ខេត្តកំពង់ចាម ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទាំងព្រឹក ខណៈរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងចំណុះ៥តោន បានបើកចុះលើស្ពានគីហ៊្សុណា ស្រាប់តែជាន់ហ្វ្រាំងមិនស៊ីជ្រុលចង្កូតទៅបុករង្វង់មូលក្បាលស្ពាន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ។
សេចក្តីរាយការណ៍បន្តថា អ្នកបើកបរខាងលើឈ្មោះ គង់ ម៉ាឡៃ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រៃប្រឡៅ ឃុំអំពិលតាពក ស្រុកអូររាំឪ ខេត្តត្បូងឃ្មុំ បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-1146 ចំណុះ៥តោន ។ ហើយក្នុងហេតុការណ៍នេះ ជាសំណាងមួយក្នុងមួយម៉ឺនគ្រោះថ្នាក់ ដោយសារគ្មានបង្កឱ្យនរណាម្នាក់រងគ្រោះដល់អាយុជីវិតនោះឡើយ ។
បើតាមសាក្សីម្នាក់នៅកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលមុនកើតហេតុ គេឃើញរថយន្តនេះ បានបើកចុះពីលើស្ពានគីហ៊្សុណា ក្នុងទិសដៅពីកើតមកលិច ដោយមិនបានប្រើប្រាស់ល្បឿនលឿននោះទេ ហើយមិនដឹងជាយ៉ាងម៉េច ក៏ស្រាប់តែមកបុករង្វង់មូលក្បាលស្ពានដាច់កង់តែម្តង ។
បើតាមសម្តីអ្នកបើករថយន្តបង្កខាងលើវិញបានឆ្លើយថា រថយន្តរបស់គាត់បានដឹកអង្កាមពេញ ហើយធ្វើដំណើរចេញពីត្រង់ចំណុចភូមិជុក ស្រុកឃ្មុំត្បូង ដើម្បីយកអង្កាមនោះទៅលក់នៅព្រែកអញ្ចាញ រាជធានីភ្នំពេញ ។ ស្របពេលកំពុងបើកចុះពីលើស្ពាន ស្រាប់តែជាន់ហ្វ្រាំងមិនស៊ីសោះ (ដាក់ហ្វ្រាំង) ហើយនៅពីមុខត្រង់រង្វង់មូលនោះ គឺមានមនុស្សធ្វើដំណើរជាច្រើននាក់ ដោយខ្លាចគ្រោះថ្នាក់មនុស្សដល់ស្លាប់ និងរបួសផងនោះ រូបគាត់ក៏បួងចង្កូតមកបុករង្វង់មូលក្បាលស្ពានគីហ៊្សុយតែម្តង ដើម្បីបញ្ជៀសកុំឱ្យមានគ្រោះថ្នាក់ដល់ជីវិតពួកគាត់ ។
ក្រោយពេលហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងនគរបាលចរាចរណ៍បានដឹកនាំដោយលោកឧត្តមសេនីយ៍ សោម រស់ ស្នងការរងនគរបាលខេត្ត ទទួលផែនសណ្តាប់ធ្នាប់ បានចុះជួយសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងបានហៅរថយន្តស្ទួចមកស្ទូចយករថយន្តបង្កខាងលើ មករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីដោះស្រាយតាមច្បាប់ ។
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]