ភ្នំពេញ៖​ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩​ កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី៦ ត្រូវបានរៀបចំដោយ ស្ថានឯកអគ្គរាជទូតថៃនៅ រាជធានីភ្នំពេញ ប្រចាំកម្ពុជា និងស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP), ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨​ ខែកក្កដា ឆ្នាំ២០១៩​ នៅរោងភាពយន្ត Major Cineplex នៅក្នុងផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី និង រោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

កម្មវិធីផ្សព្វផ្សាយភាពយន្តថៃលើកទី៦

ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូត ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅ រាជធានីភ្នំពេញប្រចាំកម្ពុជាបាននិយាយថា៖

"ខ្សែភាពយន្តគឺជាប្រភេទនៃការកម្សាន្តដែលអាចផ្តល់នូវការយល់ដឹងពីរបៀបឬបែបផែនដែលមនុស្សត្រូវគិត និងបញ្ចេញសកម្មភាពនៅក្នុងជីវិតពិត។ ការយល់ដឹងអំពីការគិតរបស់មនុស្ស និងមូលហេតុដែលវាប៉ះពាល់ដល់អាកប្បកិរិយារបស់ពួកគេ អាចជួយយើងឱ្យទទួលយកនូវភាពខុសគ្នារបស់យើង និងអាចតភ្ជាប់ជាមួយមនុស្សផ្សេងទៀត។ នេះគឺជាមូលហេតុដែលមហោស្រពភាពយន្តត្រូវបានរៀបចំជាថ្មីម្តងទៀត យើងជឿជាក់ថាខ្សែភាពយន្តនេះនឹងពង្រឹងចំណងទាក់ទងរវាងប្រជាជននៃប្រទេសថៃ និងប្រជាជននៃប្រទេសកម្ពុជា ទាំងមនុស្សពេញវ័យ និងកុមារផងដែរ"។
ឯកឧត្តម Panyarak Poolthup

- កម្មវិធីផ្សព្វផ្សាយភាពយន្តថៃឆ្នាំ២០១៩​ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ ត្រូវបានរៀបចំរួមគ្នាដោយស្ថានតំណាងពាណិជ្ជកម្មអន្តរជាតិនៃប្រទេសថៃ និងក្រសួងការបរទេសនៃប្រទេសថៃ ព្រមទាំងមានកិច្ចសហប្រតិបត្តិការពីរោងភាពយន្ត Major Cineplex នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall។

- ក្នុងអំឡុងពេល៥ថ្ងៃនេះ ខ្សែភាពយន្តថៃចំនួនមួយនឹងត្រូវបានចាក់បញ្ចាំងជារៀងរាល់ថ្ងៃ នៅរោងភាពយន្ត Major Cineplex ផ្សារទំនើប អ៊ីអន ម៉ល សែនសុខ និងនៅរោងភាពយន្ត Legend Cinema ស្ថិតនៅផ្សារទំនើប City Mall ហើយការចាក់បញ្ចាំងនេះត្រូវបានបើកចំហដល់សាធារណជន ដោយចូលទស្សនាឥតគិតថ្លៃ។

- លើសពីនេះទៅទៀត យើងក៏នឹងរៀបចំសិក្ខាសាលាមួយស្តីពីការផលិតខ្សែភាពយន្តនៅថ្ងៃទី២៤ ខែកក្ក ដា ឆ្នាំ២០១៩ ផងដែរ ដោយផ្តោតទៅលើការបង្កើតសាច់រឿង ការជ្រើសរើសបរិយាកាសនៅក្នុងសាច់រឿង និងការផលិត នៅសាល អ៊ីអន (AEON Hall) ស្ថិតនៅជាន់ទី៣ នៃផ្សារទំនើប អ៊ីអន ម៉ល សែនសុខ បន្ទាប់មកគឺការទំនាក់ទំនងគ្នារវាងអ្នកជំនួញ និងអ្នកជំនួញ។ សកម្មភាពទាំងពីរនេះត្រូវបានរៀបចំឡើង ដើម្បីបង្កើតនូវវេទិកាជួបជុំមួយរវាងផលិតករភាពយន្តថៃ និងផលិតករភាពយន្តកម្ពុជា ដើម្បីចែករំលែកបទពិសោធន៍ និងរៀនសូត្រពីគ្នាទៅវិញទៅមក។

លោក Jirawuth Suwanana-arj អគ្គទីប្រឹក្សាពាណិជ្ជកម្ម ប្រចាំស្ថានឯកអគ្គរាជទូតថៃនៅ រាជធានីភ្នំពេញ ប្រចាំកម្ពុជា និងជានាយកនៃ ស្ថានតំណាងពាណិជ្ជកម្មថៃប្រចាំរាជធានីភ្នំពេញ (DITP) បានប្រសាសន៍ថា៖​ 

“កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ឆ្នាំ2019 ក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការរវាងផលិតករភាពយន្ត និងអ្នកដែលពាក់ព័ន្ធនឹងខ្សែភាពយន្តនៃប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីបង្កើតខ្សែភាពយន្តថ្មីៗ ឬធ្វើការជាមួយគ្នាបានកាន់តែល្អ។ សិក្ខាសាលា និងការតភ្ជាប់ទំនាក់ទំនងអាជីវកម្មនៅថ្ងៃដំបូងនៃព្រឹត្តិការណ៍កម្មវិធីផ្សព្វផ្សាយភាពយន្តថៃ ត្រូវបានរៀបចំជាវេទិកាសម្រាប់ចែករំលែកបទពិសោធន៍ និងបច្ចេកទេសនៅក្នុងចំណោមអ្នកដែលដែលពាក់ព័ន្ធនឹងការផលិតខ្សែភាពយន្ត ដូចជា នាយកផលិតកម្ម ផលិតករ និងតារាសម្តែងពីបណ្តាប្រទេសទាំងពីរ។ នាពេលបច្ចុប្បន្ននេះ "មាតិការឿង" គឺមានសារៈសំខាន់បំផុតសម្រាប់ការកម្សាន្ត និងឧស្សាហកម្មភាពយន្ត។ ដូច្នេះនៅឆ្នាំនេះ យើងបានអញ្ជើញក្រុមហ៊ុនថៃជាច្រើន ដែលទាក់ទងនឹងអ្នកបង្កើតមាតិការឿង ដូចជារឿងគំនូរជីវចល រឿងល្ខោន កម្មវិធីហ្គេមកម្សាន្ត និងការប្រគុំតន្រ្តី ដើម្បីជួយស្វែងរកគំនិតច្នៃប្រឌិតបន្ថែមទៀតចំពោះទីផ្សារភាពយន្តនៃប្រទេសកម្ពុជា ហើយអាចបង្កើតនូវគម្រោងភាពយន្តធំមួយ ដែលជាគម្រោងរួមគ្នានាពេលអនាគតនេះ។ ហើយក៏មានក្រុមហ៊ុនថៃ ដែលមានអាជីវកម្មលើផ្នែកឌីជីថល ដើម្បីគាំទ្រដល់ផ្នែកទីផ្សារដែលកំពុងមានតម្រូវការខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ” ៕
លោក Jirawuth Suwanana-arj

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]