រាជធានីភ្នំពេញ ៖ បុរសជាជនជាតិចិនម្នាក់ស្រវឹងស្រាបើករថយន្តឡិចស៊ីស RX300 ហើយមានដឹកនារីជាគូស្នេហ៍ផង ត្រូវបានរថភ្លើងបុកពេញទំហឹង ខណៈពេលដែលរថភ្លើងបើកឆ្លងកាត់ផ្លូវសាធារណៈ ដោយមិនបានទាញបារ៉ាសបិទផ្លូវ។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ ត្រង់ចំណុចក្បែរខារ៉ាអូខេយីហោ យល់ចិត្ត ស្ថិតតាមបណ្ដោយផ្លូវហាណូយកែងផ្លូវរថភ្លើង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថភ្លើងមួយគ្រឿង លេខBde410 ពណ៌ក្រហមឆ្នូតខៀវ បើកសណ្តោងក្បាលម៉ាស៊ីនរថភ្លើងមួយគ្រឿងទៀត លេខ66 35 ដែលបានខូច ហើយធ្វើដំណើរចេញមកពីទិសខាងលិចឆ្ពោះទៅទិសខាងកើត ក្នុងគោលបំណងបើកឆ្ពោះចូលទៅក្នុងស្ថានីយរថភ្លើងភ្នំពេញដើម្បីធ្វើការជួសជុល។
លុះមកដល់ចំណុចកើតហេតុ រថភ្លើងបានបើកឆ្លងកាត់ផ្លូវហាណូយ ដោយពុំមានអ្នកទាញបារ៉ាសបិទផ្លូវដើម្បីបញ្ឈប់ចរាចរណ៍ឱ្យបានត្រឹមត្រូវនោះទេ គឺមានតែបុរសម្នាក់ដែលឈរកាន់ភ្លើងពិលធ្វើជាសញ្ញាដើម្បីបញ្ឈប់យានយន្តដែលកំពុងធ្វើចរាចរណ៍តែប៉ុណ្ណោះ។
តាមប្រភពដដែលបានបន្តថា ពេលនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីសRX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2T-4519 បើកបរដោយបុរសជាជនជាតិចិនម្នាក់ និងមាននារីជាជនជាតិខ្មែរចំនួន២នាក់ជាអ្នករួមដំណើរជាមួយ ដោយបើកបរក្នុងស្ថានភាពស្រវឹងតាមបណ្ដោយផ្លូវហាណូយ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនលឿន។ បន្ទាប់មករថយន្តខាងលើក៏បានបើកឆ្លងកាត់ផ្លូវរថភ្លើងត្រង់ចំណុចកើតហេតុ ក៏ត្រូវរថភ្លើងបុកចំទ្វារក្រោយខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តក្រពឹតរងការខូចខាតយ៉ាងដំណំ តែមិនបង្កឲ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ។
ក្រោយមកភាគីទាំងសងខាងក៏បានជជែកយកខុសយកត្រូវរៀងៗខ្លួន ដោយភាគីខាងរថយន្តបានអះអាងថា នោះជាកំហុសរបស់រថភ្លើងដែលបើកឆ្លងកាត់ផ្លូវ ដោយមិនបានទាញបារ៉ាសបិទផ្លូវជាមុនដើម្បីឲ្យដឹងថា មានរថភ្លើងបើកឆ្លងកាត់។ ដោយឡែកភាគីខាងរថភ្លើងក៏បានអះអាងផងដែរថា ខណៈពេលដែលរថភ្លើងបើកឆ្លងកាត់មកដល់ចំណុចកើតហេតុខាងលើ គឺបានស៊ីផ្លេ និងមានអ្នកឈរសម្រួលចរាចរណ៍ត្រឹមត្រូវ ទោះបីជាមិនបានទាញបារ៉ាសបិទផ្លូវក៏ដោយ។ ខណៈនោះដែរក៏មានយានយន្តដែលធ្វើចរាចរណ៍លើដងផ្លូវខាងលើបានឈប់ ឲ្យរថភ្លើងបើកឆ្លងកាត់ផងដែរ ប៉ុន្តែដោយរថយន្តឡិចស៊ីសខាងលើបើកលឿនព្យាយាមវ៉ាជែង មិនព្រមឈប់តាមគេឯង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍ដល់កន្លែងកើតហេតុ ដោយភាគីខាងរថយន្តមិនចង់មានរឿងរ៉ាវវែងឆ្ងាយក៏សូមយករថយន្តទៅជួសជុលខ្លួនឯងដោយមិនបានទាមទារសំណងអ្វីពីខាងភាគីរថភ្លើងនោះទេ ប៉ុន្ដែភាគីខាងរថភ្លើងមិនបានយល់ព្រមឡើយ ដោយទាមទារឲ្យសមត្ថកិច្ចជំនាញយករថយន្តទៅរក្សាទុក បន្ទាប់មកសមត្ថកិច្ចក៏បានរាយការណ៍ជូនសមត្ថកិច្ចជំនាញអោយចុះមកធ្វើការវាស់វែងស្ទូចយករថយន្តខាងលើទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ជាបន្តទៀតនៅពេលក្រោយ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]