ហូជីមិញ៖ ក្រុមហ៊ុន Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតនៅអាស៊ី នៅឯពិធីប្រគល់រង្វាន់ «ទស្សនាវដ្តី HR Asia - ក្រុមហ៊ុនដែលគួរឱ្យចង់ធ្វើការជាមួយបំផុតក្នុងតំបន់អាស៊ីប្រចាំឆ្នាំ 2019» ដែលរៀបចំឡើងដោយទស្សនាវដ្ដីផ្នែកធនធានមនុស្សឈានមុខគេក្នុងតំបន់អាស៊ីឈ្មោះថា HR Asia នៅទីក្រុងហូជីមិញ។

ពានរង្វាន់ HR Asia គឺជាពានរង្វាន់ដ៏មានកិត្យានុភាពមួយ ដែលវាយតម្លៃ និងទទួលស្គាល់ក្រុមហ៊ុនដែលមានបរិយាកាសការងារដ៏ល្អអស្ចារ្យនៅទូទាំងទ្វីបអាស៊ី។ កម្មវិធីពានរង្វាន់នេះត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំក្នុងបណ្ដាប្រទេសក្នុងតំបន់អាស៊ីជាច្រើនដូចជា ហុងកុង សិង្ហបុរី ចិន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងតៃវ៉ាន់។

ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់

ក្រុមហ៊ុនដ៏ទៃទៀតនៅក្នុងទីក្រុងហូជីមិញ ដូចជា ក្រុមហ៊ុន HDBank និង ក្រុមហ៊ុន Sun Group ក៏ទទួលបានពានរង្វាន់នេះផងដែរ។ ដើម្បីជ្រើសរើសក្រុមហ៊ុនវៀតណាម ដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពប្រចាំតំបន់មួយនេះ ទស្សនាវដ្ដី HR Asia បានប្រើប្រាស់ការស្ទង់មតិដ៏ស៊ីជម្រៅជាច្រើន ស្ដីអំពីនាយកប្រតិបត្តិជាន់ខ្ពស់ក៏ដូចជានាយកផ្នែកធនធានមនុស្សជាច្រើននាក់ នៅតាមបណ្ដាក្រុមហ៊ុនវៀតណាមឈានមុខទាំងឡាយ ដោយគេបានវាយតម្លៃទៅលើគោលការណ៍ វិធីជ្រើសរើសបុគ្គលិក ព្រមទាំងផែនការយុទ្ធសាស្ត្រផ្សេងៗដែលពាក់ព័ន្ធនឹងផ្នែកធនធានមនុស្ស។

លោក Luu Duc Khanh នាយកផ្នែកគ្រប់គ្រង ក្រុមហ៊ុន Vietjet បាននិយាយអំពីពានរង្វាន់នេះថា៖ 

«ទ្រព្យសម្បត្តិដ៏អស្ចារ្យបំផុតរបស់ក្រុមហ៊ុនយើង គឺបុគ្គលិករបស់យើង ដូច្នេះហើយទើបបានជាយើងមានមោទនភាពយ៉ាងខ្លាំងដែលបានបង្កើតបរិយាកាសការងារ និងវប្បធម៌មួយដែលជម្រុញឆ្ពោះទៅរកភាពជោគជ័យ។ ក្រុមហ៊ុន Vietjet អាចជោគជ័យទៅបាន ក៏ដោយសារតែមានការចូលរួមពីការបំពេញការងាររបស់បុគ្គលិកម្នាក់ៗ និងស្មារតីធ្វើការជាក្រុម ហើយលក្ខណៈពិសេសនៃពានរង្វាន់នេះ គឺនៅត្រង់ថាការវាយតម្លៃនេះ គឺផ្អែកទៅលើការវាយតម្លៃរបស់បុគ្គលិកមកលើក្រុមហ៊ុនតែម្ដង។ យើងនឹងបន្តប្ដេជ្ញាវិនិយោគលើសុខុមាលភាព និងការចូលរួមរបស់បុគ្គលិក ដើម្បីធានាឱ្យបានភាពជោគជ័យបន្ថែមទៀត»។
ក្រុមហ៊ុន Vietjet ឈ្នះពានរង្វាន់

ក្រៅពីបានធ្វើឱ្យមាន “បដិវត្ដន៍” ក្នុងវិស័យអាកាសចរណ៍តាមរយៈការជួយឱ្យមនុស្សរាប់លាននាក់ទាំងនៅអាស៊ីនិងទូទាំងពិភពលោក អាចមានឱកាសធ្វើដំណើរតាមយន្ដហោះទៅ ក្រុមហ៊ុនអាកាសចរណ៍ Vietjet ដ៏ទំនើបទាន់សម័យមួយនេះ ក៏បានផ្ដល់ឱកាសរាប់មិនអស់ជូនដល់បុគ្គលិករបស់ខ្លួន តាមរយៈការបង្កើតបរិយាកាសការងារដ៏ល្អ ការផ្ដល់អត្ថប្រយោជន៍ផ្សេងៗ ក៏ដូចជាការរៀបចំគោលការណ៍ផ្នែកធនធានមនុស្សដ៏ល្អផងដែរ។

ក្រុមហ៊ុន Vietjet បានឈ្នះរង្វាន់និយោជកដ៏ល្អបំផុតនៅក្នុងតំបន់អាស៊ីអស់រយៈពេលជាច្រើនឆ្នាំជាប់ៗគ្នាមកហើយ ហើយក៏ត្រូវបានទទួលស្គាល់ដោយទស្សនាវដ្ដី Air Finance Journal ថាជាក្រុមហ៊ុនអាកាសចរណ៍ឆ្នើមមួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍កំពូលទាំង ៥០ នៅទូទាំងពិភពលោក លើផ្នែកគ្រប់គ្រងហិរញ្ញវត្ថុនិងប្រតិបត្តិការ។ ក្រុមហ៊ុននេះ ក៏ទទួលបានពានរង្វាន់ថ្នាក់ជាតិ និងអន្តរជាតិជាច្រើនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]