នេះជាមូលហេតុដែល ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងនាមជាកីឡាករលើសអាយុ ចេញទៅស៊ីហ្គេម

//s5.kh1.co/07/07b18458494f2ebc02ca293b39b0c22f0f8c5299.jpg
កីទ្បា

 ២២-វិច្ឆិកា-២០១៩ ២ល្ងាច · ៤ ឆ្នាំមុន

កម្ពុជា៖ កាលពីម្សិលមិញសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបញ្ចេញបញ្ជីឈ្មោះកីឡាករចុងក្រោយទាំង ២០រូបដើម្បីត្រៀមចេញទៅការប្រកួតស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីន

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ មានអ្នកគាំទ្រមួយចំនួនងឿយឆ្ងល់ថាហេតុអ្វីបានជាមិនមានឈ្មោះខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា ក្នុងនាមជាកីឡាករលើសអាយុទាំងពីររូប (Over-Age)។

កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព​: FFC)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព​: FFC)

ឆ្លើយសំណួររបស់អ្នកគាំទ្រនៅក្នុងកម្មវិធីសំណេះសំណាលលើទំព័រ Facebook ផ្លូវការរបស់សហព័ន្ធ លោក Felix G. Dalmas គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជាបានប្រាប់ឲ្យដឹងថាបញ្ហារបួសគឺជាមូលហេតុដែលធ្វើឲ្យលោកមិនជ្រើសយក ចាន់ វឌ្ឍនាកា។ បុរសសញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឧទាហរណ៍ថាកាលពីប្រកួតវគ្គផ្ដាច់ព្រ័ត្រ Hun Sen Cup រវាងព្រះខ័នរាជស្វាយរៀង និងបឹងកេត វឌ្ឍនាកា បានព្យាយាមចូលលេងទាំងរបួសដើម្បីក្រុម លោកសុំសរសើរចំពោះឆន្ទៈរបស់គេ ហើយលោកក៏សង្ឃឹមថាគេនឹងអាចជាសះស្បើយពីរបួស ១០០% ឲ្យបានឆាប់។

លោក Felix G. Dalmas
លោក Felix G. Dalmas

គួរឱ្យដឹងថា លោក Felix ក៏បានបញ្ជាក់ថា ចាន់ វឌ្ឍនាកា ក៏មានឈ្មោះក្នុងបញ្ជីនៃជម្រើសកីឡាករលើសអាយុ ៧នាក់ចុងក្រោយ (Short-list) ដែលសម្រាប់ត្រៀមចេញទៅប្រកួតស៊ីហ្គេមផងដែរ។ តែយ៉ាងណា បេក្ខភាពកីឡាករ ២រូបប៉ុណ្ណោះដែលអាចត្រូវបានជ្រើសរើសយកទៅចូលរួមក្នុងនាមជាកីឡាករលើសអាយុ២២ឆ្នាំ ដែលក្នុងនោះមានដូចជាកីឡាករ កែវ សុខផេង និង រ៉ឺង ប៊ុនហៀង។

សម្រាប់ការប្រកួតស៊ីហ្គេមលើកទី៣០នៅឆ្នាំនេះ វិញ្ញាសាបាល់ទាត់បុរសគឺអនុញ្ញាតឲ្យក្រុមនីមួយៗអាចមានកីឡាករលើសពីអាយុដែលបានកំណត់ (២២ឆ្នាំ) ចំនួន ២នាក់៕

កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: BKFC)
ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T