ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី អាចនឹងប្រឈមការវាយប្រហារពីរលកយក្សស៊ូណាមិ ក្រោយកើតមានគ្រោះរញ្ជួយដីកម្រិតខ្លាំង ៦,៩រ៉ិចទ័រ កាលពីយប់ថ្ងៃអាទិត្យ ទី៧ កក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ។

បើយោងតាមប្រភពសារព័ត៌មាន បានរាយការណ៍ឲ្យដឹងថា រញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រនេះ បានវាយប្រហារក្នុងជម្រៅ ២៤គីឡូម៉ែត្រក្នុងសមុទ្រ Molucca ដែលស្ថិតនៅចន្លោះកោះ Maluku និង Sulawesi (ទីក្រុង Manado និង Ternate) ជាមួយនឹងកម្លាំងរលកបោកបក់វាយប្រហារកម្ពស់ប្រហែលជាងកន្លះម៉ែត្រ។

គ្រោះធម្មជាតិដ៏គួរឲ្យភ័យខ្លាចនេះ ក៏បានធ្វើឲ្យប្រជាជនជាច្រើនដែលរស់នៅក្នុងទីក្រុង Ternate មានការភ័យតក់ស្លុតយ៉ាងខ្លាំង និងបានរត់ជម្លៀសខ្លួនចេញ ដើម្បីរកទីទួលសុវត្ថិភាពផងដែរ។

ប្រជាជនត្រូវបានជម្លៀសមករកទីតួមានសុវត្ថិភាព

អ្នកស្រុកម្នាក់ឈ្មោះ Budi Nurgianto បាននិយាយថា «ខ្ញុំកំពុងតែរៀបនឹងគេង នៅពេលនោះក៏ស្រាប់តែបង្អួចផ្ទះរបស់ខ្ញុំ ចាប់ផ្តើមរង្គោះរង្គើតែម្តង។ វាពិតជាកម្លាំងមួយដ៏ខ្លាំងណាស់! ខ្ញុំក៏បានរត់ចេញពីផ្ទះ ហើយអ្នកជិតខាងខ្ញុំជាច្រើនផ្សេងទៀត ក៏បានរត់ភៀសខ្លួនផងដែរ ដើម្បីរកកន្លែងមានសុវត្ថិភាព»

គួរឲ្យដឹងថា មិនមានរបាយការណ៍ណាមួយ បង្ហាញអំពីការខូចខាតធំៗ ឬការបាត់បង់ជីវិតនៅឡើយនោះទេ។ ខណៈដែលការប្រកាសន្នថា អាចនឹងកើតមានរលកយក្សស៊ូណាមិ គឺនៅតែបន្តធ្វើឡើង និងបានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្នផងដែរ។

រញ្ជួយដីនៅឥណ្ឌូនេស៊ី

គួររម្លឹកផងដែរថា ប្រទេសឥណ្ឌូនេស៊ី ដែលស្ថិតនៅក្នុងប្រជុំកោះដ៏ធំ មានចំនួនប្រជាជនប្រមាណ ២៦០លាននាក់នេះ ជាញឹកញាប់តែងតែទទួលរងការវាយប្រហារពីគ្រោះធម្មជាតិរួមមាន រញ្ជួយដី បំផ្ទុះភ្នំភ្លើង និងរលកយក្សស៊ូណាមិជាដើម។ នេះក៏ដោយសារតែ ប្រទេសឥណ្ឌូនេស៊ី ស្ថិតនៅក្នុងខ្សែតំបន់ដែលហៅថា «Ring Of Fire» នៃមហាសមុទ្រប៉ាស៊ីហ្វិច ដែលសកម្មភាពច្រើននូវគ្រោះធម្មជាតិទាំងនេះ។

ជាក់ស្តែង កាលពីឆ្នាំមុន រញ្ជួយដីកម្រិត ៧,៥រ៉ិចទ័រ និងបង្កើតឲ្យមានរលក្សស៊ូណាមិនោះ ក៏បានវាយប្រហារទីក្រុង Palu កោះ Sulawesi រហូតសម្លាប់មនុស្សអស់ប្រមាណជាង ២,២០០នាក់ ខណៈដែលមនុស្សជាច្រើនពាន់នាក់ផ្សេងទៀតបានបាត់ខ្លួនផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]