បច្ចុប្បន្ន សង្កេត​ឃើញថា គ្នា​យើង​ភាគ​ច្រើន មិន​ថា​ស្រី មិន​ថា​ប្រុស មិន​ថា​ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​លើស​កូលេស្តេរ៉ូល ហើយកត្តា​បង្ក​គឺ​មាន​ច្រើន ពិសេសទម្លាប់​​រស់​នៅ​ប្រចាំ​ថ្ងៃ មិន​ហាត់​ប្រាណ ញ៉ាំ​អាហារ​មិន​ល្អជាដើម។

ដឹង​អត់? លើស​កូលេស្តេរ៉ូល អាច​នាំ​ឲ្យ​អត្រា​កើត​ជំងឺ​បេះដូង​ខ្ពស់ ហេតុ​នេះ​ត្រូវ​ចេះ​បង្ការ និង​កាត់​បញ្ហា​ជាតិ​កូលេស្តេរ៉ូល ដោយ​តម​ញ៉ាំ​សាច់ ងាក​មក​រកអាហារ​បួស​វិញ​ប្រសើរ​ជាង មិន​ត្រឹម​តែ​ជួយ​ឲ្យ​ជាតិ​ខ្លាញ់​ថយ​ចុះ​ទេ គ្នា​យើង​មាន​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន​ក៏​អាច​ធូរ​ស្រាល​ផងដែរ។ ប៉ុន្តែ​ញ៉ាំ​អាហារ​បួស​ត្រូវ​តែ​​ប្រាកដ​ថា មាន​ជីវជាតិ​ចិញ្ចឹម​គ្រប់​គ្រាន់ដូចជា៖

១- អាហារបួស

ញ៉ាំ​អាហារ​បួស គប្បី​ត្រូវ​ជ្រើស​រើស​​អាហារ​ណាមាន​សារធាតុ​ចិញ្ចឹម​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ប្រាកដ​ថា​របប​អាហារ​បួស​ ​មាន​សុខ​ភាព​ល្អ ព្រោះ​បើ​អាហារ​មិន​មាន​ជីវជាតិ​បំប៉ន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​មិន​អាច​ជួយ​យើង​ មាន​សុខភាព​ល្អ​នោះទេ ថែម​ទាំង​ធ្វើ​ឲ្យ​រាងកាយ​ខ្វះ​សារធាតុ​ចិញ្ចឹម បង្ក​ជា​បញ្ហា​សុខភាព​ជាច្រើន​ទៀត។

២- ប្រូតេអ៊ីន

ដឹង​ហើយ​ថា ប្រូតេអ៊ីន ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​​ទ្រទ្រង់​រាងកាយ​​ប្រចាំ​ថ្ងៃ យ៉ាង​ណា​ យើង​នៅ​តែ​អាច​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​អាហារ​បួស ដូច​ជា សណ្តែក​សៀង គ្រាប់​សណ្តែក សណ្តែក​ហោឡាំងតាវ (Peas) និង​គ្រាប់​ធញ្ញជាតិ​ផ្សេង​ទៀត ព្រោះ​សុទ្ធ​តែ​សម្បូរ​ប្រូតេអ៊ីន។ ស្រូវ​សាឡី គ្រាប់​បន្លែ​ពូជ គ្រាប់​ផ្លែ​ឈើ​មួយ​ចំនួន (Nuts) និង​បន្លែ​ផ្សេង​ទៀត ក៏​មាន​ផ្ទុក​ប្រូតេអ៊ីន​ច្រើន​ដូច​គ្នា។

៣- ជាតិ​ស័ង្កសី

ជាតិ​ស័ង្កសី មាន​នាទី​សំខាន់​ក្នុង​ការ​ផ្គត់ផ្គង់ ក៏​ដូចជា​ជួយ​ឲ្យ​កោសិកា​ក្នុង​រាងកាយ​យើង​ធំធាត់។ មិន​តែ​ប៉ុណ្ណោះ សារធាតុ​ស័ង្កសី ត្រូវគេ​រក​ឃើញ​ថា អាច​ជួយ​បង្កើត​ជាង ១០០ អង់ហ្ស៊ីម​ផ្សេងៗ​គ្នា ដែល​មាន​នាទី​សំខាន់ ធ្វើ​មេតាបូលីស​ផ្សេងៗ​នៅ​ក្នុង​រាងកាយយើង ថែម​ទាំង​អាច​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ទៀតផង។ សារធាតុ​ស័ង្កសី​នេះ មាន​សម្បូរ​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ ស្រូវ​សាឡី គ្រាប់​បន្លែ និង​ខ្ទឹម​ស។

៤- ជាតិ​ដែក

ជាតិ​ដែក ជា​សារធាតុ​រ៉ែ​សំខាន់​មួយ មាន​នាទី​​​ជួយ​ដឹក​នាំ​យក​អុកស៊ីហ្សែន ទៅ​ចិញ្ចឹម​រាងកាយ​ទាំង​មូល។ ពិតណាស់ កង្វះ​សារធាតុ​សំខាន់​នេះ អាច​នាំ​ឲ្យ​យើង​មាន​ជំងឺ​ខ្វះ​គ្រាប់​ឈាម ជំងឺ​ស្លេក​ស្លាំង។ យ៉ាង​ណា​មិញ ទោះ​បី​ជា​ជាតិ​ដែក​​​ភាគ​ច្រើន​សម្បូរ​​​​ក្នុង​ផលិតផល​សាច់​សត្វ​ក៏​ដោយ មិន​ប្រាកដ​ថា គ្នា​យើង​ញ៉ាំ​អាហារ​បួស​​ប្រឈម​បញ្ហា​ខ្វះ​ជាតិ​ដែក និង​ជំងឺ​ខ្វះ​គ្រាប់​ឈាម​នោះ​ទេ។ បន្លែ​ផ្លែឈើ​ជា​ច្រើន​ ដូច​ជា ផ្លែ​ឈើ​ក្រៀម (ផ្លែ​ប៉េស ផ្លែ​ព្រីង ផ្លែ​ព្រូន ផ្លែ​សារី) បន្លែ​ពណ៌​បៃតង​ចាស់ ស្ពៃ​ពួយ​ឡេង ស្ពៃ​ស ឆៃថាវ បឺរសណ្តែក (Butter Beans) សណ្តែក​ហោឡាំងតាវ​សំប៉ែត ផ្លែ​បេរី (Raspberries, Elderberries) សុទ្ធ​តែ​សម្បូរ​ជាតិ​ដែក។

៥- វីតាមីន B12

គ្នាយើង​ញ៉ាំ​អាហារ​បួស​ភាគ​ច្រើន មាន​បញ្ហា​ខ្វះ​ជាតិ​វីតាមីន B12 ធ្វើ​ឲ្យ​ប្រឈម​ជំងឺ​បេះដូង​មួយ​ចំនួន។ ហេតុនេះ គប្បី​ញ៉ាំ​អាហារ​មាន​ផ្ទុក​វីតាមីន B12 ឲ្យ​បាន​គ្រប់គ្រាន់ ដូចជា សារាយ​សមុទ្រ និង​ផលិត​ផល​មាន​ផ្ទុក​វីតាមីន B12 ដូចជា ទឹក​ដោះគោ និង​សណ្តែក​សៀង​ជាដើម។

៦- គួរ​ចម្អិន​បែប​ណា?

ទោះ​បីជា​អាហារ​បួស​មិន​សូវ​មាន​ផ្ទុក​នូវ​ពពួក​ខ្លាញ់​ឆ្អែត (ខ្លាញ់​មិន​ល្អ) ដូច​ជា​អាហារ​ប្រភេទ​សាច់ក៏​ដោយ គប្បី​ចម្អិន​ឲ្យ​បាន​ត្រឹមត្រូវ តាម​ក្បូនខ្នាត​ ដើម្បី​ចៀសវាង ការ​កើន​ឡើង​កម្រិត​កូលេស្តេរ៉ូល​តាម​រយៈ​ការ​ចម្អិត​មិន​ត្រឹមត្រូវ​ណា​មួយ។ គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​នេះ​ អាច​ជួយ​យើង​កាត់​បន្ថយ​ការ​កើន​ឡើង​កូលេស្តេរ៉ូល​អំឡុង​ពេល​ចម្អិន​អាហារ​បួស។
– ចៀសវាង​ការ​ប្រើខ្លាញ់ ឬ​ក៏​ប្រេង​មិន​ល្អ (Trans fats)
– ចៀស​វាង​ការ​ប្រើ​ខ្លាញ់​ឆ្អែត (Saturated fats) ខ្លាញ់​ចម្រាញ់​ចេញ​ពី​សាច់​សត្វ
– ព្យាយាម​ប្រើ​ប្រាស់​ប្រេង ឬ​ក៏​ខ្លាញ់​​ល្អ​សំរាប់​សុខភាព​បេះដូង ដូច​ជា​ប្រេង​អូ​លីវ
– ព្យាយាម​ចម្អិន​ដោយ​ប្រើ​ខ្លាញ់​តិច​បំផុត​តាម​អាច​ធ្វើ​ទៅ​បាន។

ក្នុង​ករណី​មាន​សំនួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]