ខេត្តកណ្តាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យម្នាក់ត្រូវនគរបាលស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួន បន្ទាប់ពីយកកាំបិតកាប់ទៅលើពូខ្លួនឯង បណ្តាលឲ្យរងរបួសយ៉ាងដំណំ ព្រោះតែខឹងពូប្រើពាក្យសម្តីដៀមដាមពេក បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង០៥នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ ជឿន ប៊ុនថង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ ចំណែកជនសង្ស័យឈ្មោះ វ៉ន ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ។ រីឯវត្ថុតាងដកហូតរួមមាន កាំបិតប៉័ងតោចំនួន១។
បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ និងជនរងគ្រោះ ត្រូវជាពូ និងក្មួយបានឈ្លោះប្រកែកគ្នា ដោយប្រើពាក្យសម្តីដៀមដាមដាក់គ្នាទៅវិញទៅមក បន្ទាប់មកជនរងគ្រោះបានរើសដុំថ្មគប់ទៅលើជនសង្ស័យចំនួន៣ដុំថ្មតែមិនត្រូវនោះទេ ហើយក៏បានទាយចានថ្ម១គប់មកលើជនសង្ស័យចំសៀតផ្កាខាងឆ្វេង ពេលនោះជនសង្ស័យខឹងពេកបានចូលទៅក្នុងផ្ទះ រួចយកកាំបិតប៉័ងតោមកកាប់ជនរងគ្រោះមួយកាំបិតចំថ្ពល់ខាងឆ្វេង បណ្តាលឲ្យរងរបួសចេញឈាមដេរចំនួន១៤ថ្នេរ ។
ក្រោយពីកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ពេលទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ បានចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ កសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ អនុវត្តតាមនីតិវិធីច្បាប់៕
ប្រភព៖ កោះសន្តិភាព