ជាការពិតនៅពេលឈានដល់វ័យចំណាស់ គឺគ្មានអារម្មណ៍ស្រួលខ្លួនដូចកាលពីនៅក្មេងវ័យ ២០ ប្លាយទេ! ពិសេសស្រីៗ នៅពេលឈានដល់វ័យ ៤០ ឆ្នាំឡើង ការបម្រែបម្រួលក្នុងរាងកាយ និងកាន់តែច្រើន ដែលជាកត្តាអាចធ្វើឲ្យគ្នាយើងមានបញ្ហាទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ ដើម្បីជួយស្រីៗគ្នាយើង រៀបនឹងឈាន ឬកំពុងឈានចូលវ័យ ៤០ឆ្នាំ ទទួលបានអារម្មណ៍ល្អៗដូចកាលនៅយុវវ័យ ២០ ជាងឆ្នាំ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិករៀបចំរបបអាហារល្អខាងក្រោមនេះ អាចជួយទាំងសុខភាព និងផ្លូវអារម្មណ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១- យល់ពីការប្រែប្រួលនៃរាងកាយ
បញ្ហាឡើងទម្ងន់ អាចនឹងកាន់តែងាយកើតឡើងចំពោះស្រីៗឈានដល់វ័យ ៤០ឆ្នាំ ខណៈវិធីសាស្រ្តមួយទាក់ទងលើរបបអាហារនៅអាយុ ៤០ ឆ្នាំ ទាមទារឲ្យស្រីៗគ្នាយើងស្វែងយល់ ដើម្បីកែតម្រូវលើរបបអាហារមួយ ដែលរាងកាយត្រូវការ អំឡុងពេលប្រែប្រួលនេះ។ គ្នាយើងត្រូវដឹងពីប្រភេទអាហារ អាចបណ្តាលឲ្យឡើងទម្ងន់បាន ព្រោះវាជាមូលហេតុសំខាន់ សម្រាប់យើងអាចរៀបចំបញ្ជីមុខម្ហូបណាគួរញ៉ាំ និងមិនគួរញ៉ាំ។
២- កុំញ៉ាំអាហារដូចកាលនៅវ័យ ២០ឆ្នាំ
គោលដៅញ៉ាំអាហារសម្រាប់ស្រីៗមានវ័យ ៤០ ឆ្នាំឡើង ចាំបាច់គឺដើម្បីរក្សារាងកាយកុំឲ្យឡើងទម្ងន់ខ្លាំង។ គ្នាយើង មិនត្រូវញ៉ាំអាហារណាធ្លាប់ញ៉ាំនៅអាយុ ២០ ឆ្នាំឡើយ ហើយគួរតែចាប់ផ្តើមកែលម្អរបបអាហារឲ្យបានត្រឹមត្រូវ។ យើងអាចញ៉ាំអាហារលើសពី ៣ ពេល/ថ្ងៃ ដោយគ្រាន់តែយកចិត្តទុកដាក់លើបរិមាណអាហារ និងកម្រិតអាហារបំប៉នយើងបានញ៉ាំ។ អាចប្រើចានតូច ដើម្បីគ្រប់គ្រងបរិមាណអាហារ រឹតតែប្រសើរ។
៣- ញ៉ាំត្រីឲ្យបានច្រើន
ហានិភ័យកើតជំងឺបេះដូង មានកាន់តែខ្ពស់ នៅពេលស្រីៗចាប់ផ្តើមអស់រដូវ។ ចំពោះស្រីៗមានអាយុលើសពី ៤០ឆ្នាំ ហើយចង់រក្សាទម្ងន់ល្អ គួរតែញ៉ាំត្រីឲ្យបានយ៉ាងហោចណាស់ ២ ដង/សប្តាហ៍។ ត្រីល្អសម្រាប់ញ៉ាំនៅវ័យនេះ គឺត្រីសាល់ម៉ុន ដោយសារត្រីប្រភេទនេះ មានផ្ទុកអាស៊ីដខ្លាញ់អូមេហ្គា ៣ ច្រើន និងប្រូតេអ៊ីនគ្រប់គ្រាន់ អាចជួយកាត់បន្ថយការប្រឈមបញ្ហាបេះដូង។ យើងក៏អាចញ៉ាំអាហារផ្សេងទៀត សម្បូរទៅដោយប្រូតេអ៊ីន ដូចជាស្រូវសាលី សណ្តែកសៀង ស៊ុត និងគ្រាប់ធញ្ញជាតិ ជាដើម។
៤- ញ៉ាំកាល់ស្យូមដើម្បីជួយសុខភាពឆ្អឹង
អរម៉ូនស្រីៗ នឹងមានការផ្លាស់ប្តូរយ៉ាងខ្លាំង នៅពេលអស់រដូវ នេះជាហេតុធ្វើឲ្យស្រីៗមានអាយុលើសពី ៤០ឆ្នាំ ងាយរងគ្រោះដោយសារ ជំងឺពុកឆ្អឹង។ អ្វីយើងត្រូវធ្វើលើអាហារ គឺគ្រប់គ្រងកម្រិតកាល់ស្យូមយើងបានញ៉ាំ។ អាហារប្រចាំថ្ងៃត្រូវញ៉ាំ ត្រូវតែជាអាហារមានជាតិខ្លាញ់ទាប ឬអាចពិគ្រោះជាមួយវេជ្ជបណ្ឌិត សម្រាប់ការញ៉ាំកាល់ស្យូមក្នុងកម្រិតត្រឹមត្រូវ។
៥- ផឹកទឹកឲ្យបានច្រើន
ត្រូវប្រាកដថា យើងបានផឹកទឹកច្រើនជាង ៨ កែវ/ថ្ងៃ។ ទឹកអាចជួយឲ្យស្បែកមានភាពយឺត និងមានសុខភាពល្អបាន។ គួរផឹកទឹកសុទ្ធធម្មតាល្អជាងភេសជ្ជៈមានរសជាតិផ្អែម និងមានជាតិស្ករ។
៦- ហាត់ប្រាណឲ្យបានទៀងទាត់
ហាត់ប្រាណឲ្យបានទៀងទាត់ យ៉ាងហោចណាស់ ៣០-៦០ នាទី/ថ្ងៃ ដូចជារត់ហាត់ប្រាណ ជិះកង់ និងដើរ អាចជួយឲ្យរាងកាយមានចលនា និងបែកញើសបាន។ ហាត់ទាញសាច់ដុំ ក៏អាចធ្វើដើម្បីជួយទប់ស្កាត់ថយចុះនូវម៉ាសសាច់ដុំដូចគ្នា។ បើសិយើងមិនបានទៅហាត់ប្រាណនៅកន្លែងហាត់ប្រាណ អាចហាត់នៅផ្ទះក៏បានជាមួយវិធីសាស្ត្រងាយៗជាច្រើន។
៧- ជៀសវាងអារម្មណ៍តានតឹង ឬស្ត្រេស
ភាពតានតឹង និងស្ត្រេស អាចរំខានដល់ការគេងយើងបាន ខណៈការគេង ដើរតួនាទីយ៉ាងសំខាន់ ដើម្បីរក្សាទម្ងន់ឲ្យមានសុខភាព។ បើមានបញ្ហាក្នុងការគេង នឹងធ្វើឲ្យយើងបាត់បង់នូវចំណង់ផ្សេងៗ ធ្វើឲ្យរាងកាយបង្កើននូវអ័រម៉ូន Cortisol ច្រើន ដែលជាអ័រម៉ូនស្ត្រេស ធ្វើឲ្យប៉ះពាល់ដល់ការរក្សាទម្ងន់។ អាចចៀសវាងពីអារម្មណ៍តានតឹង តាមរយៈការហាត់យ៉ូហ្គា សមាធិ និងវិធីព្យាបាលផ្លូវចិត្តដោយខ្លួនយើងផ្ទាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet