រៀបចំរបបអាហារថ្មី ធានាថាល្អខ្លាំង ពេលស្រីៗឈានដល់វ័យ៤០ឆ្នាំ!

//s5.kh1.co/ea/ea136c5bc13a9dde324d78a21b4ac3eaeb2f2c94.jpg
នារី

 ១៦-វិច្ឆិកា-២០១៩ ១០ព្រឹក · ៤ ឆ្នាំមុន

ជាការ​ពិតនៅ​ពេល​ឈាន​ដល់​វ័យ​ចំណាស់ គឺ​គ្មាន​អារម្មណ៍​ស្រួល​ខ្លួន​ដូច​កាល​ពី​នៅ​ក្មេង​វ័យ ២០ ប្លាយទេ! ពិសេស​ស្រីៗ នៅ​ពេល​ឈាន​ដល់​វ័យ ៤០ ឆ្នាំ​ឡើង ការ​បម្រែ​បម្រួល​ក្នុង​រាង​កាយ និង​កាន់​តែ​ច្រើន ដែល​ជា​កត្តា​អាច​ធ្វើ​ឲ្យ​គ្នា​យើង​មាន​បញ្ហា​ទាំង​ផ្លូវ​កាយ និង​ផ្លូវ​អារម្មណ៍។ ដើម្បី​ជួយ​ស្រីៗ​គ្នា​យើង រៀប​នឹង​ឈាន ឬ​កំពុង​ឈាន​ចូល​វ័យ ៤០ឆ្នាំ ទទួល​បាន​អារម្មណ៍​ល្អៗ​ដូច​កាល​នៅ​យុវវ័យ ២០ ជាង​ឆ្នាំ “Hello គ្រូពេទ្យ” នឹង​ណែនាំ​តិចនិក​រៀប​ចំ​របប​អាហារល្អខាងក្រោមនេះ អាចជួយ​ទាំង​សុខភាព និង​ផ្លូវ​អារម្មណ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- យល់​ពី​ការ​ប្រែ​ប្រួល​នៃ​រាង​កាយ

បញ្ហា​ឡើង​ទម្ងន់​ អាច​នឹង​កាន់​​តែងាយ​កើត​ឡើង​ចំពោះ​ស្រីៗ​ឈាន​ដល់​វ័យ ៤០ឆ្នាំ ខណៈ​វិធី​សាស្រ្តមួយ​ទាក់​ទង​លើ​របប​អាហារ​នៅ​អាយុ ៤០ ឆ្នាំ​ ទាម​ទារ​ឲ្យ​ស្រីៗ​គ្នា​យើង​ស្វែង​យល់ ដើម្បី​​កែ​តម្រូវលើ​របប​​អាហារ​មួយ ​ដែល​រាង​កាយ​ត្រូវការ អំឡុង​ពេល​ប្រែ​ប្រួល​នេះ។ គ្នា​យើងត្រូវ​ដឹង​ពី​ប្រភេទ​អាហារ​ អាច​បណ្តាល​ឲ្យ​​ឡើង​ទម្ងន់​បាន ព្រោះ​វា​ជា​មូល​ហេតុ​​សំខាន់ ​សម្រាប់យើង​អាច​រៀប​ចំ​បញ្ជី​មុខ​ម្ហូប​ណា​​គួរ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ។

២- កុំញ៉ាំអាហារ​ដូច​កាល​នៅ​វ័យ ២០ឆ្នាំ

គោល​ដៅ​​ញ៉ាំ​អាហារ​សម្រាប់​ស្រីៗ​មាន​វ័យ ៤០ ឆ្នាំ​ឡើង​ ចាំ​បាច់​គឺ​ដើម្បី​រក្សា​រាង​កាយកុំ​ឲ្យ​ឡើង​ទម្ងន់ខ្លាំង។ គ្នា​យើង ​មិន​ត្រូវ​ញ៉ាំ​អាហារ​ណា​​ធ្លាប់​ញ៉ាំ​នៅ​អាយុ ២០ ឆ្នាំ​ឡើយ ហើយ​​គួរ​តែ​ចាប់​ផ្តើម​កែ​លម្អ​របប​អាហារ​​ឲ្យ​បាន​ត្រឹម​ត្រូវ។ យើង​​អាច​ញ៉ាំ​អាហារ​លើស​ពី ៣ ពេល/​ថ្ងៃ ដោយ​គ្រាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​បរិមាណ​អាហារ និង​កម្រិត​អាហារ​បំប៉នយើង​​បាន​ញ៉ាំ។ ​អាច​ប្រើ​ចាន​តូច ​ដើម្បី​គ្រប់​គ្រង​បរិមាណ​អាហារ រឹត​តែ​ប្រសើរ។

៣- ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន

ហានិភ័យកើត​ជំងឺ​បេះ​ដូង ​មាន​កាន់​តែ​ខ្ពស់ នៅ​ពេល​ស្រីៗ​ចាប់​ផ្តើម​​អស់​រដូវ។ ចំពោះស្រីៗ​​មាន​អាយុ​លើស​ពី ៤០ឆ្នាំ​ ហើយ​ចង់​រក្សាទម្ងន់​ល្អ ​គួរ​តែ​ញ៉ាំ​ត្រី​ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ២ ដង/​សប្តាហ៍។ ត្រី​ល្អ​សម្រាប់​ញ៉ាំ​នៅវ័យនេះ​ គឺ​ត្រី​សាល់ម៉ុន ដោយ​សារ​ត្រីប្រភេទ​នេះ មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ច្រើន និង​ប្រូតេអ៊ីន​គ្រប់​គ្រាន់ ​អាច​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​​បញ្ហា​បេះ​ដូង។ យើង​​ក៏​អាច​ញ៉ាំ​អាហារ​ផ្សេង​ទៀត​ សម្បូរ​ទៅ​ដោយ​​ប្រូតេអ៊ីន​ ដូច​ជា​ស្រូវ​សាលី សណ្តែក​សៀង ស៊ុត និង​គ្រាប់​ធញ្ញជាតិ ជាដើម។

៤- ញ៉ាំ​កាល់​ស្យូម​ដើម្បី​ជួយ​សុខ​ភាព​ឆ្អឹង

អរម៉ូន​ស្រីៗ នឹង​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ នៅ​ពេល​​អស់​រដូវ នេះ​ជា​ហេតុ​ធ្វើ​ឲ្យស្រីៗ​មាន​អាយុ​លើស​ពី ៤០ឆ្នាំ ​ងាយ​រង​គ្រោះ​ដោយ​សារ ​ជំងឺ​ពុក​ឆ្អឹង។ អ្វី​យើង​​ត្រូវ​ធ្វើ​លើ​អាហារ​ ​គឺ​គ្រប់​គ្រង​កម្រិត​​កាល់​ស្យូម​យើង​បាន​ញ៉ាំ។ អាហារ​ប្រចាំ​ថ្ងៃ​​ត្រូវ​ញ៉ាំ​ ត្រូវ​តែ​ជា​​អាហារមាន​ជាតិ​ខ្លាញ់​ទាប ឬអាច​​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត សម្រាប់​ការ​ញ៉ាំ​កាល់​ស្យូម​ក្នុង​កម្រិត​ត្រឹម​ត្រូវ។

៥- ផឹក​ទឹកឲ្យ​បាន​ច្រើន

ត្រូវ​ប្រាកដ​ថា​ យើង​​បាន​ផឹក​ទឹក​ច្រើន​ជាង ៨ កែវ/​ថ្ងៃ។ ទឹក​អាច​ជួយ​ឲ្យ​ស្បែក​មាន​ភាព​យឺត និង​មាន​សុខ​ភាព​ល្អ​បាន។ គួរ​ផឹក​ទឹកសុទ្ធ​ធម្មតា​ល្អ​ជាង​ភេសជ្ជៈ​មាន​រស​ជាតិ​ផ្អែម និង​មាន​ជាតិ​ស្ករ។

៦- ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់

ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់ ​យ៉ាង​ហោច​ណាស់ ៣០-៦០ នាទី​/​ថ្ងៃ ដូច​ជា​រត់ហាត់​ប្រាណ ​ជិះ​កង់ និង​ដើរ ​អាចជួយ​​ឲ្យ​រាង​កាយ​មាន​ចលនា និង​បែក​ញើស​បាន។ ​ហាត់​ទាញ​សាច់​ដុំ​ ក៏​អាច​ធ្វើ​ដើម្បី​ជួយ​ទប់​ស្កាត់ថយ​ចុះ​នូវ​ម៉ាស​សាច់​ដុំដូច​គ្នា។ បើសិយើង​​មិន​បាន​ទៅ​ហាត់​ប្រាណ​នៅ​កន្លែង​ហាត់​ប្រាណ​ ​អាច​ហាត់​នៅ​ផ្ទះ​ក៏បានជា​មួយ​វិធី​សាស្ត្រ​ងាយៗ​ជាច្រើន។

៧- ជៀស​វាងអារម្មណ៍​តាន​តឹង ឬស្ត្រេស

ភាព​តាន​តឹង​ និងស្ត្រេស អាច​រំខាន​ដល់​ការ​គេង​យើង​បាន​ ខណៈ​ការ​គេង ​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដើម្បី​រក្សា​ទម្ងន់ឲ្យ​​មាន​សុខ​ភាព។ បើ​​មាន​បញ្ហា​ក្នុង​ការ​គេង​ នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​នូវ​ចំណង់ផ្សេងៗ ​ធ្វើ​ឲ្យ​រាង​កាយ​បង្កើន​នូវ​អ័រម៉ូន Cortisol ច្រើន ដែល​ជា​អ័រ​ម៉ូន​​ស្ត្រេស​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​រក្សា​ទម្ងន់។ ​អាច​ចៀស​វាង​ពី​អារម្មណ៍​តាន​តឹង តាម​រយៈ​ការ​ហាត់​យ៉ូហ្គា សមាធិ និងវិធី​​ព្យាបាល​ផ្លូវ​ចិត្ត​ដោយ​ខ្លួនយើង​ផ្ទាល់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T