អង់គ្លេស៖ បើតាមកាសែតដ៏ល្បីរបស់អង់គ្លេស Daily Mail បានចុះផ្សាយថា ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal កំពុងតែចាប់អារម្មណ៍ក្នុងការចង់បានខ្សែការពារកណ្ដាលរបស់ Benfica ម្នាក់គឺកីឡាករ Ruben Dias ដើម្បីមកជំនួសកន្លែងរបស់ប្រធានក្រុម Laurent Koscielny បន្ទាប់ពីអតីតជម្រើសជាតិបារាំងរូបនេះ មិនចូលរួមជាមួយក្លិបក្នុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មី (Pre-Season) នៅសហរដ្ឋអាមេរិក។ 

កីឡាករ Ruben Dias

Koscielny បាននិយាយថាកំពុងតែស្ថិតនៅក្នុងការតាមប្រមាញ់ របស់ក្លិបធំមួយនៅក្របខណ្ឌលីគកំពូលរបស់បារាំង Ligue 1 ហើយរូបគេផ្ទាល់ក៏អាចនឹងចាកចេញពីកីឡដ្ឋាន Emirate Stadium ក្នុងអំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅលើកនេះផងដែរ។ 

កីឡាករ Koscielny

ពេលនេះអ្វីដែលជាបញ្ហារបស់ Arsenal នោះគឺក្លិបបានកំណត់ការចំណាយត្រឹមតែ ៤៥លានផោនប៉ុណ្ណោះ ដែលនេះមិនគ្រប់គ្រាន់សម្រាប់អ្នកចាត់ការទូទៅលោក Unai Emery ដែលមានគម្រោងក្នុងការពង្រឹងបន្ថែមទៅលើតំបន់បម្រើ និងការពារ។ 

លោក Unai Emery

ងាកមកមើលកីឡាករ Ruben Dias វិញ គេគឺជាកីឡាករជម្រើសជាតិព័រទុយហ្គាល់មួយរូប និងជាកីឡាករមួយរូបដែលបានបង្ហាញទម្រង់បានយ៉ាងល្អជាមួយ Benfica កាលពីរដូវកាលមុន ដោយបានចូលបង្ហាញខ្លួននៅលើទីលានបានចំនួន ៥៥ប្រកួត រកគ្រាប់បាល់បាន ៤គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន ៣ដង ក្នុងនាមជាខ្សែការពារ។ 

កីឡាករ Ruben Dias

គួរបញ្ជាក់ផងដែរថា ខ្សែការពារវ័យ ២២ឆ្នាំ Ruben Dias មានតម្លៃខ្លួន ៥៧លានផោន ក្នុងការទិញផ្ដាច់កុងត្រាពីក្លិបជើងឯកលីគកំពូលព័រទុយហ្គាល់ ប៉ុន្តែក្លិបមានមូលដ្ឋាននៅទីក្រុងឡុងដ៍សង្ឃឹមថា តម្លៃនេះអាចនឹងមានការធ្លាក់ចុះខ្លះ នេះបើតាមប្រភពដែលទទួលបានចុងក្រោយបង្អស់៕

ប្រភព៖ Fox Sport Asia 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]