អ្នក​ជំងឺ​ទឹកនោម​ផ្អែម ទោះ​បី​ជា​ឃ្លាន​យ៉ាង​ណា​ក៏​ដោយមិន​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ជា​ពិសេស​របស់​ផ្អែមៗ។ តើ​ចំណី​អាហារ ផ្លែឈើ ឬ​ភេសជ្ជៈ​ផ្អែមៗ អ្នក​ជំងឺ​ទឹក​នោម​ផ្អែមពិត​ជា​មិន​អាច​ញ៉ាំ​បាន​ទាល់​តែ​សោះ ឬ​យ៉ាង​ណា? ចុះ​ទឹក​អំពៅ ឬ​ផ្លែទុរេន​អាច​ញ៉ាំ​បាន​អត់?

ស្រាយ​ចម្ងល់​ខាង​លើ​នេះ លោក​សាស្ត្រាចារ្យ​មហាបរិញ្ញាវេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោម​ផ្អែមថា អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​បណ្តាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​លើស​ធម្មតា ដោយសារ​លំពែង​ខ្សោយ មិន​អាច​បម្លែង​ជាតិ​ស្ករ​បាន១០០% ។ កាលណា​ញ៉ាំ​របស់​ផ្អែម​ខ្លាំងធ្វើ​ឲ្យ​ជាតិ​ស្ករ​ឡើង​ខ្លាំង​មួយ​រំពេច តែ​មិន​មាន​ន័យ​ថាអ្នក​កើត​ទឹកនោម​ផ្អែម​មិន​ត្រូវ​ការ​ជាតិ​ស្ករ ឬ​ញ៉ាំ​ផ្អែម​មិន​បាន​នោះ​ទេ។

លោក​សាស្ត្រាចារ្យ​សេង សេរី រៀប​រាប់។

ចំពោះ​របប​អាហារ​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម គឺ​គ្រូពេទ្យ​កំណត់​ជាតិ​ស្ករ​ទៅ​លើ​អាហារ​ដែល​អាច​ញ៉ាំ​បាន ដើម្បី​ចៀស​វាង​ផល​វិបាក​ដោយសារ​ជាតិ​ស្ករ​ឡើង​ខ្ពស់ បង្ក​ឲ្យ​មាន​គ្រោះថ្នាក់។ ក្នុង​នោះ​មាន​ការ​ជ្រើសរើស​រវាង​ផ្លែ​ឈើ​ណា​ដែល​មាន​ជាតិ​ផ្អែម​ខ្លាំងដូចជា ​ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែល​ផ្លែឈើ និង​ភេសជ្ជៈ​ទាំង​នេះ​មាន​កំហាប់​ជាតិ​ស្ករ​ខ្ពស់ កាលណា​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ញ៉ាំ​ទៅ ធ្វើ​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្លាំង។

ទោះ​ជា​បែប​នេះ​ក្តីលោក​សាស្ត្រាចារ្យ​ថា មិន​មែន​មាន​​ន័យ​ថា អ្នក​ជំងឺ​ទឹក​​នោម​ផ្អែម​មិន​អាច​ញ៉ាំ​ផ្លែ​ឈើ ឬ​ភេសជ្ជៈ​ប៉ុន្មាន​មុខ​ខាង​លើ​បាន​នោះ​ទេ បើ​ឃ្លាន​ខ្លាំង​អាច​​ញ៉ាំ​បាន។ តើ​ញ៉ាំ​បាន​ប៉ុន​ណា? នៅ​ពេល​ណា? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បង្រៀន​នៅ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​រូប​នេះថា ញ៉ាំ​បាន​នៅ​ពេល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ មាន​ថ្នាំ​លេប ឬ​ថ្នាំ​ចាក់​ជា​ប្រចាំ ហើយ​ពេល​ដែល​ត្រូវ​ញ៉ាំ​នោះ គឺ​ត្រូវ​ញ៉ាំ​ក្រោយ​បាយ​រួច​ភ្លាម តែ​ក្នុង​បរិមាណ​តិច​តួច​ប៉ុណ្ណោះ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]