រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា បុរសជាតួឯកល្ខោនបាសាក់ម្នាក់ពេលកំពុងតែផាត់មុខ លាបម្សៅ ដើម្បីរៀបចំឡើងសម្តែង តែបែរជាខកខានទៅវិញ ដោយសារមានជនសង្ស័យលួចម៉ូតូមួយគ្រឿងយកទៅបាត់ ធ្វើឱ្យជនរងគ្រោះដើររកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួល្ខោនបាសាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង៨យប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ នៅម្តុំឆាកល្ខោនមួយកន្លែងស្ថិតក្នុងភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះជាម្ចាស់ម៉ូតូខាងលើឈ្មោះ ជីម សុធារី ភេទប្រុស អាយុ២០ឆ្នាំ ជាសិល្បករល្ខោនបាសាក់ មានស្រុកកំណើតនៅ ភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ចំណែកម៉ូតូមួយគ្រឿងដែលត្រូវជនសង្ស័យលួចយកទៅបាត់នោះម៉ាកហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ ១CZ-៨៨៥៧ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះជាម្ចាស់ម៉ូតូបាននិយាយថា នៅមុនពេលកើតហេតុ ពួកគាត់បានសម្តែង ល្ខោនបាសាក់នៅភូមិឃុំកើតហេតុខាងលើអស់រយៈពេលមួយសប្តាហ៍មកហើយ ដែលការសម្តែងល្ខោនបាសាក់នេះមិនមែនមានកម្មវិធីបុណ្យអ្វីនោះទេ គឺសម្តែងដើម្បីរៃអង្គាសថវិកា និងប្រាក់ឧបត្ថម្ភយកទៅផ្គត់ផ្គង់ដល់ក្រុមល្ខោនដែលខ្វះខាត ។ ចំណែករឿងដែលត្រូវសម្តែងនៅយប់កើតហេតុខាងលើ គឺមានចំណងជើងថា «រឿងសូរិយាអស្ដង្គត» ហើយជនរងគ្រោះសម្តែងជាតួឯកទៀតផង ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅមុខឆាកល្ខោន ហើយកំពុងតែផាត់មុខ លាបម្សៅ ដើម្បីសម្តែងជូនបងប្អូនប្រិយមិត្តទស្សនា លុះផាត់មុខ លាបម្សៅរួចហើយ បំរុងនឹងឡើងសម្តែង ក៏ស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួនដែលទុកនៅមុខឆាកល្ខោន ក៏បង្កឱ្យមានការផ្អើលឆោឡោ និងផ្អាកការសម្តែងភ្លាមៗតែម្តង ដោយជនរងគ្រោះដើររកម៉ូតូទាំងគ្រងសម្លៀកបំពាក់ជាតួឯកល្ខោនបាសាក់ផងដែរ។
បន្ទាប់ពីជនរងគ្រោះដើររកម៉ូតូគ្រប់កន្លែងអស់ហើយ តែមិនឃើញ ទើបរត់មកប្តឹងសមត្ថកិច្ច ដើម្បីអោយជួយអន្តរាគមន៍ស្រាវជ្រាវ និងរកម៉ូតូដែលត្រូវជនសង្ស័យយកទៅបាត់ភ្លាមៗផងដែរ ព្រោះជនរងគ្រោះ កំពុងជួបបញ្ហាខ្វះខាតផងដែរ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]