មនុស្សស្រីគ្រប់រូបសុទ្ធតែប្រាថ្នាចង់រៀបការជាមួយនឹងបុរសល្អម្នាក់ ជាអ្នកមានមុខមានមាត់ មានទ្រព្យសម្បត្តិ​ ជាអ្នកមានស្ដុកស្ដម្ភ ព្រោះនាងមិនចង់រស់នៅទាំងលំបាក ជាពិសេស នាងក៏មិនចង់ឱ្យអ្នកណាមកមើលងាយនាង និងគ្រួសារនាងនោះដែរ។

ប៉ុន្តែមិនមែនគ្រប់មនុស្សស្រី​សុទ្ធតែចង់រៀបការនឹងអ្នកមាន សុទ្ធតែមានគំនិតចង់ដេកស៊ី រស់សោយសុខដោយមិនធ្វើអ្វីនោះឡើយ។ មនុស្សស្រីសម័យនេះ នាងរឹងមាំណាស់ មានគំនិតជាអ្នកដឹកនាំណាស់ ទោះនាងរៀបការជាមួយនឹងអ្នកមាន ចូលក្នុងគ្រួសារអភិជនប៉ុនណា ក៏នាងនៅតែចង់ធ្វើការ រកស៊ី រកលុយដោយខ្លួនឯងដែរ នាងមិនចង់ពឹងផ្អែក ឬចាំតែលាដៃសុំលុយពីប្ដីចាយរាល់ថ្ងៃនោះឡើយ។

មនុស្សស្រីឥឡូវ មានភាពឯករាជ្យខ្លាំង នាងចាំបាច់ត្រូវតែចេះរកលុយដោយខ្លួនឯង ព្រោះនាងគិតថា ការចេះរកលុយខ្លួនឯង អាចចាយលុយខ្លួនឯង វាគឺជាសេរីភាពពិតប្រាកដរបស់នាង វានឹងធ្វើឱ្យនាងមានក្ដីសុខពេញលេញ មិនបាច់ត្រូវខ្វល់ ឬបារម្ភថា បើថ្ងៃណាគ្មានប្ដី ឬគ្មានអ្នកផ្គត់ផ្គង់ ខ្លួននាងនឹងត្រូវអស់ផ្លូវនោះឡើយ។ ម្យ៉ាងវិញទៀត ការដែលនាងត្រូវចេះធ្វើការរកលុយដែរនោះ ក៏អាចជួយសម្រួលដល់ការចំណាយរបស់ស្វាមីផងដែរ នាងអាចរួមចំណែក រកចំណូលបន្ថែមសម្រាប់គ្រួសារ នាងអាចសម្រាលនូវបន្ទុកដ៏ធ្ងន់របស់ប្ដី មិនបាច់ត្រូវលំបាក មាត់មួយផ្ទះ អ្នករកតែម្នាក់នោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ អាចមានលទ្ធភាព រកលុយបាន ក៏គួរតែចេះជួយគ្នា ចេះសាមគ្គីគ្នា កុំឱ្យលំបាក ឬរ៉ាប់រងបន្ទុកតែម្ខាងៗ។ មួយវិញទៀត វាក៏ជាការស្មើភាពគ្នា មិនមានអ្នកណាមើលងាយអ្នកណា ឬគ្រួសារខាងណាបន្ទោសទៅលើខាងណាថា ចាំតែដេកស៊ីស្រាប់៕

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]