ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា នេះចាត់ទុកថា ជាសំណាងទៅហើយដែលមនុស្សមួយឡានមិនមានរងគ្រោះថ្នាក់ដល់អាយុជីវិត ខណៈឡានចុះចំណោតបែរជាដាច់ហ្វ្រាំង បណ្តាលអោយក្រឡាប់ជាច្រើនត្រឡប់ ដែលហេតុការណ៍គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៤ ខែកក្កដានេះ នៅចំណុចផ្លូវចូលប្រាសាទមាស ប្រាសាទប្រាក់ ស្ថិតនៅក្នុងភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
សេចក្តីរាយការណ៍បានបន្តថា អ្នករងគ្រោះទាំងអស់ត្រូវបានដឹងថា ទើបពីត្រឡប់មកពីហែទៀនវស្សានាវត្តមួយនាជើងភ្នំស្រង់ ក្រោយកើតហេតុសមត្ថកិច្ចបានចុះអន្តរាគមន៍ដោយបញ្ជូនអ្នករងរបួសទៅកាន់មន្ទីររពេទ្យភ្លាមៗផងដែរ ។ ចំណែកអ្នកបើកបរដោយឈ្មោះ ឯម សល់ អាយុ៣២ឆ្នាំ នៅភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បើករថយន្តម៉ាកហ៊ីយាន់ដាយ ពណ៌ស ពាក់ស្លាកលេខតាកែវ 3A-3441 ។
សមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសីបានអោយដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង គឺរថយន្តដាច់ហ្វ្រាំងក្រឡាប់ដោយខ្លួនឯង នៅចំណុចខាងលើ បន្ទាប់ពីជនរងគ្រោះទាំងអស់ត្រឡប់មកពីប្រារព្ធពិធីបុណ្យហែទៀនវស្សា នៅវត្តប្រសាទមាស ប្រាសាទប្រាក់ ក្នុងហេតុការណ៍នេះបណ្តាលឲ្យរបួសមនុស្ស ២៧នាក់ ស្រី២០នាក់ របួសធ្ងន់១៤នាក់ ស្រី១២នាក់ ស្រាល១៣នាក់ ។
ប្រភពបន្តថា ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅអន្តរាគមន៍បញ្ជូនជនរងគ្រោះទាំងអស់ទៅកាន់មន្ទីរពេទ្យបង្អែកស្រុក ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ ។ ករណីនេះ គឺជាគ្រោះថ្នាក់ដែលកើតឡើងដោយសារតែតៃកុងខ្វះការប្រុងប្រយ័ត្នមិនបានត្រួតពិនិត្យបច្ចេកទេសយានយន្ត អោយបានត្រឹមត្រូវទើបជួបហេតុការណ៍អាក្រក់នៅពេលបើកបរបែបនេះ ។ ក្នុងនោះផងដែរ សមត្ថកិច្ចសូមអំពាវនាវដល់តៃកុងរថយន្តទាំងអស់ បើសិនជាត្រូវបានជួលដឹកយាយតា មកធ្វើបុណ្យនៅវត្តនានានៅជើងភ្នំស្រង់នេះ សូមត្រួតពិនិត្យបច្ចេកទេសយានយន្តអោយបានត្រឹមត្រូវចៀសវាងជួបហេតុអកុលបែបនេះ ។
បន្ទាប់ពីបញ្ជូនអ្នករងរបួសទៅកាន់មន្ទីរពេទ្យ រួចសមត្ថកិច្ចបានបំពេញបែបបទនឹងនាំយករថយន្តទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំម្ចាស់មកបំពេញឯកសារទទួលយកទៅជួសជុលប្រើប្រាស់វិញ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]