ក្រិក៖ អាចចាត់ទុកបានថា ជារឿងមួយដ៏គួរឲ្យក្តុកក្តួលរំជួលចិត្តយ៉ាងក្រៃលែង ក្រោយត្រូវបានគេដឹងថា សត្វឆ្កែចិញ្ចឹមមួយក្បាលដ៏កំសត់ និងស្ម័គ្រស្មោះនឹងម្ចាស់ បានស៊ូដេករង់ចាំម្ចាស់របស់វាដែលបានស្លាប់ទៅនៅចិញ្ចើមផ្លូវ ដោយព្រមចេញទៅណា ដែលជាកន្លែងម្ចាស់របស់វាបានជួបគ្រោះថ្នាក់ចរាចរណ៍។

កូនឆ្កែ Greek Hachiko

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា កូនឆ្កែសម្បុរ.សដែលមិនត្រូវបានគេស្គាល់ឈ្មោះនេះ ត្រូវបានគេប្រទះឃើញដេកនៅចិញ្ចើមផ្លូវមួយកន្លែង ក្នុងកូនក្រុង Nafapktos ប្រទេសក្រិក អស់ពេលជាយូរខែឆ្នាំមកហើយ។

នេះក៏ដោយសារតែ វានៅរង់ចាំម្ចាស់របស់វា ដែលត្រូវបានគេស្គាល់ឈ្មោះថា លោក Haris (ស្លាប់ក្នុងអាយុ៤០ឆ្នាំ) បានស្លាប់ទៅនៅត្រង់ចំណុចផ្លូវនេះ ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ប៉ះជាមួយនឹងរថយន្តក្រឡុកស៊ីម៉ង់ត៍ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៧។

កូនឆ្កែ Greek Hachiko

ចាប់តាំងពីពេលនោះមក កូនឆ្កែដែលស្រលាញ់ម្ចាស់នេះ ក៏បានទៅដេករង់ចាំផ្លូវម្ចាស់របស់វា នៅត្រង់ចំណុចផ្លូវនោះរហូតមក ដោយមិនព្រមចេញទៅណានោះឡើយ ខណៈបើគិតមកទល់ពេលនេះ រយៈពេលប្រមាណជាជាង ១៨ខែហើយ។ ហើយបើទោះបីជា មានអ្នកស្រុករស់នៅក្នុងតំបន់នោះ មានបំណងចង់យកវាទៅចិញ្ចឹមក្តី ក៏កូនឆ្កែមួយក្បាលនេះ បញ្ចេញសកម្មភាពបដិសេធ មិនចេញទៅណាទាំងអស់។ 

ប្រភពដដែលបន្តថា ដោយសារតែសភាពមើលទៅ ហាក់បីដូចជាគួរឲ្យអាណិតយ៉ាងពន់ពេកទៅលើកូនឆ្កែដ៏កំសត់នេះ អ្នកស្រុកដែលរស់នៅក្នុងតំបន់ក្បែរនោះ ក៏តែងបានយកចំណីអាហារ ទឹក ឲ្យវាស៊ីជារៀងរាល់ថ្ងៃ និងបានសាងសង់ធ្វើជាតូបមួយ (ដើម្បីបញ្ជាក់ថាមានអ្នកស្លាប់នៅកន្លែងនោះ និងធ្វើការគោរពបូជា) រួមទាំងធ្វើជម្រក ឬកូនខ្ទមតូចមួយ ដើម្បីឲ្យកូនឆ្កែនេះបានស្នាក់នៅ និងមានភាពងាយស្រួលដល់វាផងដែរ។

កូនឆ្កែ Greek Hachiko

គួរឲ្យដឹងផងដែរថា គេមិនដឹងច្បាស់ទេថា កូនឆ្កែកំសត់នេះ បានមកដល់ទីកន្លែងនេះដំបូងឡើយ ដោយរបៀបណានោះទេ។ ប៉ុន្តែគេគ្រាន់តែដឹងថា ផ្ទះរបស់ម្ចាស់វាមានចម្ងាយពីកន្លែងដែលវានៅដេករង់ចាំរាល់ថ្ងៃនេះ ប្រមាណជា ១២គីឡូម៉ែត្រ។

គួរឲ្យដឹងបន្ថែមថា មិនថាយ៉ាងណា បច្ចុប្បន្នអ្នកស្រុករស់នៅក្នុងតំបន់នោះ ក៏បានសម្រេចចិត្តដាក់ឈ្មោះថ្មីឲ្យវាថា «Greek Hachiko» ទៅតាមប្រវត្តិសត្វឆ្កែដ៏ល្បីមួយក្បាល ដែលធ្លាប់នៅរង់ចាំម្ចាស់ (ជារៀងរាល់ថ្ងៃ) ដែលបានស្លាប់ទៅ នៅទីតាំងស្ថានីយរថភ្លើង Tokyo’s Shibuya Station ប្រទេសជប៉ុន នាកំឡុងទសវត្សរ៍ឆ្នាំ១៩២០ ផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

កូនឆ្កែ Greek Hachiko

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]