ខេត្ត​បាត់ដំបង ៖ ផ្ទះ​បុរាណ​អាយុ​១០០​ឆ្នាំ នៅ​ក្រុង​បាត់ដំបង កំពុង​ពេញ​និយម​តាម​ភូមិ​ចាស់​ៗ​ដែល​បន្សល់​ផ្ទះ​ទុក​មក​ពី​សម័យ​ដើម ដែល​មាន​សាច់​សារ​លោហិត​ខ្សែស្រឡាយ​ពូជពង្ស​ពី​សម័យ​លោក​ម្ចាស់ ដែល​បាន​រក្សា​កេរ្តិ៍ឈ្មោះ និង​របៀប​រស់នៅ​មាន​តាម​បែប​បុរាណ​នៅឡើយ សំខាន់​ផ្នែក​ម្ហូបអាហារ បង្អែម​តាម​របៀប​ខ្មែរ និង​ផ្លែ​ដូងខ្ទិះ​មិនសូវ​មាន​អ្នក​ស្គាល់ ដែល​មាន​រស់ជាតិ​ឆ្ងាញ់​ជាងគេ​ក្នុង​តំបន់​នេះ ។

នៅ​ក្រុង​បាត់ដំបង​មានផ្ទះ​បុរាណ​ដ៏​ចំណាស់​សាងសង់​តាម​បែប​ផ្ទះប៉ិត និង​ផ្ទះ​កឹង​ដែល​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ឆ្នាំ​១៩២០ នៅ​ក្នុង​រជ្ជកាល​ព្រះបាទ​ស៊ី​សុវត្ថិ​ពោល គឺ​មាន​អាយុកាល ១០០​ឆ្នាំ​ហើយ​ដែល​នៅ​មាន​សល់​ប្រមាណ​ជាង​២០​ខ្នង តែ​បើក​ទទួល​ឲ្យ​ភ្ញៀវ​បាន​ចូល​មើល​ស្វែង​យល់​មាន​តែ​២​ខ្នង​ប៉ុណ្ណោះ មូលហេតុ​នៃ​ម្ចាស់ផ្ទះ​ផ្សេង​ទៀត​មិន​ព្រម​បើក ព្រោះតែ​ម្ចាស់ផ្ទះ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព ហើយ​មករ​វល់​តែ​ទទួលភ្ញៀវ​ដែល​ចំណូល​បន្ថែម​ទៀត​មិន​គ្រប់គ្រាន់​សម្រាប់​លើក​ស្ទួយ​ផ្នែក​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​ថែម​ទៀត ។

លោក​សម្បត្តិ វី​រៈ ត្រូវជា​ចៅទួត​ម្ចាស់ផ្ទះ​បុរាណ​ដែល​បាន​យល់ព្រម​បើក​នេះ​បាន​បញ្ជាក់​ថា ដោយ​មាន​ទឹកចិត្ត​ចេញពី​បេះដូង ចង់​រក្សា​កេរ្តិ៍​តំណែល​ពី​ចាស់​បុរាណ និង​ជាប់​ខ្សែស្រឡាយ​ចង់​រក្សា​វប្បធម៌​ខ្មែរ បង្ហាញ​ឲ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង និង​ពិភពលោក​កំពុង​ត្រូវការ​ស្វែង​យល់​ផង​នោះ​បាន​យល់ព្រម​តាម​ការ​រៀបចំ​ពី​មន្ទីរ​-​ក្រសួង​វប្បធម៌ និង​ទេសចរណ៍ ក្រោម​ការ​សម្របសម្រួល​ពី​អង្គការ​យូ​ណេ​ស្កូ​ផង ប្រមាណ​ជាង​១០​ឆ្នាំ​មក​ហើយ ដោយ​បាន​ជួយ​ជំរុញ​ក្នុង​ឆ្នាំ​២០០៥-២០០៦ ឲ្យ​មាន​រទេះគោ​បែប​បុរាណ សម្រាប់​ជូន​ភ្ញៀវ​ជិះ​ទស្សនា​ក្នុងភូមិ​ផង​នោះ ត្រូវ​បាន​អាក់​ខានទៅ​វិញ ព្រោះ​បន្ទុក​លំបាក​ជីវភាព​អ្នក​ផ្សេង​ៗ​ទៀត មិន​គ្រប់គ្រាន់​ជួប​ការ​លំបាក​ដូច​គ្នា ។

លោក​បាន​បន្ត​ថា ផ្ទះ​នេះ​ជា​ប្រភេទ​ផ្ទះប៉ិត​ត្រូវ​បាន​សាងសង់​ដោយ​ឧកញ៉ា នូ ពិនិត្យ ភឹង និង​លោកស្រី យិ​ន ដែល​ជា​ភរិយា​សម័យ​នោះ​គាត់​ជា​មេទ័ព លុះ​ពេល​ចាស់​បន្តិច​បាន​ប្តូរ​មក​ធ្វើការ​ជា​ស្មាក្តី​វិញ ដែល​មានកូន​៧​នាក់ (​ប្រុ​១ ស្រី​៦) ក្រោយ​ពី​លោក​ទទួលអនិច្ចកម្ម​ទៅ​ផ្ទះ​នេះ​គ្រប់គ្រង​ដោយ​កូនស្រី​ទី​៦ ឈ្មោះ​អ្នកស្រី នូ ភុ​ន មាន​ស្វាមី​ឈ្មោះ ប៊ុ​ន ឈួ​យ ដែល​ជា​ឪពុក​ម្តាយ​ម្ចាស់ផ្ទះ​បន្ត​លោកយាយ ប៊ុ​ន រឿង និង​បាន​ស្លាប់​ក្នុង​ជំនាន់​ប៉ុ​ល ពត អស់សាច់​សារ​លោហិត​បងប្អូន​ប្រមាណ​ជាង​១០០​នាក់​ទើប​សព្វ​ថ្ងៃនេះ លោក​ជា​ចៅទួត កំពុង​រស់នៅ​ថែរក្សា​ជា​រៀងរាល់ថ្ងៃ ហើយ​ក្នុង​សម័យកាល​គ្រប់គ្រង​មាន​៣​ជំនាន់​មក​ហើយ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​វត្ត​គរ សង្កាត់​វត្ត​គរ ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ ភាគ​ខាងត្បូង​ក្រុង​បាត់ដំបង ។

លោក​បន្ត​ទៀត​ថា ក្នុង​សម័យ​កាលនោះ​ការ​កសាង​ដោយ​យក​លំនាំ​ម៉ូត​តាម​ផ្ទះប៉ិត​ដែល​មាន​ន័យ​ថា មាន​ហោណាំង ឬ​រានហាល​នៅ​ខាង​មុខ​ផ្ទះ​បុរាណ​នេះ​មាន​ណ្តោ​យ​២៩​ម៉ែត្រ ទទឹង ១០,៥​ម៉ែត្រ និង​សង់​លើ​ដី​ទំហំ​៥៤៥០​ម៉ែត្រការ៉េ ដោយ​មាន​ជណ្តើរ​ពីរ ហើយ​ខាង​មុខ​ធ្វើ​ពី​ថ្ម​សម្រាប់​ម្ចាស់ផ្ទះ និង​ជណ្តើរ​ខាងក្រោយ​ធ្វើ​ពី​ឈើ​សម្រាប់​បាវ បំរើ ចុងភៅ​ក្នុងផ្ទះ​ឡើង​ចុះ ហើយ​មាន​ដំបូល​ប្រក់​ក្បឿងស្រកានាគ​បុរាណ​ដោយ​មាន​ក្បូរក្បាច់​យ៉ាង​ប្រណីត នៅ​លើ​ព្រំផ្ទះ ប៉ុន្តែ​ខាងក្នុង​គ្មាន​ពិ​ដាន​ទេ ចំណែក​ឈើ​ផ្នែក​ខាងលើ​ធ្វើ​ពី​ឈើ​ផ្ចឹក ក្តារក្រាល​ខាងក្នុង​ធ្វើ​ពី​ឈើ​បេង ក្តារក្រាល​រានហាល​ធ្វើ​ពី​ឈើ​កកោះ ដោយឡែក​ជញ្ជាំង​វិញ គឺ​ធ្វើ​ពី​ឫស្សី​ត្បាញ​បូក​ជាមួយ​បាយអ ឯ​សសរ​ទាំង​៣៦ សុទ្ធតែ​ធ្វើ​ពី​ឈើ​ផ្ចឹក ដែល​មាន​ភាពរឹងមាំ​រហូត​មក​ដល់​បច្ចុប្បន្ន ។

ផ្ទះ​បុរាណ​នេះ​ចែក​ចេញ​ជា​៣​ផ្នែក ទី​១ រានហាល​ខាង​មុខ និង​ចំហៀង​ទី​២ ចំ​កណ្តាល​ផ្ទះ​មាន​បន្ទប់ទទួលភ្ញៀវ​ដ៏​ធំ​មួយ​នៅ​ខាងឆ្វេង​ដៃ​ផ្នែក​ខាងក្រោយ​នៃ​បន្ទប់ទទួលភ្ញៀវ​មាន​ទ្វារ​មួយ​នាំ​ទៅ​កាន់​បន្ទប់​គេង​ពីរ និង​ទី​៣ មុន​បន្ទប់​គេង​២ មាន​ទ្វារ​មួយទៀត​នាំ​ទៅ​កាន់​រានហាល​ចំហៀង និង​ជណ្តើ​ធ្វើ​ពី​ឈើ​ភ្ជាប់​ទៅ​ផ្ទះបាយ​នៅ​ខាងក្រោយ​ចម្ងាយ​៥​ម៉ែត្រ ។ នៅ​សម័យ​ខ្មែរក្រហម ផ្ទះប៉ិត​នេះ​បាន​ក្លាយជា​កន្លែង​បោក​ស្រូវ ដាក់​សម្ភារៈ​ធ្ងន់​ៗ និង​ធ្វើ​ជា​ផ្ទះបាយ​រួម​ដែល​ធ្វើ​ឲ្យ​ខូចខាត​អស់​ពាក់កណ្តាល​នៅ​ផ្នែក​ខាងក្រោយ​ដែល​ជា​ផ្ទះបាយ​បច្ចុប្បន្ន រីឯ​វត្ថុ​ប្រើប្រាស់​ដែល​ខ្មែរ​បុរាណ​ប្រើ​ប្រចាំ​ថ្ងៃ នៅ​បន្សល់​ទុក​រាយ​ប៉ាយ​លើ​ផ្ទះ​បុរាណ​នៅ​ខេត្តបាត់ដំបង​នេះ ។

លោក​គឹ​ម សោភ័ណ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្តបាត់ដំបង​បាន​ថ្លែង​ថា យើង​កំពុង​តែ​រៀបចំ​បន្ថែម​ទៀត​ជាមួយ​សាលាក្រុង​បាត់ដំបង​ដែល​មាននៅ​សល់​ផ្ទះ​បុរាណ​ប្រមាណ​៨០០​ខ្នង​ទៀត រួម​ទាំង​ផ្ទះ​នៅ​តាម​ភូមិ និង​នៅ​កណ្តាល​ផ្សារ​មាន​អាយុ ពី​៨០​ឆ្នាំ ទៅ​១៥០​ឆ្នាំ តាម​បែប​សម័យ​អង់គ្លេស បារាំង និង​សៀម ពីព្រោះ​បច្ចុប្បន្ន​នេះ​ផ្ទះ​បុរាណ​ទាំងនេះ​បាន​ក្លាយជា​កន្លែង​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាង​ពេញ​និយម​សម្រាប់​អ្នក​ចូល​ចិត្ត​ស្វែង​យល់​ពី​ការ​រស់នៅ​របស់​មនុស្ស​ជំនាន់​មុន ហើយ​កំណើន​អ្នក​ទេសចរណ៍​បាន​បង្កើត​ឲ្យ​មាន​សេវាកម្ម និង​ការ​លក់ដូរ​ផលិតផល​កែ​ឆ្នៃ​ផ្សេង​ៗ​សម្រាប់​ជួយ​ទ្រទ្រង់​កុមារ​កំព្រា​ដូច​ជា វត្ថុ​អនុស្សាវរីយ៍​ជាដើម​ដែល​បាន​បន្ត​ជួយ​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]