អ្នកជំងឺទឹកនោមផ្អែម ទោះបីជាឃ្លានយ៉ាងណាក៏ដោយមិនហ៊ានញ៉ាំអីផ្តេសផ្តាសទេ ជាពិសេសរបស់ផ្អែមៗ។ តើចំណីអាហារ ផ្លែឈើ ឬភេសជ្ជៈផ្អែមៗ អ្នកជំងឺទឹកនោមផ្អែមពិតជាមិនអាចញ៉ាំបានទាល់តែសោះ ឬយ៉ាងណា? ចុះទឹកអំពៅ ឬផ្លែទុរេនអាចញ៉ាំបានអត់?
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សស្រាយចម្ងល់ខាងលើនេះ លោកសាស្ត្រាចារ្យមហាបរិញ្ញាវេជ្ជបណ្ឌិត សេង សេរី ឯកទេសជំងឺទឹកនោមផ្អែមថា អ្នកកើតជំងឺទឹកនោមផ្អែមបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាមកើនលើសធម្មតា ដោយសារលំពែងខ្សោយ មិនអាចបម្លែងជាតិស្ករបាន១០០% ។ កាលណាញ៉ាំរបស់ផ្អែមខ្លាំងធ្វើឲ្យជាតិស្ករឡើងខ្លាំងមួយរំពេច តែមិនមានន័យថាអ្នកកើតទឹកនោមផ្អែមមិនត្រូវការជាតិស្ករ ឬញ៉ាំផ្អែមមិនបាននោះទេ។
ចំពោះរបបអាហារសម្រាប់អ្នកជំងឺទឹកនោមផ្អែម គឺគ្រូពេទ្យកំណត់ជាតិស្ករទៅលើអាហារដែលអាចញ៉ាំបាន ដើម្បីចៀសវាងផលវិបាកដោយសារជាតិស្ករឡើងខ្ពស់ បង្កឲ្យមានគ្រោះថ្នាក់។ ក្នុងនោះមានការជ្រើសរើសរវាងផ្លែឈើណាដែលមានជាតិផ្អែមខ្លាំងដូចជា ទុរេន ខ្នុរ ទឹកពៅ ផ្លែមៀន ដែលផ្លែឈើ និងភេសជ្ជៈទាំងនេះមានកំហាប់ជាតិស្ករខ្ពស់ កាលណាអ្នកជំងឺទឹកនោមផ្អែមញ៉ាំទៅ ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្លាំង។
ទោះជាបែបនេះក្តីលោកសាស្ត្រាចារ្យថា មិនមែនមានន័យថា អ្នកជំងឺទឹកនោមផ្អែមមិនអាចញ៉ាំផ្លែឈើ ឬភេសជ្ជៈប៉ុន្មានមុខខាងលើបាននោះទេ បើឃ្លានខ្លាំងអាចញ៉ាំបាន។ តើញ៉ាំបានប៉ុនណា? នៅពេលណា? សាស្ត្រាចារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនេះថា ញ៉ាំបាននៅពេលអ្នកជំងឺទឹកនោមផ្អែមទទួលបានការព្យាបាលត្រឹមត្រូវ មានថ្នាំលេប ឬថ្នាំចាក់ជាប្រចាំ ហើយពេលដែលត្រូវញ៉ាំនោះ គឺត្រូវញ៉ាំក្រោយបាយរួចភ្លាម តែក្នុងបរិមាណតិចតួចប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet