បាន​ទទួលស្គាល់​ថា សាលា​បឋម​សិក្សា​អូរ​ជុ​ញ ពិតជា​ខ្វះ​អគារសិក្សា​ប្រាកដ​មែន ដោយ​បច្ចុប្បន្ន​មាន​តែ​អគារ​ឈើ​៥​បន្ទប់ និង​សិស្សានុសិស្ស​ជាង​៤០០​នាក់ ។ការ​ដាក់​បទបញ្ជា​ក្តៅ​ៗ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ សាលា​បឋម​សិក្សា​អូរ​ជុ​ញ​ជឿជាក់​ថា​នឹង​ទទួល​បាន​អគារសិក្សា​យ៉ាង​ពេញចិត្ត​មិន​ខាន ។ ការ​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​របស់​អ្នកគ្រូ​ជនបទ​ម្នាក់​ពិតជា​បាន​ទទួល​ជោគជ័យ និង​មាន​តម្លៃ​ណាស់ ខណៈ​ដែល​គ្មាន​ការ​អើពើ​ពី​មន្ត្រី​នានា​កន្លង​មក ៕

https://s5.kh1.co/__image/w=650,h=379,q=100/a3/a3f6723bddb0c36f74dbe1cc7bcba4211204d34e.jpg
https://s5.kh1.co/__image/w=650,h=379,q=100/82/8260fb8b0efe237f13b9cfc16758a7a782b12517.jpg

ប្រភពកោះសន្តិភាព

Kun Bunneath
គន្ធ ប៊ុននាថ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T